"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ខ្ញុំឈឺពោះឆ្លងទន្លេពេលរត់គេចពីសង្រ្គាម

ឈ្មោះ យស់ ហ៊ិន អាយុ៧៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ យស់ ជិន ស្លាប់តាំងពីខ្ញុំអាយុ១០ឆ្នាំ និងម្ដាយឈ្មោះ វ៉ា សោរ ស្លាប់តាំងពីខ្ញុំអាយុ៥ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ (ប្រុស១នាក់) ហើយសព្វថ្ងៃនៅរស់ជីវិតតែខ្ញុំម្នាក់ប៉ុណ្ណោះ។ បន្ទាប់ពីឪពុកម្ដាយរបស់ខ្ញុំស្លាប់ទៅ ខ្ញុំបានទៅរស់នៅជាមួយអ៊ំរបស់ខ្ញុំ និងជួយធ្វើស្រែចម្ការគាត់។

កាលនៅក្មេងខ្ញុំមិនបានចូលរៀនសូត្រអ្វីទេ គឺគ្រាន់តែបានរៀនអក្ខរកម្ម១ឬ២ខែពេលទំនេរពីការធ្វើស្រែចម្ការ ដែលជាហេតុធ្វើឲ្យខ្ញុំមិនចេះអក្សរ។ នៅឆ្នាំ១៩៦៩ ខ្ញុំបានរៀបការជាមួយបុរសម្នាក់ដែលមានឈ្មោះថា ម៉ៅ ភូ និងចាប់ផ្ដើមរកស៊ីធ្វើស្រែចម្ការចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ។ នៅក្នុងភូមិបេងចាប់ផ្ដើមមានការប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែកជាច្រើន ដូចជា គ្រាប់ណាប៉ាល់ និងគ្រាប់បូម។ ការទម្លាក់គ្រាប់បែកនេះធ្វើឲ្យភូមិបេងមានរណ្ដៅគ្រាប់ជម្រៅប្រមាណ១០ម៉ែត្រ និងមានបណ្ដោយ-ទទឹងប្រមាណ១០ទៅ១៥ម៉ែត្រ និងបណ្តាលឲ្យខ្ចេចខ្ទីផ្ទះប្រជាជន ខូចផលដំណាំ និងងាប់សត្វចិញ្ចឹមអស់ជាច្រើន។ ជាញឹកញាប់គ្រួសាររបស់ខ្ញុំបានភៀសទៅនៅឃុំកន្សោមអក ខាងជើងផ្លូវជាតិលេខ១ ឬក៏ទៅផ្ទះបងថ្លៃដើម្បីសុំកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្ន។ រឿងមួយដែលខ្ញុំចាំមិនភ្លេចពេលជម្លៀស គឺខ្ញុំបានឈឺពោះឆ្លងទន្លេកូនដំបូងនៅផ្ទះបងថ្លៃរបស់ខ្ញុំ ហើយពេលនោះក៏មានទាហានធីវគី (វៀតណាមខាងត្បូង) ចុះមកឆែកឆេររកទាហានវៀតកុង (វៀតណាមខាងជើង)។ ទាហានធីវគីពី៤ទៅ៥នាក់ ចូលក្នុងរោងស្រូវដែលជាកន្លែងខ្ញុំឆ្លងទន្លេ និងបម្រុងចាប់ប្ដីរបស់ខ្ញុំ ប៉ុន្តែពេលឃើញប្ដីរបស់ខ្ញុំកាន់កូនខ្ចីទើបតែកើត ទើបទាហានធីវគីដើរចេញទៅវិញ។ នៅយប់ដដែលនោះ ទាហានធីវគី បានបាញ់ផ្លោងគ្រាប់ជាច្រើនចូលក្នុងភូមិ ដែលជាហេតុធ្វើឲ្យខ្ញុំមិនបានឆ្អើរភ្លើងនៅលើគ្រែ ហើយត្រូវរត់ចូលក្នុងត្រង់សេ។ លុះស្អែកឡើង គ្រួសាររបស់ខ្ញុំបានធ្វើដំណើរបន្តទៅមុខទៀត ដើម្បីសុំផ្ទះឪពុកក្មេករបស់ខ្ញុំស្នាក់នៅ និងគេចពីការធ្វើបាបរបស់ទាហានធីវគី។ គ្រួសាររបស់ខ្ញុំភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែងទៀត ដោយសុំផ្ទះអ្នកស្រុកស្នាក់នៅ និងជួយធ្វើការងារផ្សេងៗរបស់ម្ចាស់ផ្ទះដើម្បីបានអង្ករហូបប្រចាំថ្ងៃ។ ខ្ញុំចេះធ្វើបាវអំពីស្លឹកត្នោត សម្រាប់ដាក់ស្រូវបានប្រមាណ១០តៅ ១៥តៅ ទៅ២០តៅ ទៅតាមការចង់បានរបស់អ្នកស្រុកដើម្បីប្ដូរយកស្បៀងអាហារ។

នៅឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំបានត្រឡប់មករស់នៅក្នុងភូមិបេងវិញ និងចាប់ផ្ដើមធ្វើស្រែជាក្រុមប្រវាសដៃ។ ក្រោយមកទៀត អង្គការបានប្រមូលរបស់របរទាំងអស់ដាក់ធ្វើជារបស់រួម និងចាប់ផ្ដើមធ្វើការងាររួមគ្នាទាំងអស់ដោយគ្រាន់តែចែកជាក្រុមនិងកង។ នៅក្នុងឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំពរពោះកូនទី៣របស់ខ្ញុំបាន៥ខែ អង្គការបានប្រើខ្ញុំឲ្យរែកដីបាតត្រពាំង១ថ្ងៃឲ្យបានមួយតោនយកមកទុកធ្វើជីដាក់ស្រែ។ អំឡុងពេលនោះ ដោយសារតែខ្ញុំធ្វើការងារធ្ងន់ៗពេក ទើបធ្វើឲ្យខ្ញុំធ្លាក់ឈាម។ ឃើញស្ថានភាពដូច្នេះ ខ្ញុំដាច់ចិត្តស្នើសុំប្រធានសហករណ៍ឈប់សម្រាកដើម្បីឲ្យបាត់ធ្លាក់ឈាមសិន។ ប្រធានសហករណ៍ឈ្មោះ ផុន បានប្ដូរការងារខ្ញុំឲ្យដើរប្រមូលស្លឹកឈើនៅក្នុងភូមិយកទៅដាក់ក្នុងរណ្ដៅជីវិញ ព្រោះវាជាការងារស្រាល។ នៅពេលដែលខ្ញុំពរពោះបានជិត៨ខែ ខ្ញុំធ្លាក់ឈាមកាន់តែខ្លាំងជាងមុន។ នៅយប់នោះ ដោយសារប្ដីរបស់ខ្ញុំមិននៅ គឺគាត់ត្រូវបានអង្គការប្រើឲ្យទៅធ្វើត្រីប្រហុកនៅកោទៃ ក្នុងស្រុកព្រះស្ដេច ទើបខ្ញុំដាស់កូនរបស់ខ្ញុំឲ្យទៅហៅបងស្រីរបស់ខ្ញុំឈ្មោះ ជៀវ ដែលនៅផ្ទះជាប់គ្នាឲ្យមកមើលខ្ញុំ។ ពេលបងរបស់ខ្ញុំមកដល់ គាត់បាននៅកំដរ និងឲ្យខ្ញុំស៊ូទ្រាំ។ រហូតដល់ស្អែកឡើងបងរបស់ខ្ញុំម្នាក់ទៀតមកពីភូមិជីអក ប្រាប់ខ្ញុំឲ្យទៅសុំប្រធានសហករណ៍ដើម្បីទៅពេទ្យ។ ពេលទៅដល់ពេទ្យ ខ្ញុំធ្លាក់ឈាមកាន់តែច្រើនដែលជាហេតុធ្វើឲ្យខ្ញុំឈឺពោះកាន់តែខ្លាំង។ ដោយមើលឃើញថាខ្ញុំឈឺខ្លាំងពេក បង ជៀវ បានទៅសុំប្រធានពេទ្យនៅក្នុងវត្តបេង ឈ្មោះ ហេង ដើម្បីទៅហៅយាយម៉បឈ្មោះ ទូច នៅក្នុងភូមិបេងឲ្យមកមើលខ្ញុំ។ ពេលដែលយាយម៉បមកដល់ គាត់បានយកដៃរុញកូនក្នុងពោះរបស់ខ្ញុំឲ្យធ្លាក់ចុះមកក្រោម ទើបខ្ញុំបាត់ឈឺចុកចាប់ និងសម្រាលកូននៅថ្ងៃនោះតែម្ដង។ បន្ទាប់ពីកូនខ្ញុំកើតបាន១ថ្ងៃក៏ស្លាប់ ព្រោះមិនមានថ្នាំនិងការថែទាំត្រឹមត្រូវ។ ខ្ញុំឈប់សម្រាកពីការងារបានត្រឹមតែ១០ថ្ងៃតែប៉ុណ្ណោះក៏ត្រូវបានអង្គការប្រើឲ្យដើរប្រមូលសំរាមនៅក្នុងភូមិបន្តទៀត។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំធ្វើការងារធ្ងន់ៗ និងមិនហ៊ានសម្រាកឡើយ ព្រោះចង់យកចិត្តអង្គការដើម្បីកុំឲ្យអង្កការយកទៅសម្លាប់ចោល។

នៅក្នុងឆ្នាំ១៩៧៩ ប្រជាជនត្រឡប់មកដល់ផ្ទះវិញរៀងៗខ្លួន ហើយខ្ញុំចាប់ផ្ដើមប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតបន្តរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ភា រស្មី បុគ្គលិកម្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។

យស់ ហ៊ិន អាយុ៧៩ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ដល់ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
ផ្ទះរបស់ យស់ ហ៊ិន នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
គ្រាប់ផ្លោងដែលបន្សល់ពីសម័យសង្រ្គាម នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
វាលស្រែ និងដើមត្នោត នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)