"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃសុក្រ​ ទី១០ ខែមិថុនា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម រៀបចំ​វេទិកា​ថ្នាក់រៀន​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី៤ ដោយមាន​ការ​ចូលរួមពីសំណាក់សិស្សានុសិស្សចំនួន៥៤នាក់ និងលោកគ្រូអ្នកគ្រូចំនួន៤នាក់ មកពីវិទ្យាល័យបាធាយ និងវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប។ គោលបំណងនៃបង្កើតវេទិកាថ្នាក់រៀននេះ គឺដើម្បី​ជំរុញ​ដល់​ការយល់ដឹងអំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ដូចជា​ផ្ដល់ឱកាសដល់សិស្សានុសិស្សឲ្យចូលរួម​ពិភាក្សា និង​ពិចារណាស្វែងយល់​អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម​។

វេទិកា​ថ្នាក់រៀន​នេះបានផ្ដល់នូវ​កម្មវិធី​សិក្សា​រួមមាន​ ការធ្វើបទបង្ហាញអំពីកិច្ចការងារស្រាវជ្រាវ​ចងក្រងឯកសារ និងសកម្មភាពអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងការដាក់តាំង​ពិព័រណ៍​រូបថត, ការធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ និង​​ទស្សនៈ​កិច្ច​សិក្សា​ទៅកាន់​ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍ដើម្បីរំឭកការចងចាំពីអំពើប្រល័យពូជសាសន៍​។​

លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានទទួលស្វាគមន៍ និងដឹកនាំ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ដើម្បីទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពី ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន ការធ្វើការងារនៅការរដ្ឋានទំនប់ និងការវិលត្រឡប់មក វិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មក សិស្សា​នុ​សិស្ស និងលោកគ្រូអ្នកគ្រូចូលទស្សនាពិព័រណ៍រូបថតចំនួន៨ផ្ទាំង ដែលរៀបរ៉ាប់អំពីរឿងរ៉ាវរបស់​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ភ្ជាប់ជាមួយទិដ្ឋភាពពីមូលដ្ឋានដែលស្រាវជ្រាវ និងសរសេរ ដោយអ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តកំពង់ចាម។ ក្នុងឱកាសកំពុងដើរទស្សនារូបថតនៅ​ក្នុងសាលពិព័រណ៍ លោក ចិន្ដា បានបង្ហាញអំពីឯកសារ​ខ្មែរក្រហមដែលមានតម្កល់នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម និងជំរុញទឹកចិត្តឲ្យសិស្សានុសិស្ស ចូលមកអាន​ឯកសារ និង​ស្រាវជ្រាវ​កាន់តែច្រើន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

ជា​កិច្ច​បន្ទាប់ លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​និយមន័យ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។ លោក រ៉ាស៊ី និយាយទៅកាន់សិស្សានុសិស្សទាំងអស់អំពីការ បង្រៀនដល់កុមារនៅក្រោមដើមឈើ នៅក្នុងរបបខ្មែរក្រហម។ ការលើកឡើងបែបនេះបានបង្កើតឲ្យមាន ការចាប់អារម្មណ៍​ និងការផ្សាភ្ជាប់របស់សិស្សនុសិស្សចូលរួម ដែលកំពុងអង្គុយនៅក្រោមដើមមានដ៏ធំ មួយនៅពេលនេះ។ លោក រ៉ាស៊ី ចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដែលអូស បន្លាយរយៈពេល២ម៉ោង។ ក្នុងអំឡុងពេលនៃវេទិកាថ្នាក់រៀននេះ សិស្សានុសិស្សចូលរួមបាន ស្ដាប់ការ ធ្វើបទបង្ហាញរបស់វាគ្មិនយ៉ាងយកចិត្តទុកដាក់។ បន្ទាប់​ពីបទ​បង្ហាញ​ត្រូវបាន​បញ្ចប់ សិស្សានុសិស្ស​ទាំង​អស់ទ​ទួលបាន​សៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩)» ជា​ភាសា​ខ្មែរ បោះពុម្ព​លើក​ទី​២ ដើម្បី​ទុកជា​ឯកសារអានផ្ទាល់ខ្លួន និងស្វ័យសិក្សា​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​នេះ។

សម្រាប់កម្មវិធី​បន្ទាប់សិស្សនិងលោកគ្រូអ្នកគ្រូ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំងចេតីយ៍​រំឭក​សម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ក្នុងឱកាសចុះ​មក​ដល់ទីតាំងចេតីយ៍រំឭកនេះ សិស្សានុសិស្ស បានជួបនិយាយផ្ទាល់ជាមួយអ្នករស់រាន មានជីវិតពីរបប​ខ្មែរក្រហមចំនួន២នាក់គឺ តុង សុភា ដែលបានបាត់បង់ឪពុក  និង មួង សៀងលី ដែលជា កងចល័ត​នារី​ក្នុងរបបខ្មែរក្រហម។ ក្នុងជំនួបសន្ទនាផ្ទាល់រយៈពេលជិត១ម៉ោងនេះ សិស្សានុសិស្ស បានសួរ​សំណួរ​ជាច្រើន​ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីបទពិសោធន៍ ការធ្វើការងារហួស កម្លាំង ការហូប​ចុកមិនគ្រប់គ្រាន់ និងការបាត់បង់សាច់ញាតិនៅក្នុងរបបខ្មែរក្រហម។

​បន្ទាប់ពី​កម្មវិធីទស្សនកិច្ចសិក្សានៅទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍បានបញ្ចប់ សិស្សានុ សិស្ស និង​លោកគ្រូ-​អ្នកគ្រូ ដែលចូលរួមវេទិកា​ថ្នាក់រៀន​ស្ដីអំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នេះ ​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួនដូចខាងក្រោម​៖

លោកគ្រូ ឡាំង ឆេងម៉ាប់ នាយករងនៃវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប ដែលដឹកនាំ​សិស្ស​និង​លោកគ្រូអ្នកគ្រូចូលរួមវេទិកាថ្នាក់រៀននេះ​ មានប្រសាសន៍ថា «កម្មវិធីអប់រំអំពីប្រវត្តិសាស្រ្ត កម្ពុជា​ប្រជាធិបតេយ្យនេះ គឺល្អណាស់សម្រាប់សិស្សានុសិស្ស ដែលកំពង់សិក្សាកម្រិតវិទ្យាល័យ ដើម្បីធ្វើ ការឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរ ដែលមានការផ្ទុះឡើងនូវសង្រ្គាមស៊ីវិល និងអំពើប្រល័យពូជសាសន៍​។ ការស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនាពេលនេះគឺដើម្បីពង្រឹងចំណេះដឹងបន្ថែមទៅលើមេរៀនក្នុង​ថ្នាក់សម្រាប់សិស្សានុសិស្ស។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំងនោះគឺការឲ្យសិស្សានុសិស្សចុះទស្សនកិច្ច​សិក្សា និងមានឱកាសជួបសួរនាំផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

សិស្សឈ្មោះ ឡន សុខយីតតា ភេទស្រី រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប បានលើកឡើងចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំបានរៀនអំពី​ប្រវត្តិសាស្រ្តខ្មែរក្រហមនៅថ្នាក់ប្រវត្តិសាស្រ្តនៅវិទ្យាល័យ។ អ្វីដែលខ្ញុំទទួលបានពីវេទិកាថ្នាក់រៀននេះ  គឺការយល់ដឹង ច្រើនជាងមុនអំពីព្រឹត្តិការណ៍សង្រ្គាមស៊ីវិលនៅកម្ពុជា និងរឿងរ៉ាវដែលបានកើតឡើងក្នុង​របបខ្មែរ​ក្រហម​។ អ្វីដែលសំខាន់បន្ថែមលើនេះទៀតនោះ ខ្ញុំក៏បានស្ដាប់ដោយផ្ទាល់នូវការនិយាយប្រាប់​រឿងរ៉ាវ​​របស់អ្នករស់រានមានជីវិតអំពីទុក្ខលំបាក និងការបាត់បង់សាច់ញាតិនៅចេតីយ៍»។

សិស្សឈ្មោះ សួស ឧស្សារ ភេទស្រី រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យា​ល័យសម្ដេច ហ៊ុន សែន សង្កើប រៀបរាប់ថា «ខ្ញុំទទួលចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំដឹងអំពីផលវិបាក និងវិនាសកម្មបន្សល់ទុកដោយខ្មែរក្រហម ប៉ុន្តែនៅពេលនេះ ខ្ញុំដឹងអំពីផលវិជ្ជមាន​សេសសល់ពីរបបខ្មែរ​ក្រហម ដូចជា ទំនប់ទឹក ដែលក្លាយទៅជាទីកន្លែងស្ដុកទុកទឹក និងកន្លែងកំសាន្ត​នាពេលបច្ចុប្បន្ន។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា