"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ទិត្យ ណុប ៖ អតីតសមាជិកកងឈ្លប

ខ្ញុំឈ្មោះ ទិត្យ ណុប អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការនៅឆ្នាំ១៩៧០ ជាមួយប្រពន្ធឈ្មោះ ឆឹង ថន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ ប្អូនប្រុសខ្ញុំម្នាក់ស្លាប់ដោយមូលហេតុធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់។ ប្អូនខ្ញុំត្រូវអង្គការនាំយកទៅសម្លាប់នៅឆ្នាំ១៩៧៥។ ចំណែកប្អូនប្រុសម្នាក់ទៀត ដែលជាទាហានរបស់ខ្មែរក្រហម ក៏បានស្លាប់ដែរ គឺស្លាប់នៅឆ្នាំ១៩៧៧ ដោយសារជាប់ពាក់ព័ន្ធរឿងផ្ទៃក្នុង។

ទិត្យ ណុប អាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីក្មេងខ្ញុំចូលរៀននៅសាលាវត្តអង្គឈូក ស្ថិតនៅខាងកើតវិទ្យាល័យ ១ឧសភា។ ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៩ ដោយសារគ្រួសារក្រីក្រ។ បន្ទាប់ពីឈប់រៀន ខ្ញុំមកជួយធ្វើការងារផ្ទះជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំ។ ក្រោយមក ខ្ញុំទៅធ្វើការជាកម្មករសំណង់នៅរោងចក្រស្រាបៀរអង្គរស្ថិតនៅកំពង់សោមតាមរយៈ អ្នកស្គាល់គ្នាម្នាក់។ ប្រាក់ឈ្នួលប្រចាំថ្ងៃដែលខ្ញុំទទួលបានគឺចំនួន២៥រៀលក្នុងមួយថ្ងៃ។ ខ្ញុំធ្វើការជាកម្មករសំណង់អស់រយៈពេល២ឆ្នាំ ក៏ឈប់ធ្វើ ព្រោះខ្ញុំមិនមានកម្លាំងគ្រប់គ្រាន់ធ្វើការបន្តទៀត។ ខ្ញុំត្រឡប់មកផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។

ខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ កាលនោះ នៅអង្គតាសោមក៏មានបាតុកម្មកើតឡើងដែរ។ ក្រុមបាតុករបានដុតសាលាស្រុក ដុតរបស់របរសំខាន់ៗនៅអង្គតាសោម។ ទាហានរបស់ លន់ នល់ បានបាញ់សម្លាប់ប្រជាជនស្លាប់អស់ជាច្រើននាក់។ បន្ទាប់ពីខ្ញុំរៀបការរួច ក្រុមតស៊ូខ្មែរក្រហម បានរៀបចំការដឹកនាំភូមិឃុំថ្មី ហើយកងឈ្លបក៏ត្រូវបានបង្កើតឡើងដែរ។ កាលនោះ តាខេង គឺជាមេភូមិត្រពាំងឈូក ចំណែកមេឃុំថ្មីគឺជាអ្នកមកពីភូមិត្រពាំងកកោះ។ ចំណែក ញ៉ឹប ឆន រស់នៅភូមិត្រពាំងត្នោត ត្រូវជ្រើសរើសឲ្យធ្វើជាប្រធានកងឈ្លបឃុំ។

ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ កងទ័ពវៀតកុង ឬវៀតណាមខាងជើង ចូលមករស់នៅ និងមាន ស្នាក់ការនៅជើងភ្នំព្រៃបាយរមាស និងនៅតាមជួរភ្នំដំរីរមៀល។ អ្នកភូមិមួយចំនួនបានយករបស់របរទៅលក់នៅទីនោះ។ ក្រោយមក ខ្ញុំត្រូវបានចាត់ឲ្យធ្វើឈ្លបនៅក្នុងភូមិត្រពាំងឈូក។ តួនាទីរបស់ខ្ញុំគឺដើរល្បាតតាមភូមិ និងស៊ើបការណ៍ពីប្រជាជនថ្មីដើម្បីរាយការណ៍ទៅឃុំ។ ក្នុងមួយភូមិមានកងឈ្លបចំនួន៣ទៅ៥នាក់។ នៅក្រោយថ្ងៃខ្មែរក្រហមទទួលជ័យជម្នះ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅធ្វើជាកងឈ្លបដដែល ហើយភារកិច្ចសំខាន់របស់ខ្ញុំក្រៅពីយាមភូមិឃុំ និងស៊ើបការណ៍ពីប្រជាជនថ្មី គឺត្រូវបង្កប់ក្នុងជួរបដិវត្តន៍ដើម្បីតាមដានអ្នកដែលអង្គការសង្ស័យថាក្បត់។ ខ្ញុំស្គាល់គុកក្រាំងតាចាន់ ដែលជាកន្លែងឃុំឃាំងអ្នកទោសដែលក្បត់នឹងអង្គការ។ នរណាក៏ដោយឲ្យតែហ៊ាននិយាយខ្សឹបខ្សៀវថាហូបចុកមិនឆ្អែត ឬនិយាយដើមអង្គការ ហើយឈ្លបឮ អ្នកនិយាយនោះត្រូវបានចាប់ខ្លួនមិនខាន។ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហមថ្នាក់ឃុំស្រុកបណ្តើរមនុស្សជាច្រើននាក់ឆ្ពោះទៅគុកក្រាំងតាចាន់។ អ្នកទោសទាំងនោះ ត្រូវបានបណ្តើរចេញពីមន្ទីរស្រុក១០៥ មានទីតាំងស្ថិតនៅអង្គរកា។ អ្នកទោសខ្លះត្រូវបានសម្លាប់ចោលតាមព្រៃអមសងខាងផ្លូវទៅគុកក្រាំងតាចាន់។ ក្រៅពីធ្វើកងឈ្លប ពេលខ្លះខ្ញុំត្រូវចាត់តាំងឲ្យមកដាំបាយនៅតាមសហករណ៍ដែរ។

នៅពេលកងទ័ពវៀតណាមវាយចូលមក នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំនាំគ្រួសាររបស់ខ្ញុំព្រមទាំងប្រជាជនផ្សេងៗទៀតរត់កាត់តាមភ្នំដំរីរមៀល ឆ្ពោះទៅផ្លូវជាតិលេខ៤។ ខ្ញុំទៅដល់ភ្នំក្រាំងដីវ៉ាយ និង គិរីរម្យ ក្នុងខេត្តកំពង់ស្ពឺដើម្បីរត់គេចពីកងកងវៀតណាម។ អ្នកខ្លះបានស្លាប់នៅតាមផ្លូវដោយសារពុំមានអាហារហូប។ មនុស្សចាស់ដែលធ្វើដំណើរទៅមុខលែងរួច ត្រូវបានកូនចៅទុកចោលនៅតាមផ្លូវក៏មាន។ ខ្ញុំរត់គេចខ្លួនអស់រយៈពេលជាងកន្លះឆ្នាំ ទើបវិលត្រឡប់មកស្រុកកំណើតវិញ។

អត្ថបទ ៖ ង៉ាន់ វីន បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា