"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ឆេង ភាង ៖ អតីតយោធាខ្មែរក្រហម

ឆេង ភាង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឆេង ភាង បានចែករំលែករឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមថា នៅឆ្នាំ១៩៧២ ខ្ញុំចូលរួមតស៊ូជាមួយ

កងទ័ពរំដោះខ្មែរក្រហម។ កាលនោះខ្ញុំចូលធ្វើជាកងឈ្លបនៅក្នុងសង្កាត់បុសខ្នុរ។ ប៉ុន្តែក្រោយមកខ្ញុំត្រូវបានបញ្ជូនឲ្យទៅហ្វឹកហាត់ និងរៀនអំពីយុទ្ធសាស្រ្តធ្វើសង្គ្រាម និងរៀនអំពីនយោបាយរបស់ខ្មែរក្រហម។

ខ្មែរក្រហមបណ្ដុះស្មារតីខ្ញុំឲ្យរឹងមាំ មិនតក់ស្លុត និងស្គាល់សត្រូវឲ្យច្បាស់ ព្រមទាំងបំផុសចលនាក្នុងការតស៊ូ។ ប៉ុន្តែពេលនោះខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះគឺចូលរួមតស៊ូដើម្បីទាមទារយកសិទ្ធិអំណាចជូនសម្តេចព្រះ នរោត្តម សីហនុ វិញ។ បន្ទាប់ពីខ្ញុំហ្វឹកហាត់រយៈពេលបីខែ អង្គភាពបានបញ្ជូនខ្ញុំឲ្យមកធ្វើជាទ័ពតំបន់៣១ ក្រោមការគ្រប់គ្រងរបស់ តាពក ដែលនៅពេលនោះមានកម្លាំងទ័ពសរុប៣០០ ទៅ៤០០នាក់។ បន្ទាប់មកខ្ញុំឡើងធ្វើជាប្រធានកងអនុសេនាតូចលេខ៧៣៦ ដឹកនាំកម្លាំង៣០នាក់។

ឆេង ភាង នៅផ្ទះរបស់គាត់នៅពេលធ្វើវេទិកាប្រវត្តិសាស្រ្តគ្រួសារ នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 

លុះមកដល់ចុងឆ្នាំ១៩៧៤ ខ្ញុំមកឈរជើងនៅតាមបណ្ដោយផ្លូវទៅភ្នំបាសិទ្ធ។ ពេលនោះកងទ័ពខ្មែរក្រហមចាប់ផ្ដើមរាយកម្លាំងនៅតាមខ្សែត្រៀម ខណ្ឌចែករវាងយោធាខ្មែរក្រហម និងកងទ័ព លន់ នល់ និងនៅតាមទីជនបទ។ ក្រោយមកទើបកងទ័ពខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលនោះ ខ្ញុំដឹកនាំកងទ័ពនៅក្នុងអង្គភាពរបស់ខ្ញុំមកដាក់នៅម្តុំទួលគោកនៅវេលាម៉ោងទៀប៣ភ្លឺ នៅថ្ងៃបន្ទាប់។ ចំណែកកងទ័ពពិសេសបញ្ជូនទៅបោះទីតាំងនៅម្តុំផ្សារថ្មី។ បន្ទាប់មក ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ ខ្ញុំបានឃើញទិដ្ឋភាពប្រជាជនជាច្រើននាក់ដែលត្រូវកងទ័ពខ្មែរក្រហមជម្លៀសចេញទាំងបង្ខំ ប្រជាជនខ្លះរែក ប្រជាជនខ្លះទូលអីវ៉ាន់ ហើយប្រជាជនខ្លះទៀតដឹកនាំកូនចៅចាកចេញទាំងលំបាក។ ពេលនោះខ្ញុំជឿលើសេចក្តីប្រកាសរបស់ខ្មែរក្រហម ព្រោះខ្ញុំគិតថានឹងមានការទម្លាក់គ្រាប់បែកបណ្តាលឲ្យប្រជាជនស្លាប់ និង​ខាតបង់ទ្រព្យសម្បត្តិកាន់តែច្រើនថែមទៀត។

នៅអំឡុងពេលនោះ កងទ័ពនៅក្នុងអង្គភាពរបស់ខ្ញុំទទួលភារកិច្ចបោសសម្អាតអនាម័យនៅតំបន់ទួលគោក និងធ្វើការប្រមូល ឡាន ម៉ូតូ និងសម្ភារផ្សេងៗដាក់មួយកន្លែង។ ខ្ញុំធ្វើការនៅភ្នំពេញបានរយៈពេលកន្លះខែ ក៏ផ្លាស់ទៅនៅខេត្តមណ្ឌលគិរី និងឈរជើងការពារព្រំដែននៅទីនោះ។ ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងពល៩២០ ដែលមានឈ្មោះ ឈិន គឺជាប្រធានកងពល។ នៅពេលខ្ញុំកំពុងឈរជើងការពារព្រំដែននៅមណ្ឌលគិរី ខ្មែរក្រហមក៏មានជម្លោះជាមួយវៀតណាមជាញឹកញាប់ដោយសារតែវៀតណាមចូលមកក្នុងទឹកដីខ្មែរ។

ក្រោយពេលសភាពការណ៍ជម្លោះស្ងប់ស្ងាត់វិញ កងទ័ពខ្មែរក្រហមចាប់ផ្ដើមឆ្លាស់វេនគ្នារយៈពេលមួយខែម្តង ដោយមួយក្រុមដើរយាមល្បាតតាមព្រំដែន និងមួយក្រុមទៀតមកធ្វើស្រែសម្រាប់ផ្គត់ផ្គង់នៅក្នុងកងអង្គភាព។

ផ្ទះរបស់អ្នកភូមិស្ថិតនៅតាមបណ្តោយផ្លូវលំស្ថិតនៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ សភាពការណ៍ចាប់ផ្ដើមប្រែប្រួលម្ដងទៀត ព្រោះ តាឈិន ត្រូវខ្មែរក្រហមចោទថាក្បត់ និងចាប់ខ្លួន ហើយជំនួសដោយតាសាន ហៅតា០៦ វិញ។ ខ្មែរក្រហមចាប់ផ្ដើមសង្ស័យគ្នា និងធ្វើវិសុទ្ធកម្មចំពោះអ្នកដែលត្រូវបានចោទប្រកាន់ថាក្បត់។ នៅឆ្នាំ១៩៧៩ ខ្ញុំបានភៀសខ្លួនមកនៅភ្នំដងរែក និងប្ដូរមកធ្វើជាអ្នកដឹកជញ្ជូនវិញ។ ខ្ញុំដឹកកងទ័ព ដឹកគ្រាប់ និងដឹកស្បៀងអាហារទៅដាក់តាមអង្គភាពទ័ពរបស់ខ្មែរក្រហម។ ខ្ញុំធ្វើការខាងដឹកជញ្ជូនរហូតដល់ពេល អ៊ុន តាក់ ចូលមកប្រទេសកម្ពុជាទើបខ្ញុំឈប់ពីការងារ។ នៅឆ្នាំ១៩៩៨ ពេលដែលកងកម្លាំងខ្មែរក្រហមនៅអន្លង់វែងធ្វើសមហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏ផ្លាស់មករស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាព អន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា