"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

សិស្សានុសិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកា​ថ្នាក់រៀនចុងសប្តាហ៍ និង ទស្សនកិច្ចសិក្សាទៅកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍

នៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ​២០២២ សិស្សានុសិស្សថ្នាក់ទី១២ចំនួន៥០នាក់ ដឹកនាំដោយ​លោក ឃ្លាំង នរា នាយករង និងលោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកា​ថ្នាក់​រៀនចុង​សប្តាហ៍ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងធ្វើទស្សន​កិច្ច​សិក្សា​​ទៅ​កាន់ចេតីយ៍រំឭក​សម្រាប់​​សហគមន៍ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្ត​កំពង់​ចាម។ ការរៀបចំវេទិកាថ្នាក់រៀនចុង​សប្តាហ៍ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើកទី៥នេះគឺដើម្បីលើក​កម្ពស់​​ការយល់​ដឹង​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដល់អ្នកចូលរួម​និងសិស្សានុ​សិស្សដែលកំពុងសិក្សាថ្នាក់ទី១២​។ ក្នុង​អំឡុងពេលទស្សនកិច្ចសិក្សានៅចេតីយ៍រំឭក​សម្រាប់​​​សហគមន៍​ សិស្សានុសិស្ស និងលោកគ្រូ​-អ្នកគ្រូ ជួបសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​នៅមូលដ្ឋាន​ដើម្បីស្វែងយល់អំពីរឿងរ៉ាវរបស់​ប្រជាជនរស់នៅក្នុងរបបខ្មែរក្រហម។​

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ​ស្វាគមន៍ និង​ដឹកនាំ​សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗ​ដែលបង្ហាញអំពី ប្រវត្តិ​​មេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការរដ្ឋានទំនប់​ និងពិព័រណ៍រូបថត​ចំនួន​៨ផ្ទាំងទៀតអំពីរឿងរ៉ាវរបស់​អ្នករស់រានមានជីវិត​ពីរបប​ខ្មែរ​ក្រហម​ក្នុង​ស្រុកកំពង់សៀម ដែលបាន​ស្រាវជ្រាវ និងចងក្រង​ដោយអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្ត​កំពង់ចាម។ ជាមួយគ្នានេះដែរ លោក ចិន្ដា បានធ្វើបទបង្ហាញដល់សិស្សានុសិស្សអំពីឯកសារ​ខ្មែរក្រហម​, កិច្ចការងារស្រាវជ្រាវ និងវេទិកាអប់រំអំពី​ប្រវត្តិ​សាស្រ្តខ្មែរក្រហមដែលមាននៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលសិស្សានុសិស្សអាចមកធ្វើ​ការ​សិក្សាស្រាវ​ និងមក​ចូលរួម។ ឆ្លៀតក្នុងឱកាសនេះ លោក រស់ សំពៅ នាយកបណ្ណសារនៃមជ្ឈ​មណ្ឌលឯកសារកម្ពុជា បានចែក​រំលែកចំណេះដឹងអំពីប្រភេទឯកសារ​ខ្មែរក្រហម និងរំឭកអំពីសារសំខាន់​នៃ​ការស្រាវជ្រាវសម្រាប់សិស្សានុសិស្ស។

ជា​កិច្ចបន្ត លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ទ្រឹស្ដី និងវិធីសាស្រ្ត​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ ដែលមានរយៈពេលជិត២ម៉ោង។

​កម្មវិធីចុងក្រោយនៃ​វេទិកា​ថ្នាក់រៀននេះគឺជាដំណើរ​ទស្សនកិច្ច​ទៅកាន់ចេតីយ៍រំឭក​សម្រាប់​សហ​គមន៍ ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេល​ទៅដល់ទីតាំង​ចេតីយ៍​រំឭកសម្រាប់សហគមន៍នេះ សិស្សានុសិស្ស បានជួបសន្ទនាផ្ទាល់ជាមួយលោក តុង សុភា អ្នករស់​រាន​មានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមក្នុងមូល​ដ្ឋាន​ភូមិចំការសាមសិប។ លោក សុភា បាននិយាយប្រាប់អំពីរឿងរ៉ាវជីវិត ការបាត់បង់​ឳពុក និងការ​ចាប់ខ្លួនអ្នកភូមិយកទៅសម្លាប់ដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី។ ជាចុង​ក្រោយ លោក សុភា បានអរគុណដល់ក្រុមការងារដែលបានរៀបចំឡើងនូវកិច្ចសន្ទនានេះដែលអាចឲ្យ​ខ្លួនបានចែករំលែកអំពីដំណើរជីវិត និងរឿងរ៉ាវកើតឡើងក្នុងភូមិនៅក្នុងរបបខ្មែរក្រហម និងផ្ដាំផ្ញើសារ​ដល់​សិស្សានុសិស្សទាំង​អស់​ឲ្យ​ខិត​ខំរៀនសូត្រ ស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមការការ​ពារកុំឲ្យរបបខ្មៅងងឹត​នេះ​វិលត្រឡប់មកវិញ។​

បន្ទាប់ទស្សនកិច្ចសិក្សានៅទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍បានបញ្ចប់ សិស្សានុ​សិស្ស ​បង្ហាញ​ទស្សនយល់ឃើញ​របស់ខ្លួនដូចខាងក្រោម ​៖

សិស្សឈ្មោះ ឡុន ម៉េងហ៊ាង រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ​ ឈីន​លាន ​ហាន់ជ័យ បាននិយាយថា «ខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្រ្តជាច្រើនចេញពីការទស្សនា​ផ្ទាំង​រូបភាពប្រវត្តិសាស្រ្ត ការធ្វើបទបង្ហាញ និងការស្ដាប់រឿងរ៉ាវជីវិតរបស់អ៊ំប្រុស សុភា ដែលរួចផុតជីវិតពី​របប​ខ្មែរក្រហម។ ខ្ញុំពិតជាអាណិតអាសូរដល់ប្រជាជនខ្មែរជំនាន់មុនដែលបានឆ្លងកាត់សង្រ្គាម និងរបប​ខ្មែរក្រហម។ ក្នុងនាមជាយុវ​ជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲរបបនេះមក​វិញ​ម្ដងទៀត»។

សិស្សឈ្មោះ អុន ម៉េងហួ រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់​ជ័យ បានចែករំលែកអ្វីដែលខ្លួនទទួលបានថា «ខ្ញុំពេញចិត្តចំពោះកម្មវិធីនេះ ពីព្រោះខ្ញុំទទួលបាន​ចំណេះដឹងពីរបប​ខែ្មរក្រហមដែលបានបង្កការស្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លិចបំផ្លាញប្រទេស​ជាតិ។ ចំណេះដឹងថ្មីដែលខ្ញុំទទួលបានគឺផលវិជ្ជមានបន្សល់ទុកដោយខ្មែរក្រហម រួមមាន ការដ្ឋានទំនប់​ចំនួន៥ បានប្រែក្លាយទៅជាទីកន្លែងស្ដុកទុកទឹកសម្រាប់ផ្គត់ផ្គង់ដំណាំកសិកម្ម»។

សិស្សឈ្មោះ ម៉ុន សុម៉ាឡា រៀនថ្នាក់ទី១២- A មុខវិជ្ជាវិទ្យាសាស្រ្តពិតនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បង្ហាញអារម្មណ៍របស់ខ្លួន បន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅចេតីយ៍រំឭក សម្រាប់​សហគម​ន៍ថា​ «ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះអ៊ំប្រុសដែលបានរស់នៅយ៉ាងលំបាក និង​បាត់បង់​ឪពុកជាទីស្រឡាញ់ ដោយខ្មែរក្រហមសារបានយកឪពុកគាត់ទៅសម្លាប់។ ទុក្ខលំបាក និង​ការបាត់បង់​ឪពុករបស់អ៊ំគឺនៅតែនៅក្នុងការចងចាំរបស់ខ្ញុំ។ ខ្ញុំនឹងយកអ្វីដែលខ្ញុំទទួលបានថ្ងៃទៅសួរឪពុកម្ដាយ និង​ជីដូន​របស់ខ្ញុំអំពីហេតុការដែលគាត់បានឆ្លងកាត់​ក្នុង​របបខ្មែរក្រហម»។

សិស្សឈ្មោះ សារ៉ន ហ្គេកគីម រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យថ្នាក់ បានលើកឡើងអំពីចំណេះដឹងដែលខ្លួនទទួលបានពីវេទិកាអប់រំចុងសប្ដាហ៍នេះ​ថា «ខ្ញុំ​ទទួលបានចំណេះដឹងជាច្រើន និងឃើញរូបភាពជាច្រើនដែលបានបន្សល់ទុកពីសម័យប៉ុល ពត។ ខ្ញុំ​មានអារម្មណ៍អាណិតអាសូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវទាំង​អស់​​នេះ គឺឆ្លុះបញ្ចាំងរាល់ទិដ្ឋ​ភាពនៅក្នុងមេរៀនដែលខ្ញុំរៀននៅក្នុងថ្នាក់»។

អត្ថបទ និង រូបថត ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម