"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ញឹម សំកើ៖ គ្រួសារខ្ញុំត្រូវជម្លៀសទៅកាន់ស្រុក១០៩ ដោយសារកំហឹងរបស់កូនស្រីតាម៉ុក

ញឹម សំកើ បាននិយាយទាំងអស់សំណើចនៅក្រោមរោងលំហែប្រក់ស័ង្កសីនៅចំហៀងផ្ទះ ដោយបែរមុខទៅរកប្រពន្ធរបស់គាត់ឈ្មោះ ណុប សំ អាយុ៧៤ឆ្នាំថា ការជម្លៀសប្រជាជនមួយភូមិចេញទៅស្រុក១០៩ គឺកើតចេញពីកំហឹងរបស់កូនស្រីតាម៉ុក ឈ្មោះ ខុម ដែលជាគណៈឃុំត្រពាំងធំខាងត្បូងក្នុងអំឡុងឆ្នាំ១៩៧៧។ ប្រពន្ធរបស់ សំកើ ក្នុងសម្លៀកបំពាក់ជាអ្នកស្រែប្រឡាក់ដីស្រមក បានបង្ហាញទឹកមុខហួសចិត្ត និងមិនបានតបតអ្វីឡើយក្នុងពេលដែលប្តីរបស់គាត់កំពុងងាកមើលគាត់ និងនិយាយពីរឿងនេះ។ ឆ្នាំនេះ សំកើ មានអាយុ៧៧ឆ្នាំហើយ។ គាត់មិនប្រកបរបរអ្វីទេ ក្រៅពីជួយការងារស្រែចម្ការនៅជុំវិញផ្ទះរបស់គាត់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សំកើ បានរៀបរាប់ពីហេតុការណ៍ដ៏ហួសចិត្តនេះថា ៖

ញឹម សំកើ រស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (ផេង ពង្សរ៉ាស៊ី/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

«នៅឆ្នាំ១៩៧៧ មិនចាំខែ តាម៉ុក ហៅតា១០៥ បានចូលមកកាន់ឃុំត្រពាំងធំខាងត្បូង ដែលជាស្រុកកំណើត ស្របពេលដែលកូនស្រីគាត់ឈ្មោះ (យាយ) ខុម កាលនោះគឺជាគណៈឃុំត្រពាំងធំខាងត្បូង​ កំពុងចែកខោអាវចាស់ៗដែលជាខោអាវគេប្រើរួច ដល់ប្រជាជនដែលកំពុងច្រូតស្រូវនៅភូមិត្រពាំងស្នាយ។ តាម៉ុក បានចូលមកកន្លែងដែលកូនគាត់កំពុងចែកខោអាវ។​ គ្រាន់តែឃើញ តាម៉ុក មកដល់ភ្លាម យាយ អ៊ុន ប្រពន្ធតា ស៊ុក បានស្ទុះទៅជួបគាត់ រួចរាយការណ៍ថាប្រជាជនក្នុងភូមិនេះក្រណាស់ ខ្វះខាត និងគ្មានអ្វីហូបគ្រប់គ្រាន់ឡើយ។ ដល់អ៊ីចឹង! តាម៉ុក ខឹងណាស់ ហើយក៏ហៅ ខុម មកស្តីឲ្យ (ស្តីបន្ទោស) ថា ខុម អត់ចេះមើលប្រជាជន ធ្វើឲ្យប្រជាជនត្អូញត្អែរប្រាប់គាត់ពីរឿងខ្វះខាត។ ខុម ហ្នឹងគេខឹង រួចចេញទៅបាត់។ ភ្លាមៗក្រោយមក គេក៏មកប្រាប់ឲ្យប្រជាជនទាំងអស់រស់នៅភូមិត្រពាំងស្នាយហ្នឹងឲ្យផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិដើមបេង ឃុំដើមបេង ខាងលិចភ្នំដិន ស្ថិតក្នុងស្រុក១០៩ទាំងអស់គ្នាហ្មងទៅ។ ប្រជាជនគ្រប់គ្នា សុទ្ធតែដឹងថាការផ្លាស់ប្តូរទីលំនៅនេះ គឺផ្តើមចេញពីកំហឹងរបស់ ខុម ចំពោះសេចក្តីរាយការណ៍របស់ យាយ អ៊ុន ប្រាប់ដល់ឪពុករបស់គាត់។ កាលនោះ ខ្ញុំនិងប្រពន្ធកូនខ្ញុំ មានរទេះមួយ។ យើងធ្វើដំណើរតាមរទេះគោហ្នឹងរហូតទាល់តែដល់ភូមិបេង។ ពួកយើងធ្វើដំណើរដង្ហែគ្នាចាកចេញពីភូមិតាមថ្នល់ជាតិឆ្ពោះទៅស្រុក១០៩។ នៅតាមផ្លូវ យើងមានអង្ករបន្តិចបន្តួចគ្រាន់នឹងដាំបាយហូប។ ត្រឹមតែរយៈពេលមួយថ្ងៃទេ ពួកយើងបានទៅដល់ភូមិបេង ជាកន្លែងដែលពួកយើងរស់នៅអស់រយៈពេលជាងមួយឆ្នាំ។ នៅទីនោះ គេឲ្យពួកយើងស្នាក់នៅក្នុងខ្ទមតូចៗជាច្រើនដែលបានត្រៀមទុករួចជាស្រេច។ ខ្ញុំស្នាក់នៅក្នុងខ្ទមប្រក់ស្លឹក និងជញ្ជាំងពាសស្លឹកដូង។ តាហួន ជាមនុស្សទៅពីស្រុកត្រាំកក់នេះ គឺជាគណៈឃុំដើមបេង។ យើងស្គាល់គ្នា ហើយ តាហួន ក៏មិនបានធ្វើបាបអ្វីដល់យើងច្រើនពេកដែរ។ ពួកយើង ភាគច្រើនហូបតែបបរទេ។ ជួនកាលហូបបបរលាយពោតក្រហម។ ជួនកាលហូបបាយលាយគល់ក្តួច។ ប្រពន្ធខ្ញុំជាអ្នកលាងក្តួច និងភ្លក់ក្តួចមុននឹងយកទៅលាយជាមួយបាយចែកឲ្យអ្នកផ្សេងទៀត»។

ស្ថិតក្នុងស្រុក១០៩ ញឹម សំកើ និងគ្រួសារ មិនដែលបានចាកចេញពីកន្លែងដែលគាត់ស្នាក់នៅ និងទៅធ្វើការនៅកន្លែងផ្សេងឡើយ។ គាត់ភ្ជួរដី រាស់ដី និងធ្វើស្រូវ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ សំកើ បាននិយាយថា គាត់ពុំដែលឃើញអ្នកស្រុក១០៩ណាម្នាក់ទាល់តែសោះ។ សំកើ បានសន្និដ្ឋានថា អ្នកទាំងនោះបានចាកចេញពីស្រុកកំណើតរបស់ខ្លួនទៅនៅឆ្ងាយ ប៉ុន្តែមិនដឹងទៅកាន់ទីកន្លែងណា។

នៅឆ្នាំ១៩៧៩ សំកើ និងគ្រួសារ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញតាមរទេះគោរបស់គាត់ដដែល។ នៅតាមផ្លូវត្រឡប់មកផ្ទះ គាត់និងគ្រួសារត្រូវបានឃាត់សួរនាំម្តងនៅដំណាក់ក្រសាំង។ បន្ទាប់មក គាត់បានធ្វើដំណើរមកដល់ស្រុកកំណើត និងបន្តដំណើរទៅកាន់ស្រុកកំណើតឪពុកក្មេកនៅឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុនពេលដែលគាត់វិលត្រឡប់មកកាន់ស្រុកកំណើតវិញនៅក្នុងរដូវច្រូតឆ្នាំ១៩៧៩។ «នៅរដូវច្រូត ឆ្នាំថោះ ខ្ញុំនិងប្រពន្ធបានចេញដំណើរមកស្រុកកំណើត ដោយសារកងទ័ពវៀតណាមចូលមកវាយបណ្តេញខ្មែរក្រហមយ៉ាងប្រសេចប្រសាចពេញស្រុក១០៩។ យើងបានមកដល់ដំណាក់ក្រសាំង ហើយត្រូវខ្មែរក្រហមឃាត់ដំណើរសួរនាំពីការចាកចេញរបស់ខ្ញុំ។ ពេលខ្ញុំមកដល់ស្រុកកំណើត ឪពុកមារខាងប្រពន្ធខ្ញុំបានឃាត់មិនឲ្យខ្ញុំរត់ទៀតទេ ប៉ុន្តែខ្ញុំមិនស្តាប់គាត់។ ខ្ញុំបានលួចរត់ទៅកាន់ស្រុកឪពុកក្មេកខ្ញុំនៅឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ ខ្ញុំស្នាក់នៅទីនោះបីបួនខែទៀត ទើបខ្ញុំសម្រេចចិត្តចាកចេញមកកាន់ស្រុកវិញ។ ពេលធ្វើដំណើរមកដល់វត្តចកក្នុងស្រុកជុំគីរីដដែល ប្រពន្ធខ្ញុំឈឺពោះឆ្លងទន្លេកូនស្រីទី៤។ ខ្ញុំបានដើររកឆ្មបមកបង្កើត រហូតទាល់តែជួប ហើយពេទ្យឆ្មបនោះបានជួយសម្រាលកូនរបស់ខ្ញុំបានជោគជ័យ។ ពួកយើងបានមកដល់ស្រុកកំណើតវិញ និងបានកសាងជីវិតនិងគ្រួសារឡើងវិញរហូតដល់ពេលនេះ។»

សំកើ មិនដែលនិយាយរឿងរ៉ាវរបស់គាត់ឆ្លងកាត់របបខ្មែរក្រហមប្រាប់ទៅកូនៗរបស់គាត់ឡើយ ព្រោះគាត់គិតថាជាការឥតប្រយោជន៍ និងជាកំហឹងរបស់បុគ្គលម្នាក់ដែលធ្វើឲ្យប្រជាជនដែលមិនដឹងអ្វីទាល់តែសោះត្រូវជម្លៀសចេញពីស្រុកកំណើត។ គាត់ក៏មិនបានដឹងដែរថា តើ ខុម ដែលជាកូនរបស់តាម៉ុក មានវាសនាយ៉ាងដូចម្តេចដែរ? ហើយក៏មិនបានចាប់ទោសអូសដំណើរអ្វីដល់ ខុម ក្នុងពេលនោះដែរ ព្រោះគាត់សំអាងថា ខុម គឺជាកម្មាភិបាលថ្នាក់លើម្នាក់ ដែលមានសិទ្ធិក្នុងការធ្វើអ្វីគ្រប់បែបយ៉ាងបានតាមអំពើចិត្ត។ ផ្ទុយទៅវិញ សំកើ បែរជាហួសចិត្ត និងអស់សំណើចនៅពេលដែលគាត់រំឭករឿងនេះប្រាប់យើង ក្នុងអំឡុងពេលជាង៤៣ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំទៅ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា