"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

យុវសិស្សចំនួន៣០នាក់ នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកាអន្តរជំនាន់ស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាអន្តរជំនាន់ចុងសប្តាហ៍ស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)ដោយ

មានការចូលរួមរបស់យុវសិស្សមកពីវិទ្យាល័យឈីន លាន ហាន់ជ័យ។ វេទិកាអន្តរជំនាន់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញឲ្យការយល់ដឹងរបស់យុវសិស្សបន្ថែមលើប្រវត្តិ សាស្ត្រខ្មែរក្រហម។ ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានទទួលស្វាគមន៍ និង ដឹកនាំយុវសិស្សចូលទស្សនាផ្ទាំងពិព័រណ៍ធំៗស្តីពីប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការដ្ឋាន និងពិព័រណ៍រូបភាពអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងខេត្តកំពង់ចាម ចងក្រងដោយអ្នកស្ម័គ្រចិត្តកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ យុវសិស្សបន្តចូលទស្សនា បន្ទប់ឯកសារខ្មែរក្រហមដែលផ្ទុកឯកសាររាប់សែនទំព័រ។ កម្មវិធីបន្ទាប់ គឺជាការចាក់បញ្ចាំងវីដេអូឯកសារ ដែលមានចំណងជើងថា «កុំស្មានបងភ្លេច» ដែលបង្ហាញអំពីតន្ត្រី វប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា។ យុវសិស្សទាំងអស់ទស្សនាវីដេអូឯកសារដែលមានរយៈពេលជិត២ម៉ោងនេះ ជាលើកដំបូងដោយយកចិត្តទុកដាក់។

ជាកិច្ចបន្ត ទេព សារី ដែលជាអតីតសិល្បករជំនាញប្រើប្រាស់ឧបករណ៍ទ្រអ៊ូ ទ្រសោរ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រំឭកអំពីសាវតារ និងបទពិសោធន៍ជីវិតរបស់គាត់មុន និងក្នុងរបបខ្មែរក្រហម ដូចជាការបែកចេញពីក្រុមគ្រួសារ ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើកម្លាំងពលកម្ម និងការរស់នៅក្នុងភាពភ័យខ្លាច។ ទេព សារី បញ្ជាក់ថា៖ ខ្ញុំកើតនៅឆ្នាំ១៩៥២ ក្នុងគ្រួសារ កសិករនៅភូមិពន្លៃចក ឃុំមៀន ស្រុកអូរាំងឪ។ នៅអាយុ៦ឆ្នាំ ខ្ញុំពិការភ្នែកទាំងសងខាង ព្រោះខ្ញុំមានជំងឺពិសកុក។ ខ្ញុំមិនអាចទៅរៀនបានទេ គ្រាន់​តែនៅផ្ទះជាមួយឪពុកម្ដាយប៉ុណ្ណោះ។ នៅអាយុ១០ឆ្នាំ ខ្ញុំចាប់ផ្ដើមរៀនប្រើប្រាស់ ឧបករណ៍ភ្លេងបុរាណខ្មែរជំនាញផ្នែកទ្រអ៊ូ និងទ្រសោរ។ បន្ទាប់ពី រៀនអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំអាចដើរលេងភ្លេងបានដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ពេលនោះ គឺជាសម័យសង្គមរាស្ត្រនិយម។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០មក ភូមិរបស់ខ្ញុំគឺជាសមរភូមិប្រទាញប្រទង់រវាងទាហាន លន់ នល់ និងកងទ័ព រំដោះខ្មែរក្រហម និងក្រោយមកត្រូវបានរំដោះ។ នៅពេលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំបានស្ម័គ្រចិត្តចូលទៅព្រៃម៉ាគីតស៊ូជាមួយអ្នកភូមិផ្សេងទៀត។ ដោយសារតែពិការភាព និងជំនាញសិល្បៈរបស់ខ្ញុំ ខ្ញុំត្រូវបានដាក់ឲ្យបម្រើក្នុងកងសិល្បៈខ្មែរក្រហម។ ខ្ញុំអាចធ្វើដំណើរចុះឡើងបានដោយប្រើប្រាស់ដំបងឈើ និង មានពេលខ្លះសមមិត្តនៅក្នុងកងសិល្បៈជួយដឹកដៃដើរ។

រហូតដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការសហករណ៍នៅម្ដុំសួង។ នេះគឺជាការចាប់ផ្ដើមរងទុក្ខលំបាក ពីព្រោះខ្ញុំត្រូវធ្វើការនៅក្នុងកងសិល្បៈផង និងនៅវាលស្រែផង។ ខ្ញុំត្រូវបានកំណត់ឲ្យធ្វើការជីកដី ដូចប្រជាជនដទៃ។ ចំណែកឯ របបអាហារវិញគឺមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំបានរួចផុតពីសេចក្ដីអត់ឃ្លាន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩។

បន្ទាប់ពី ការចែករំលែករឿងរ៉ាវជីវិតរបស់វាគ្មិនមក យុវសិស្សទាំងអស់ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ក្នុងឱកាសចុះមកកាន់ទីតាំងចេតិយនេះ យុវសិស្ស ជួបនិយាយជាមួយអ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមគឺ អៀង សារឿន ដែលបានរៀបរាប់អំពីបទពិសោធន៍រស់នៅ និងការសម្លាប់ ប្រជាជននៅក្នុងភូមិសាស្រ្តឃុំគគរ។ ក្នុងជំនួបសន្ទនាផ្ទាល់រយៈពេល៣០នាទី យុវសិស្សស្គាល់អំពីទីតាំងធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហមដូចជា៖ ទី១) វាលស្រែនៅភូមិចំការសាមសិប ទី២) ឡដុតថ្នាំជក់ និង ទី៣) មន្ទីរសន្តិសុខគគរដែលស្ថិតនៅក្នុងវត្តគគរ។

បន្ទាប់ពីការ និយាយប្រាប់របស់ អៀង សារឿន យុវសិស្សបានសួរសំណួរជាច្រើនទៅកាន់វាគ្មិន។ សិស្សឈ្មោះ គុណ ស្រីនិច រៀនថ្នាក់ទី១២-C មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ ខ្ញុំធ្លាប់រៀនមេរៀនប្រវត្តិសាស្រ្តនៅក្នុងថ្នាក់ ទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនេះ។ ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើន តាមរយៈផ្ទាំងរូបភាព និងវីដេអូឯកសារ។ ខ្ញុំកាន់តែយល់ពីទុក្ខលំបាករបស់ប្រជាជនក្នុងរបបខ្មែរក្រហមនៅពេលលោកអ៊ំសារី បានចែករំលែកបទពិសោធន៍ជីវិតរបស់គាត់។ សិស្សឈ្មោះ ឃាង ម៉េងលាង រៀនថ្នាក់ទី១២-C មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចែករំលែកទស្សនៈរបស់ខ្លួនថា៖ ខ្ញុំយល់ដឹងកាន់តែច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម បន្ថែម។ ខ្ញុំមានការឈឺចាប់ និងការអាណិតអាសូរដល់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហម។ ខ្ញុំបានដឹងអំពីការធ្វើការងារហួសកម្លាំង ការហូបមិនគ្រប់គ្រាន់ ការកាប់សម្លាប់ និងការរស់នៅក្នុងភាពភ័យខ្លាចនៅក្នុងរបបខ្មែរក្រហម។ ការចំណាយពេលវេលាស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្រ្តនាពេលចុងសប្ដាហ៍នេះ គឺពិតជាល្អណាស់សម្រាប់ខ្ញុំ និងសិស្សានុសិស្សផ្សេងទៀត។ ខ្ញុំសូមអរគុណដល់លោកគ្រូ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលរៀបចំកម្មវិធីនេះឡើង។

សិស្សឈ្មោះ ចម្រើន ស្រីម៉ី រៀនថ្នាក់ទី១២-C មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចែករំលែកអំពីចំណេះដឹងដែលខ្លួនទទួលបានថា៖ នេះគឺជាលើកទី១ដែលខ្ញុំចូលរួម កម្មវិធីអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនាពេលចុងសប្ដាហ៍នេះ។ ខ្ញុំមានការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ថែមលើនេះទៀត ខ្ញុំ បានទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ និងដឹងទីតាំងសម្លាប់រង្គាលរបស់ខ្មែរក្រហម។ ខ្ញុំ នឹងសួរនាំជីតារបស់ខ្ញុំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ សិស្សឈ្មោះ សុខខេង រក្សា រៀនថ្នាក់ទី១២-E មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ យល់ឃើញថា៖ ការចូលរួមកម្មវិធីនេះគឺពិតជាល្អណាស់ ពីព្រោះខ្ញុំទទួលបាន ចំណេះដឹងថ្មីៗបន្ថែមលើអ្វីដែលខ្ញុំរៀននៅក្នុងថ្នាក់។ ខ្ញុំទស្សនាវីដេអូឯកសារ ស្ដាប់ការនិយាយប្រាប់ អំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវីតពីរបបខ្មែរក្រហម និងទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់ សហគមន៍ ដើម្បីរំឭកដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំពេញចិត្តចំពោះ កម្មវិធីអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនាពេលចុងសប្ដាហ៍នេះ។

អត្ថបទ និង រូបថត ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម