"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចុះបំពេញបេសកកម្មនៅតាមមូលដ្ឋានក្នុងស្រុកកំពង់សៀម និង ស្រុកកោះសូទិន ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២

ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយ ស៊ាង ចិន្ដា ទូច វណ្ណេត និង អេង វណ្ណីកា បានចុះបំពេញបេសកកម្មការងារនៅតាមមូលដ្ឋានស្រុកកំពង់សៀម និង​ស្រុកកោះសូទិនចាប់ពីថ្ងៃទី១០​ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ ក្រុមការងារមជ្ឈ​ម​ណ្ឌលឯកសារខេត្តកំពង់ចាម បានកំណត់គោលដៅក្នុងការបំពេញបេសកកម្មទៅលើគម្រោងសំខាន់​ៗដូចជា ៖ គម្រោងទី១) វេទិកាប្រវត្តិសាស្រ្តគ្រួសារ,  គម្រោ​ង​ទី២) វេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), គម្រោងទី៣) វេទិកាអន្តរជំនាន់ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), គម្រោងទី៤) ប្រវត្តិសាស្រ្តនិងសុខ​ភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, គម្រោងទី៥) សូត្រចាម និងគម្រោងទី៦) ទស្សនកិច្ចសិក្សាទៅកាន់ចេតិយ៍រំឭកសម្រាប់សហគមន៍ ដើម្បីរំឭកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។

រយៈពេល១០ថ្ងៃនៃការចុះបំពេញបេសកកម្មការងារប្រចាំខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចំណាយពេលចុងសប្ដាហ៍ក្នុងការរៀបចំវេទិកាថ្នាក់រៀន ដែលចូលរួមដោយសិស្សានុសិស្សមកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន សង្កើប និងវិទ្យាល័យបាធាយ និងរៀបចំវេទិកាអន្តរជំនាន់ចុងសប្ដាហ៍ ដែលចូលរួមដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងគរុសិស្សនៃមជ្ឈមណ្ឌលគរុ​កោសល្យភូមិភាគខេត្តកំពង់ចាម។ ថ្ងៃចុងសប្ដាហ៍ គឺជាពេលវេលាសម្រាកសម្រាប់សិស្សានុសិស្ស និងគរុសិស្ស ដែលអាចមកចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងមកទទួលយកចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ បន្ថែមលើការចូលរួមវេទិកាថ្នាក់រៀន សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូបានទៅទស្សនកិច្ចសិក្សានៅទីតាំងចេតិយ៍រំឭកសម្រាប់សហគមន៍ និងបានជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទីនោះ។

នៅថ្ងៃបន្ទាប់ ក្រុមការងារបានចុះទៅភូមិសាស្រ្តស្រុកកោះសូទិន និងស្រុកកំពង់សៀម ដើម្បីធ្វើវេទិកាប្រវត្តិសាស្រ្តគ្រួសារ និងជួបជាមួយអាជ្ញាធរមូលដ្ឋាន។ ក្នុងអំឡុងពេលចុះធ្វើវេទិកាប្រវត្តិសាស្រ្តគ្រួសារ ក្រុមការងារបានជួបអ្នករស់រានមានជីវិពីរបបខ្មែរក្រហមដែលបានរៀបរាប់អំពីរឿងរ៉ាវបែកបាក់គ្រួសារ ទុក្ខលំបាក បទពិសោធន៍ និងការធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម។

ក្នុងកំឡុងពេលចុះធ្វើការនៅតាមមូលដ្ឋាននៅតាមស្រុកទាំងពីរក្រុមការងារបានជួបការលំបាកខ្លះដោយសារផ្លូវ និងអាកាសធាតុ។ បើទោះបីជាជួបប្រទះបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ក្រុមការងារស្វែងរកដំណោះស្រាយ ដោយបន្ថែមពេលវេលាពន្យល់និងណែនាំខ្លួនដល់អ្នករស់រានជីវិតពីរបបខ្មែរក្រហមឲ្យមានទំនុកចិត្តក្នុងការចែករំលែកបទពិសោធន៍របស់ គាត់ក្នុងរបបខ្មែរក្រហម, ស្វែងរកផ្លូវកាត់ដែលអាចទៅដល់គោលដៅតាមពេលវេលាកំណត់, ព្យាករណ៍អាកាសធាតុយ៉ាងតិច៣ថ្ងៃមុនពេលចេញដំណើរ និងការបន្តទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ។

ការចុះបំពេញកិច្ចការងារមូលដ្ឋានក្នុងរយៈពេល១០ថ្ងៃនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានបំពេញទៅតាមផែនការគ្រោងទុក ដោយក្រុមការងារបានចុះធ្វើវេទិកាប្រវត្តិសាស្រ្តគ្រួសារចំនួន៩គ្រួសារ, ការរៀបចំវេទិកាថ្នាក់រៀន និងវេទិកាអន្តរជំនាន់ចុងសប្ដាហ៍, ការបន្តរក្សាទំនាក់ទំនងជាមួយអាជ្ញាធរស្រុកកំពង់សៀម និងស្រុកកោះសូទិន ដែលជាស្រុកគោលដៅដើម្បីអនុវត្តគម្រោងប្រវត្តិសាស្រ្តនិងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការចុះស្រាវជ្រាវអំពីសូត្រចាម និងការធ្វើទស្សនកិច្ចសិក្សាទៅកាន់ចេតិយ៍រំឭកសម្រាប់សហគមន៍។

អត្ថបទ ៖ ទូច វណ្ណេត និង អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា