"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

រំឭកដល់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបបដិមាវីរស្ត្រីកម្ពុជា៖ មានក្តីសង្ឃឹម រូបបដិមានេះ គឺជាស្នាដៃរបស់សិល្បករឥណ្ឌូនេស៊ី លោក នីយ៉ូមេន ណូតា ផ្តល់កិត្តិយសដល់ស្ត្រីទាំងអស់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អមជាមួយនឹងសាច់រឿងផ្តល់ដោយលោក ឆាំង យុ។

ក្នុងសម័យកាលដ៏ខ្មៅងងឹត ជីវិតមនុស្សហាក់ដូចជាគ្មានអត្ថន័យ។ ការសម្លាប់រង្គាលបានកើតឡើងដោយគ្មានមូលហេតុអ្វីទាល់តែសោះ។ មានតែអ្នកមានអំណាចប៉ុណ្ណោះដែលអាចមើលឃើញអនាគតរបស់ខ្លួន ព្រមទាំងបានប្រាថ្នាលើសពីអ្វីដែលខ្លួនត្រូវការ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាមជាតិសាសន៍ខ្លួនបានកើតឡើង។ ខ្មែរក្រហមបានធ្វើឲ្យស្ត្រីជាច្រើនរស់នៅឯកោ ព្រាត់ប្រាសពីគ្រួសាររបស់ខ្លួន។ ពិភពលោកបានដឹងថាមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែ មានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដែលបានដឹងអំពី ការតស៊ូជម្នះរាល់ឧបសគ្គរបស់ស្ត្រីទាំងនេះ ដើម្បីខ្លួនឯងនិងកូនៗរបស់ខ្លួន។ ស្ត្រីទាំងនេះបានពើបប្រទះទុក្ខលំបាកធ្ងន់ធ្ងរជាច្រើន ប៉ុន្តែស្ត្រីនៅតែមានភាពរឹងមាំមិនងាយទ្រុឌទ្រោមពុះពារហែលឆ្លង។ ដោយប្រើប្រាស់ដៃទាំងគូរបស់ខ្លួន ស្ត្រីទាំងនេះបានកសាងគ្រួសារ និងប្រទេសជាតិរបស់ខ្លួនសាជាថ្មីឡើងវិញ។ រូបបដិមានេះ គឺជាការឧទ្ទិសដល់ស្ត្រីទាំងអស់ដែល រស់រានមានជីវិតពីរបបខ្មែរក្រហម ជាវីរស្ត្រីកម្ពុជា។