"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ប្រាក់ ថា៖ អតីតយោធាខ្មែរក្រហម

ប្រាក់ ថា ភេទប្រុស អាយុ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្រាក់ ថា សព្វថ្ងៃរស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រាក់ ថា​ រំឭកអំពីប្រវិត្តិតស៊ូរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមថា ខ្ញុំគឺជាកូនកំព្រា ព្រោះឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីខ្ញុំនៅកុមារ។ ខ្ញុំមានបងប្អូនបង្កើតចំនួន២នាក់ ប៉ុន្តែបងរបស់ខ្ញុំស្លាប់បាត់បង់ជីវិតទៅហើយ។ សព្វថ្ងៃនេះខ្ញុំគ្មានបងប្អូនឬកូនចៅទេ។ កាលពីជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំដើរធ្វើការតាមឡានដុតឧសធ្វើដំណើរពីស្រុកស្វាយ​ទាបទៅក្រុងកំពង់ចាម។ ជំនាន់នោះ ប្រជាជនមិនហ៊ានសង់​ផ្ទះនៅជាប់ផ្លូវជាតិទេ ព្រោះហុយផ្សែងចេញពីឡានដុតឧស។ កាលពីក្មេងខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គម។ បន្ទាប់​ពីខ្ញុំឈប់រៀនក្នុងឆ្នាំ១៩៦១ ខ្ញុំសម្រេចចិត្តទៅបួសរៀននៅវត្តតាំងគោក។ ខ្ញុំបានបួសជាព្រះសង្ឃរយៈពេល៦ឆ្នាំ។ កាលនោះខ្ញុំសិក្សារៀនសូត្រភាសាបាលី ព្រះធម៌ និងបង្រៀនសិស្សក្មេងៗបន្តទៀត។ រហូតដល់ឆ្នាំ១៩៦៨ នៅក្នុងស្រុកភូមិរបស់ខ្ញុំចាប់ផ្ដើមកេណ្ឌប្រជាជនទៅធ្វើជាកងទ័ពរំដោះខ្មែរក្រហម។ ខ្ញុំចូលធ្វើកងទ័ពចាប់តាំងពីពេលនោះមក។ មកដល់ដើមឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង ដូច្នេះខ្ញុំរួមទាំងកងកម្លាំងជាច្រើននាក់ទៀតត្រូវបានបញ្ជូនទៅវាយជាមួយកងទ័ព លន់ នល់។

ប្រាក់ ថា នៅផ្ទះរបស់គាត់ពេលធ្វើវេទិកាប្រវត្តិសាស្រ្តគ្រួសារ នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីខែមិថុនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចន្លោះឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧៥ កងកម្លាំងរបស់ខ្ញុំមានគោលដៅវាយចូលទីក្រុងភ្នំពេញ។ កាលនោះខ្ញុំវាយដំបូងនៅម្ដុំកប់ស្រូវ ហើយបន្តវាយចូលទៅទួលគោក។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបកងទ័ពខ្មែរក្រហមទទួលជ័យជម្នះ។ នៅពេលខ្ញុំចូលដល់ក្រុងភ្នំពេញ ខ្ញុំឃើញប្រជាជនត្រូវបានកងកម្លាំងខ្មែរក្រហមមួយក្រុមជម្លៀសចេញពីក្រុងភ្នំពេញឲ្យទៅទីជនបទ។ ទិដ្ឋភាពនៃការជម្លៀសប្រជាជនកាលណោះ អ្នកខ្លះជិះឡាន អ្នកខ្លះជិះម៉ូតូ កង់ និងរទេះ ឯខ្លះទៀតដើរទូលរែកកូនចៅ សម្ភារដែលអាចយកទៅតាមខ្លួនបាន ដូចជា អង្ករ អំបិល ឆ្នាំង និងចាន។ ខ្ញុំនៅឈរជើងមួយរយៈនៅក្នុងទីក្រុងភ្នំពេញ។ ការងារដែលខ្ញុំធ្វើគឺដើរបោសសម្អាតផ្ទះសម្បែងប្រជាជនដែលជម្លៀសចេញពីភ្នំពេញ។ កងទ័ពទាំងអស់ទទួលសម្លៀកបំពាក់តែពីរសម្រាប់ និងស្បែកជើងមួយគូតែប៉ុណ្ណោះ ដោយសារមានពាក្យស្លោកមួយឃ្លាលើកឡើងថា «កម្មសិទ្ធិសមរម្យ»។

ខ្ញុំនៅបោសសម្អាត​ផ្ទះសម្បែងនៅភ្នំពេញ រហូតដល់ថ្នាក់លើបញ្ជូនឲ្យទៅនៅខេត្តមណ្ឌល​គិរី។ ដំបូងកងទ័ពទាំងអស់ត្រូវជិះទូកចេញពីភ្នំពេញទៅឈប់សម្រាកនៅខេត្តក្រចេះមួយយប់ ទើបធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅខេត្តមណ្ឌលគិរីបន្តទៀត។ ខ្ញុំរួមទាំងកងទ័ពជាច្រើននាក់ទៀតដើររយៈពេលមួយសប្ដាហ៍ទើបទៅដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅទីនោះអង្គការឲ្យខ្ញុំធ្វើស្រែ ចម្ការ ដាំដំណាំ តាមក្រុម។ ការធ្វើស្រែនៅជំនាន់នោះ គឺយើងធ្វើដោយកាប់ដីនឹងចប ទម្រាំតែធ្វើស្រូវរួចមួយវស្សាកងទ័ពហត់នឿយខ្លាំងណាស់។ ផលស្រូវដែលទទួលបានគឺមានចំនួនច្រើនដោយសារតែដីមានជីវជាតិល្អ។

ផ្លូវលំនៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មកទៀត ខ្ញុំត្រូវបញ្ជូនឲ្យឈរជើងការពារព្រំដែននៅអូរដាក់ដាំ។ អូរដាក់ដាំមានទឹកហូរធ្លាក់ទៅដល់ទន្លេស្រែពក ហើយជំនាន់នោះវៀតណាមនៅម្ខាងអូរដែលខណ្ឌចែកទឹកជាពីរ គឺម្ខាងវៀតណាម និងម្ខាងទៀតខ្មែរ។ ក្រៅពីការពារព្រំដែន អង្គភាពទ័ពរបស់ខ្ញុំត្រូវធ្វើស្រែ និងប្រមូលផលស្រូវទុកធ្វើស្បៀងសម្រាប់កងទ័ព។ នៅឆ្នាំ១៩៧៧ ខ្ញុំរៀបការ ហើយនៅថ្ងៃនោះដែរអង្គការក៏បានរៀបចំផ្សំផ្គុំប្តីប្រពន្ធចំនួន៦៣គូទៀត នៅសាលាកងពលក្នុងស្រុកកោះញែកដែរ។ បន្ទាប់ពីរៀបការរួច ខ្ញុំបន្តឈរជើងនៅកោះញែករហូតដល់កងទ័ពវៀតណាមវាយចូលមកនៅដើមឆ្នាំ១៩៧៩ ទើបខ្ញុំភៀសខ្លួនមកនៅជំរំអូរត្រាវលើភ្នំដងរែក។ នៅទីនោះ ខ្ញុំរស់នៅជាប្រជាជនរហូតដល់កងទ័ពខ្មែរក្រហមនៅអន្លង់វែង ធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល ទើបខ្ញុំចុះមករស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នៅឆ្នាំ១៩៩៨ ខ្ញុំចូលបម្រើការនៅឃុំផ្អាវ។ ក្រោយមកខ្ញុំបានដើររៃអង្គាសប្រាក់ពីប្រជាជនបានបន្តិចបន្តួចឈូសឆាយ និងធ្វើផ្លូវដើរនៅក្នុងភូមិច្រោក សង់វត្ត និងសាលារៀន ដែលនៅសេសសល់រហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាព អន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា