"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ដំណើរទស្សនកិច្ចសិក្សាស្ដីអំពី «សន្តិភាព និងសិទ្ធិមនុស្ស»

នៅ​​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០២២ មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ នៃ​មជ្ឈ​មណ្ឌល​​ឯក​សារ​កម្ពុជាបាន​​រៀប​ចំ​​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្ដី​ពី​ «សន្តិភាព​ និង​សិទ្ធិ​មនុស្ស​» នៅ​ស្រុក​អន្លង់​វែង​។​ ​ទស្សនកិច្ច​សិក្សា​នេះ​​ចាប់​ផ្ដើម​នៅ​ម៉ោង​២:០០ នាទី​រសៀល ​ក្នុង​គោល​បំ​ណង ​«លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ប្រវត្តិ​សាស្រ្ត​នៅ​ក្នុង​សហគមន៍​អន្លង់​វែង​» ​ដែលមានយុ​វជន​​ចំនួន​១៦​នាក់ (ស្រី១១នាក់ និង​ប្រុស​៥នាក់) មក​ពី​ស្រុក​ត្រពាំង​ប្រាសា​ទ​៥នាក់​ និង​ស្រុក​អន្លង់វែង១១នាក់​ ​ បានមកចូលរួម​។ ​

សិស្សានុសិស្សកំពុងមើលផ្ទាំងពិព័ណ៍រូបថត និងថតរូបភាពនៅសារមន្ទីរផ្ទះ តាម៉ុក។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​​ទស្សនកិច្ចសិក្សានេះ​ចាប់​ផ្ដើម​ចេញ​​​​ដំណើរពីការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងស្ថិតនៅជាប់ស្ពានអូរជីក ឆ្ពោះ​ទៅ​កាន់​​​អតីត​ផ្ទះ​កណ្ដាល​របស់​ តាម៉ុក នៅលើភ្នំដងរែក ដែល​បច្ចុប្បន្ន​គឺជាមជ្ឈ​មណ្ឌល​សន្តិភាពអន្លង់​វែ​ង​។ រថ​យន្តដែលដឹកក្រុមយុវជនបានធ្វើ​​ដំ​ណើរ​​សន្សឹម​ៗតាម​​​​ជួរ​ភ្នំ​ដង​រែក​ ដែល​មាន​រុក្ខជាតិ​តូច​ធំ​ជា​ច្រើន​ដុះ​​អមសង​ខាង​ផ្លូវ​​​។ ​បន្ទាប់មក ក្រុមយុវជន​ និង​ក្រុម​ការងារមជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង​បាន​ទៅដល់​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង​​។ នៅ​ក្នុងការិយាល័យ​មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង​​មាន​កា​រ​ដាក់​តាំងពិព័រណ៍​​ រូប​ភាព​ជា​ច្រើនផ្ទាំង​ទាក់​ទងទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិ​ភូចិន​មកកាន់​ប្រទេស​​កម្ពុជា និ​ង​រូប​ភាព​ពេលកងកម្លាំងខ្មែរក្រហម​ធ្វើ​សមាហរណ​កម្មចុង​ក្រោយ​នៅ​ស្រុក​អន្លង់​វែង នៅ​​ឆ្នាំ​១៩៩៨​។ ក្រៅ​ពី​រូប​ភាព​ទាំងនេះ​ ​​នៅ​មាន​សៀវ​ភៅ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​ដាក់​តាំង​ដោយ​ក្រុម​ការ​ងារ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​សម្រាប់​ឲ្យ​ភ្ញៀវ​ទស្សនា​ និង​អាន​។

​មគ្គុទេ្ទស​ក៍ ចាប់ផ្ដើ​ម​ធ្វើ​បទ​​បង្ហា​ញយ៉ាង​ក្បោះ​ក្បាយ​ទៅ​កាន់​ក្រុម​យុវជន​ឲ្យ​បាន​យល់​ដឹងអំពីមជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ ឬ​អតីត​ផ្ទះ​កណ្ដាល​របស់​ តាម៉ុក ដែល​ត្រូវ​បានក​សាង​ឡើង​នៅ​ឆ្នាំ​១៩៩៥។ ផ្ទះ​នេះ​ត្រូវ​បាន ​តាម៉ុក ​ទុក​សម្រាប់​ជាទីកន្លែង​ប្រជុំ​សំខាន់​ៗ ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​ធំ​ៗរបស់​ខ្មែរ​ក្រហម ​ដូចជា​ ប៉ុល ពត, ខៀវ សំ​ផន, នួន​ ជា​ ព្រមទាំង​មេ​បញ្ជា​ការ​កង​ពលខ្មែរក្រហម​ផ្សេង​ៗ​ទៀត​។

​​បច្ចុប្បន្ន មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​​ ឬ​អតីត​ផ្ទះ​កណ្ដាល​របស់​ តាម៉ុក នេះ គឺ​ជា​បណ្ណា​ល័យ​ និង​ជា​ទីកន្លែង​សាក​សួរ​ព័ត៌​មាន​សម្រាប់​ភ្ញៀវជាតិ​ និ​ង​អន្តរជាតិ​ ហើយ​ក៏​ជា​ការិយា​ល័យសិក្សា​មួ​យ​សម្រាប់​អ្នក​ដែល​ចង់​មក​ស្រាវជ្រាវ​ទាំ​ង​ក្នុង​និង​ក្រៅ​ប្រទេស​ដែរ។ ​

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងកំពុងនាំសិស្សមកធ្វើទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្រ្តផ្នូរ ប៉ុល ពត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ជាកិច្ច​បន្ទាប់​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅមជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែងលើភ្នំដងរែកនេះ​ ក្រុម​យុវជន​ទាំង​អស់​បាន​វិល​ត្រឡប់​មក​កាន់​រថ​យន្ត​ ដើម្បី​​ចេញដំណើរ​​ទៅកាន់​​ទីកន្លែង​បូ​ជា​សព​ ប៉ុល ពត បន្ត​ទៀត​​។ នៅ​ទី​តាំង​បូជា​សព​ ប៉ុល ពត​ នេះ ​មគ្គុទេ្ទស​ក៍បាន​ធ្វើ​ការ​អធិ​ប្បាយ​យ៉ាង​លម្អិត​ទៅកាន់​​ក្រុម​យុ​វជនទាក់ទងនឹង ប៉ុល​ ពត​ ដែលជា​មេ​ដឹក​នាំ​​នៅ​សម័យ​ខ្មែរ​ក្រហម​។ ប៉ុល​ ពត​ បាន​ស្លាប់នៅ​ថ្ងៃ​ទី​១៧​ ខែមេ​សា ឆ្នាំឆ្នាំ​១៩៩៨ ​ដោយ​សារជំងឺ​គាំង​បេះ​ដូង​។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ ប៉ុល ព​ត​ ​ស្លាប់​គឺ​ជា​ពេល​ដែល​កង​កម្លាំងរាជ​រដ្ឋា​ភិបាល​វាយ​លុក​ចូ​លមកកាន់តំបន់អន្លង់វែង​កាន់តែខ្លាំង​ ជាហេតុធ្វើ​​ក្រុម​គ្រួសារ​របស់​​ ប៉ុល ពត ពុំ​អា​ច​រក​ឈើ​ឬឧសបាន​គ្រប់​គ្រាន់សម្រាប់​យក​មក​បូ​ជាសពរបស់ ប៉ុល ពត​​។ ដូច្នេះ​សាក​សព​របស់ ប៉ុល ពត ត្រូវ​បាន​បូជា​ជាមួយ​នឹង​កៅ​អី​​ រួមជាមួយ​នឹងសម្បក​កង់​ឡាន​ចាស់ៗ​។ ក្រោយពី​បូ​ជារួច​ហើយ​ ឆ្អឹង​របស់ ប៉ុល ពត ក៏ត្រូវ​បាន​ទុក​ចោល​នៅ​ទី​នោះ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​។​

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងកំពុងបង្ហាញអំពីផ្ទាំងពិព័រណ៍ទៅកាន់សិស្សនៅសារមន្ទីរផ្ទះ តាម៉ុក។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មិន​បង្អង់​យូរ​ក្រុមយុវជនធ្វើ​​​ដំណើរ​ទៅ​សារមន្ទី​រ តាម៉ុក ​បន្តទៀត​​។ នៅ​ពេល​ដែល​ទៅ​ដល់​ទី​នោះ​យុ​វជន ព្រម​ទាំង​ក្រុម​ការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទៅ​​ទស្សនារូបគំនូរ រូបថត ទិដ្ឋ​ភាព​ នៅជុំវិញ​​សារមន្ទីរ​ផ្ទះ ​តា​ម៉ុក​ ក្នុង​គោល​បំណង​​សិក្សា​ស្វែង​យល់អំ​ពី​ប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម​។ មគ្គុទ្ទេសក៍ចាប់​ផ្ដើម​​​ធ្វើ​បទ​​បង្ហាញ​អំពី​ប្រវត្តិនៃ​ទីតាំង​សារមន្ទីរនេះ​​​​​​។ ផ្ទះ​តាម៉ុក​ ឬ​សារមន្ទី​រផ្ទះតាម៉ុក ​ត្រូវ​បាន​កសាង​ឡើងដោយ​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​​ឈ្មោះ​ ឈិត​ ជឿន ហៅ​ តាម៉ុក នៅថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៩៣។ នៅ​ទី​នោះ​មាន​ផ្ទះ​​​ចំនួន​៤​ខ្នង ដែល​ហ៊ុំព័ទ្ធ​ដោយ​​បឹងមានផ្ទៃក្រឡា​ទំ​ហំ៤១៧​ហិចតា។ ផ្ទះ​ទាំង​បួន​នេះ​ត្រូវ​បាន​បែង​ចែក​មុខងារ​ខុសៗ​ពី​គ្នាគឺ ផ្ទះ​ទី​១) សម្រាប់​ដាក់​ឡាន។ ផ្ទះ​ទី​២) មាន​បី​ជាន់​ ជាន់​លើ​ជា​បន្ទប់​ស្នាក់​នៅរបស់​តាម៉ុក, ជាន់​កណ្ដាល​ជា​កន្លែង​ទទួល​ភ្ញៀវ និង​ជាន់​ក្រោម​គឺជាទី​កន្លែង​លាក់ខ្លួន​របស់ ​តាម៉ុក​។ ផ្ទះ​ទី​៣) សម្រាប់​ក្រុម​គ្រួសារ​របស់​ តាម៉ុក ​រស់​នៅ​ និង​ ផ្ទះ​ទី​៤) គឺជា​រោង​បាយ​ និងជា​​កន្លែង​ស្នាក់​នៅ​របស់​ចុង​ភៅ​។

មុន​ពេល​ដំ​ណើរ​ទស្សនកិច្ច​សិក្សា​នេះ​ត្រូវបានបញ្ចប់​ ក្រុម​​យុវជន​លើក​ជា​មតិ​ និង​ចំណាប់​អា​រម្មណ៍​របស់​ខ្លួន​ដូចតទៅ ៖

ហូ​ លីនដា ភេទ​ស្រី​ អាយុ​១៧ឆ្នាំ គឺជា​សិស្ស​មក​ពី​វិទ្យា​ល័យ​ ហ៊ុន សែន ​ត្រពាំង​តាវ​​ បាននិយាយថា ​​«ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​ចូល​រួម​នៅក្នុង​ដំណើរ​ទស្សនកិច្ចសិក្សា​​នេះ​។ វា​គឺ​ដំណើរ​​ទស្សនកិច្ច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ ​និង​យុវជន​ផ្សេងៗ​ទៀត​មាន​ការ​យល់​ដឹង​ច្រើន​ទាក់​ទង​នឹង​​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ​។ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​អាច​មក​ដល់​ទី​តាំ​ង​ផ្ទាល់​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់​វែ​ង​នេះ​ និង​បាន​ស្ដាប់​ដំណើរ​ដើម​ទង​ និង​ប្រវត្តិ​នៃ​ទី​តាំង​ប្រវត្តិ​សាស្រ្ត​នីមួយ​ៗ​ថែម​ទៀត​»។

ព្រេក​ សុជាតិ​ ភេទ​ស្រី​ ១៩​ឆ្នាំ គឺជាសិស្សលើកឡើងថា  «នេះ​គឺជា​លើក​ដំបូង​របស់​ខ្ញុំ​ដែល​បាន​មក​ចូល​រួម​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​បែប​ប្រវត្តិ​សាស្រ្ត​នេះ។ ពី​មុន​​​ខ្ញុំធ្លាប់​​តែ​​បានសិក្សានៅ​តាម​សាលា​ជា​ទ្រឹស្តី​ ប៉ុន្តែ​នៅ​ក្នុង​​ឱកាសនេះ​ ខ្ញុំ​​បាន​​ចុះ​មកដល់​​ទី​តាំង​ផ្ទាល់​ ក៏​ដូច​ជា​​បានមក​​ស្ដាប់​នូវរឿងរ៉ាវជា​ច្រើន​ទាក់​ទង​នឹងទីតាំង​ប្រវត្តិសាស្រ្តនីមួយ​ៗថែម​ទៀត​​។ ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេគឺ​ ទីតាំង​ផ្ទះ​កណ្ដាល​របស់​ តាម៉ុក ដែល​បច្ចុប្បន្ន​គឺជា​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង​ ព្រោះ​​មាន​ទេសភាព​ស្អាត​ដែល​ភ្ជាប់​ជា​មួយ​នឹង​ប្រវត្តិ​សាស្រ្ត​​នៅ​ទី​នោះ​»។

ឆោម និមល​ ភេទ​ស្រី​ អាយុ​១៩ឆ្នាំ គឺជា​សិស្ស​មក​ពី​​ស្រុក​ត្រពាំង​ប្រាសាទ​ បាននិយាយថា  «ក្រោយ​ពី​បាន​ចូល​រួម​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​រួច​មក ​ខ្ញុំ​ពិត​ជាមាន​អារម្ម​ណ៍​ប្លែក​។ ខ្ញុំ​ធ្លាប់​តែ​មកកម្សាន្តនៅ​​ ​ពើយ ​តា​ម៉ុក​, សារមន្ទី តាម៉ុក​ ​ប៉ុន្តែ​ពុំ​ធ្លាប់​បាន​ដឹង​ពី​ដំណើរ​សាច់​រឿង​នៃ​ទី​តាំង​ប្រវត្តិ​សាស្រ្ត​ទាំង​អស់​នេះ​ឡើយ​។ ​ទស្សនកិច្ច​នៅថ្ងៃ​នេះ​បាន​ផ្ដល់​នូវ​ចំណេះ​ដឹង​ជា​ច្រើន​សម្រាប់​ខ្ញុំ​ក៏​ដូច​យុវជន​ផ្សេង​ទៀតដែ​ល​បាន​ចូល​រួម​​។ ខ្ញុំ​គិត​ថា​បើមាន​ឱកាស​លើក​ក្រោយ​ ​ខ្ញុំ​ចង់​ចូល​រួម​​ម្តងទៀត​ និងជាពិសេស​ខ្ញុំ​​ចង់​យុវជន​ផ្សេង​ៗទៀតមាន​ឱកាស​បាន​មក​ចូល​រួម​ដំណើរទស្សនកិច្ច​សិក្សា​​ដូច​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​យុ​វជន​​បា​ន​​សិក្សា​ ក៏​ដូច​ជា​ចង​ចាំ​នូវ​ប្រវត្តិ​សាស្រ្ត​ដ៏​ជូរ​ចត់​នេះ​»។

ដំ​ណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​បញ្ចប់នៅ​​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល​ និង​​មាន​ការ​ថត​រូប​ជុំ​គ្នា​នៅ​ខាង​មុខ​សារមន្ទី​រ តាម៉ុក ​​ទុក​ជា​អនុ​ស្សាវរីយ៍​។

អត្ថបទ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា