"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ទោង សៀងហៃ៖ ការមិនរើសអើងគ្នាគឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» របស់មជ្ឈ​មណ្ឌល​​​​សន្ដិភាពអន្លង់វែង បានរៀបចំឡើង​សម្រាប់​សិស្សានុសិស្សចំនួន១៤នាក់ (ស្រី៧នាក់ និងប្រុស៧នាក់) នៃវិទ្យាល័យហ៊ុន

សែន ត្រពាំងប្រាសាទ នៅក្នុងខែសីហា ឆ្នាំ២០២២នេះ ដើម្បី​លើកកម្ពស់ការយល់ដឹង​និង​ការចងចាំ​ប្រវត្ដិសាស្រ្ដខ្មែរក្រហម ព្រមទាំង​​ទប់ស្កាត់អំពើប្រល័យពូជសាសន៍។

កន្លងមក មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានរៀបចំវេទិកាបែប​នេះជាមួយយុវជនប្រមាណ​ជិត៥០០នាក់ហើយ គិតចាប់ពីខែតុលា ឆ្នាំ២០១៩មក នៅតាមបណ្ដាវិទ្យាល័យក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។

លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង​ បានចាប់ផ្ដើមវេទិកាប្រវត្ដិសាស្រ្ដ ដោយផ្ដល់ឳកាស​ជូន​សិស្សានុសិស្សសរសេរសំណួរដែលខ្លួនចង់ដឹងបំផុតពីរបបខ្មែរក្រហមម្នាក់មួយសំណួរ។ សំណួរសំខាន់ៗរបស់ខ្លួនដែលត្រូវយកមកពិភាក្សារួមមាន៖ ១) ហេតុអ្វីបានជារបបខ្មែរក្រហមធ្វើជិះជាន់ និងសម្លាប់ប្រជាជនឯង? ២) តើខ្មែរក្រហមចង់បានអ្វីពិតប្រាកដ ទើបបណ្ដាលជំនាន់នោះធ្លាក់ទៅរកចំណុចសូន្យទាំងវប្បធម៌ និងអរិយ្យធម៌របស់ជាតិ? ៣) ហេតុអ្វីបានជាខ្មែរក្រហមដាក់ឈ្មោះរបបរបស់ខ្លួនថាជារបបកម្ពុជាប្រជាធិបតេយ្យ? ៤) ហេតុអ្វីបានជាខ្មែរក្រហមដាក់ទណ្ឌកម្មប្រជាជននិងសម្លាប់ប្រជាជនខ្លួនឯងទាំងដឹងថាប្រជាជនរបស់ខ្លួនជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម?​ ៥) តើរបបខ្មែរក្រហមបានផ្ដល់វិបាកអ្វីខ្លះដល់ប្រជាជនកម្ពុជា? ៦) ហេតុអ្វីបានទ័ពព្រៃរបស់ខ្មែរក្រហមអាចផ្ដួលរំលំរបប លន់ នល់? សំណួរខាងលើនេះ បានបង្កើតឡើងនូវបរិយាកាសពិភាក្សា និង​ចែករំលែក​ចំណេះ​ដឹងពីគ្នា​ទៅវិញទៅមក។​

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ធ្វើបទបង្ហាញអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ភាព​យន្ត​ឯកសារ «មន្ទីរស-២១ ឬ​គុក​ទួលស្លែង» ត្រូវ​បាន​ចាក់បញ្ចាំង ដើម្បីផ្ដល់មូលដ្ឋានដល់សិស្សក្នុងការស្វែងយល់ពីស្ថានភាពដែលបានកើតឡើងទៅលើអ្នកទោសប្រមាណជិត២ម៉ឺននាក់ដែលជាប់ឃុំឃាំង និងទទួលរងទារុណកម្មនៅក្នុងមន្ទីរស-២១ ឬគុកទួលស្លែង។ ភាព​យន្ត​ឯកសារនេះ ត្រូវបានថតដោយអ្នកថតរូបជនជាតិវៀតណាមម្នាក់ឈ្មោះ ហូ វ៉ាន់តាយ ក្នុងពេលបំពេញបេសកកម្មជាមួយកងទ័ពវៀតណាមនៅក្នុងទីក្រុងភ្នំពេញ រយៈពេលប្រមាណតែបីថ្ងៃប៉ុណ្ណោះក្រោយទទួល​ជ័យជម្នះក្នុងខែមករា​ ឆ្នាំ១៩៧៩។

បទបង្ហាញក៏បាន​ផ្តោតលើ​ផែនទីវាលពិឃាត និងរណ្ដៅសាកសពរួម ដែលរកឃើញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រមាណ៣៩០កន្លែង រួមមានជិត​២ម៉ឺនរណ្ដៅ នៅទូទាំងប្រទេសកម្ពុជា។

ចុងបញ្ចប់នៃវេទិកាថ្នាក់រៀន​នេះក៏បាន​ផ្តោតលើវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យ នៅក្នុង​កម្រិតបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ និងប្រទេសជាតិ។ បុគ្គលម្នាក់ៗអាចទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍ ដោយធ្វើការបដិសេធ និងលើកទឹកចិត្ដឲ្យមានដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះ និងការទិតៀន ឬនិយាយប្រឆាំងនឹងអំពើហិង្សា។ ​រីឯកម្រិតសហគមន៍វិញ គឺការពារសិទ្ធិជាបុគ្គលរបស់សមាជិកក្នុងសហគមន៍ដោយមិនគិតពីពណ៌សម្បុរ និន្នការនយោបាយ និង ត្រូវចេះបង្រៀនយុវជនឲ្យស្រឡាញ់​ភាពសម្បូរបែបរបស់មនុស្ស តាមរយៈការអប់រំ​ពីភាពខុសគ្នា​នៃវប្បធម៌ សាសនា និងសហគមន៍។ ចំណែកឯប្រទេសជាតិ គឺត្រូវលើកកម្ពស់នូវការអប់រំ ទំនាក់ទំនងការទូត និងការកំណត់អត្ដសញ្ញានានា និងទិតៀនជាសាធារណៈពីកាលៈទេសៈ​ដែលនាំឲ្យមានការគាំទ្រ​អំពើប្រល័យ​ពូជសាសន៍។

ក្រោយ​ពីបាន​ចូលរួម​វេទិកាថ្នាក់រៀន​នេះហើយ យ៉េង ពុទ្ធិដា ភេទស្រី អាយុ១៩ឆ្នាំ មានចំណាប់អារម្មណ៍៖ «ខ្ញុំបាន​រៀន​សូត្រ​ពី​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្រ្ដដូចជាយល់ពីអំណាច ផ្ដាច់ការ​របស់អង្គការខ្មែរក្រហម ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មឃោរឃៅអនុស្សធម៌ ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ អំពើ ពុករលួយ និងទ្រឹស្ដីរបស់ខ្មែរក្រហម (ភាពខុសគ្នារវាងទ្រឹស្ដី និងការអនុវត្ដន៍)។ ប្រសិនបើ ឧក្រិដ្ឋកម្ម ឃោរឃៅនេះកើតឡើងមែន ខ្ញុំគិតថាវានឹងបំផ្លាញជីវិតប្រជាជន វិស័យហេដ្ឋា​រចនាសម្ព័ន្ធ វិស័យវប្បធម៌ កសិកម្ម សុខាភិបាល អប់រំ និងធ្វើឲ្យប្រទេសជាតិគ្មានការរីកចម្រើន និងបាត់បង់តុល្យភាពសង្គម។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់ការកកើត ឧក្រិដ្ឋកម្មឃោរឃៅ នាពេល អនាគត ខ្ញុំនឹងចូលរួមដោះស្រាយបញ្ហាដោយសន្ដិវិធី ខិតខំប្រឹងប្រែង រៀនសូត្រ និងយល់ដឹងពីប្រវត្ដិ សាស្រ្ដដ៏ជូរចត់របស់ខ្មែរ និងការពារមិន​ឲ្យមានអំពើនោះកើត​ឡើងម្ដង​ទៀតឡើយ។ លើសពីនេះ យើងត្រូវ មានភាពសាមគ្គីជាធំ ស្វែងយល់ពីភាពវិជ្ជមាន និងអវិជ្ជមានទាក់ទងនឹងឧក្រិដ្ឋកម្មចាក់ផ្សាយជា សាធារណៈ និងត្រូវអើពើចំពោះទុក្ខធុរៈ​ផ្សេងៗរបស់​សង្គម»។

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងជិតស្ពានអូរជីកក្នុងស្រុកអន្លង់វែង នៅខែសីហា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ចំណែកឯ ទោង សៀងហៃ ភេទប្រុស អាយុ២២ឆ្នាំ យល់ឃើញថា៖ ខ្ញុំបានរៀនសូត្រព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដូចជា  ការគ្រប់គ្រងប្រទេសដោយខ្មែរក្រហម ដើមហេតុ​នៃការ​សម្លាប់ប្រជាជន ការបែងចែកភូមិភាគ និងតំបន់ ព្រឹត្ដិការណ៍នៃការធ្វើទារុណកម្ម ក្នុងគុក ទួលស្លែង ការរស់នៅក្នុងស្ថានភាពលំបាករបស់ប្រជាជន និងការរួចពីរបបប្រល័យពូជសាសន៍។ ខ្ញុំគិតថា​ ប្រសិន​បើឧក្រិដ្ឋកម្មឃោរឃៅកើតឡើងមែន វានឹងបំផ្លាញប្រជាជនជួបនូវគ្រោះទុរភិក្ស ការព្រាត់ប្រាស ក្រុមគ្រួសារ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ បង្កឲ្យមានក្មេងកំព្រា និងជនពិការ ប្រទេសជាតិ ជួបបញ្ហា អសន្ដិសុខ ចោរកម្ម អំពើឆក់ប្លន់ ភាពអនាធិបតេយ្យ និងធ្វើឲ្យជាតិសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងទន់ខ្សោយ។​ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយខ្ញុំចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគតតាមរយៈ មិនត្រូវមានការរើសអើងទៅលើពូជសាសន៍ ភេទ ពណ៌សម្បុរ និងសាសនា ត្រូវចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្ដិវិធី និងមិនត្រូវមានសេចក្ដីអំនួតលើខ្លួនឯង»។

អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា