"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ៖ វេទិកាប្រវត្តិសាស្រ្តគ្រួសារ

មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង បានរៀបចំធ្វើវេទិកាប្រវត្តិសាស្ត្រគ្រួសារពីថ្ងៃទី២៣ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមចំនួន១០នាក់ រស់នៅក្នុងភូមិក្រូច ភូមិព្រៃក្រាំង ភូមិអង្គ ភូមិពញាកើត ក្នុងឃុំជាងដែក និង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ វេទិកានេះ បានធ្វើឡើងរយៈពេល៥ថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក និងមានការព្រមព្រៀងគ្នាជាមុនជាមួយអ្នករស់រានមានជីវិតទាំង១០នាក់។ ជាកិច្ចចាប់ផ្តើម បុគ្គលិកជួបសម្ភាស និងស្តាប់រឿងរ៉ាវជីវិតរបស់គាត់ និងបន្ទាប់ក្រុមការងារប្រើប្រាស់តារាងសំណួរស្ទាបស្ទង់មតិដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាសុខភាពរបស់គាត់ក្នុងគោលបំណងធ្វើឲ្យប្រសើរ ឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម។ បន្ទាប់មក អ្នករស់រានមានជីវិតម្នាក់ៗ ទទួលបានប្រអប់កាដូអនុស្សាវរីយ៍ម្នាក់មួយប្រអប់។ ដំណើរការនេះ ប្រព្រឹត្តទៅដោយមានការឯកភាពពីអ្នករស់រានមានជីវិតទាំងអស់ ក្នុងការជួបជុំ ការស្នើសុំថតសម្លេងក្នុងពេលសម្ភាស និងការថតរូប។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបពីបទពិសោធន៍របស់អ្នករស់រានមានជីវិតទាំង១០នាក់ ដែលក្នុងចំណោមអ្នកទាំង១០នាក់ អ្នករស់រានមានជីវិម្នាក់ឈ្មោះ ភោគ តាំង គឺជាអតីតគណៈឃុំក្នុងរបបខ្មែរក្រហម៖

បុរសម្នាក់កំពុងបើកគោយន្តដឹកស្រូវ នៅក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អេង ថូ

អេង ថូ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ អេង ថូ កើតនៅឆ្នាំ១៩៤៦ ក្នុងគ្រួសារមានជីវភាពធូរធារមួយ។ គាត់មានបងប្អូនបង្កើត៨នាក់ ស្រី៣នាក់។ នៅអាយុ១០ឆ្នាំ ថូ បានចូលរៀននៅវត្តពេជ្ជីរតន៍ ដែលមានព្រះសង្ឃជាគ្រូបង្រៀន។ ពីរឆ្នាំក្រោយមក ថូ បានបន្តការសិក្សានៅសាលាបឋមសិក្សាពេជ្ជីរតន៍ ហើយគាត់បានបន្តការសិក្សារបស់គាត់នៅអនុវិទ្យាល័យកំពង់ត្របែក នៅឆ្នាំ១៩៦៣។ ថូ បានបញ្ចប់ការសិក្សារបស់ខ្លួនត្រឹមថ្នាក់ទី៣ចាស់។ ក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ថូ រួមជាមួយយុវជនជាច្រើននាក់ទៀតនៅក្នុងភូមិ បាននាំគ្នាចូលរួមក្នុងចលនាបដិវត្តន៍នៅក្នុងវត្តពពេល។ អំឡុងពេលវឹកហាត់ក្បួនធ្វើសង្គ្រាម ទាហាន ធីវគី បានយករថក្រោះមកកម្ទេចក្រុមបដិវត្តន៍ ដែលជាហេតុធ្វើឲ្យ ថូ សម្រេចចិត្តត្រឡប់មកភូមិកំណើតវិញ។ ក្នុងឆ្នាំ១៩៧២ ប្រធានសហករណ៍ បានប្រាប់ឲ្យប្រជាជនទាំងអស់ធ្វើស្រែសាមគ្គី ហើយប្រជាជនអាចជ្រើសរើសក្រុមដោយខ្លួនឯងរួមទាំងគ្រួសាររបស់ថូ។ នៅក្នុងឆ្នាំ១៩៧៣ ថូ បានរៀបការជាមួយកូនក្រមុំក្នុងភូមិម្នាក់ដែលមានឈ្មោះថា នួន សុផល។ ពិធីរៀបការដែលប្រព្រឹត្តទៅនៅផ្ទះខាងស្រី គឺមានរយៈពេលមួយព្រឹក ហើយដំណើរការនៃកម្មវិធី គឺសុទ្ធតែមានប្រធានភូមិចូលរួម។ ថូ និងកូនក្រមុំ គឺតម្រូវឲ្យឡើងប្តេជ្ញាចិត្តក្នុងការចូលរួមកសាងបដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៣ ប្រជាជននៅក្នុងភូមិព្រៃក្រាំង បានចាប់ផ្ដើមស្លៀកសម្លៀកបំពាក់ខ្មៅ ហើយស្រីៗតម្រូវឲ្យកាត់សក់ខ្លី។ ពិធីរៀបការរបស់ ថូ ក៏ស្លៀកតែសម្លៀកបំពាក់ខ្មៅដូចគ្នាដែរ។ ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៨ ថូ ត្រូវអង្គការប្រើឲ្យអាឈើ (ធ្វើរោងបាយ តុ កៅអី ជង្រុកស្រូវ និងគ្រឿងផ្សេងៗសម្រាប់ប្រើប្រាប់ប្រចាំថ្ងៃ) ប្រមូលជីលេខ១តាមផ្ទះយកទៅដាក់ក្នុងឡ និងជីកសន្តរនៅព្រៃក្ដួច។ នៅថ្ងៃទី៣០ ខែ១២ ឆ្នាំ១៩៧៨ ប្រធានសហករណ៍ឈ្មោះ ក្រូច សាភឿន បានប្រាប់ឲ្យប្រជាជនទាំងអស់រួមទាំងគ្រួសារ ថូ ជម្លៀសខ្លួនចេញពីភូមិ។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់ ថូ ត្រូវកងទ័ពវៀតណាមប្រាប់ឲ្យត្រឡប់មកកាន់ផ្ទះសម្បែងវិញ បន្ទាប់ពីបានធ្វើដំណើរទៅជិតដល់ស្រុកពាមជរ។ នៅខែ២ ឆ្នាំ១៩៧៩ ថូ ត្រូវបានចាត់តាំងឲ្យធ្វើជាអនុប្រធានភូមិព្រៃក្រាំង ទទួលបន្ទុកសេដ្ចកិច្ច។ នៅខែកក្កដា ឆ្នាំ១៩៧៩ ថូ បានសម្រេចចិត្តចូលធ្វើជាគ្រូបង្រៀន ដែលមានភារកិច្ចបង្រៀនចាស់ៗក្នុងភូមិឲ្យចេះអាននិងសរសេរខ្លះៗ។ ចាប់ពីឆ្នាំ១៩៩០មក ថូ ត្រូវបានតែងតាំងឲ្យធ្វើជានាយកសាលាបឋមសិក្សា បេងបុរី។ នៅឆ្នាំ២០០៦ ថូ បានចូលនិវត្តន៍ ហើយសព្វថ្ងៃ គាត់ប្រកបរបរកសិកម្មបន្តិចបន្តួចនៅជុំវិញផ្ទះ។

អេង ថូ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ភោគ តាំង

ភោគ តាំង អាយុ៨២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ភោគ តាំង មានវ័យចំណាស់ណាស់ទៅហើយនាពេលបច្ចុប្បន្ននេះ។ គាត់រៀបការជាមួយប្រពន្ធទីពីររបស់គាត់ឈ្មោះ ប៉ែន រី នៅក្នុងឆ្នាំ១៩៧៦ ហើយបច្ចុប្បន្នរស់នៅក្នុងភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកប្រពន្ធទី១របស់គាត់បានស្លាប់ក្នុងឆ្នាំ១៩៧២ ដោយសារជំងឺ។ កូនៗភាគច្រើនរបស់គាត់ គឺជាកងទ័ពបម្រើការនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ នៅខេត្តប៉ៃលិន និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាំង គឺជាអតីតកម្មាភិបាលខ្មែរក្រហមមានមុខងារជាគណៈឃុំ គណៈសហករណ៍ និងកម្មាភិបាលថ្នាក់ស្រុកកំពង់ត្របែក។ ក្រោយខែមករា ឆ្នាំ១៩៧៩ តាំង មិនបានរត់គេចចេញពីស្រុកកំណើតឡើយ ទោះបីជាគាត់ត្រូវបានស្នើឲ្យសារភាពពីកិច្ចការដែលគាត់បានធ្វើក្នុងពេលដែលគាត់ជាកម្មាភិបាលខ្មែរក្រហម នៅចំពោះមុខប្រជាជនជាច្រើននាក់នៅក្នុងឃុំជាងដែក ភ្លាមៗក្រោយពេលរំដោះក៏ដោយ។ តាំង គឺជាមនុស្សម្នាក់ដែលមានការចងចាំល្អ។ គាត់បានរៀបរាប់ប្រាប់យើងយ៉ាងលម្អិតពីព្រឹត្តិការណ៍ដែលបានកើតឡើង និងបទពិសោធន៍របស់គាត់ក្នុងពេលអតីតកាល។ ក្នុងជំនួបជិតពីរម៉ោងជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា តាំង បានបង្ហាញឲ្យឃើញពីភាពរួសរាយរាក់ទាក់ ទឹកមុខញញឹមញញែម និងមិនលាក់លៀមពីអ្វីដែលគាត់បានជួបប្រទះក្នុងជីវិតរបស់គាត់។ ខាងក្រោមនេះ ជាសម្តីរៀបរាប់សង្ខេបពីបទពិសោធន៍ជីវិតរបស់ ភោគ តាំង៖

ខ្ញុំកើតនៅឆ្នាំ១៩៤០ នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅពេលដែលខ្ញុំមានអាយុ៧ឆ្នាំ ខ្ញុំបានចូលរៀនជាមួយព្រះសង្ឃនៅវត្តពញាកើត។ លុះដល់ខ្ញុំមានអាយុ១៥ឆ្នាំ ខ្ញុំបានបួសជាសង្ឃនៅវត្តនេះដដែល តាមសំណើរសុំរបស់យាយខ្ញុំឈ្មោះ ហៀក។ ខ្ញុំបួសបានរយៈពេល៤ឆ្នាំប៉ុណ្ណោះ ក៏សម្រេចចិត្តសឹកយកប្រពន្ធ។ ខ្ញុំរៀបការនៅឆ្នាំ១៩៥៩ ជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ ព្រំ សុគន្ធ។ តាំងពីរៀបការរួច ខ្ញុំធ្វើការផង ធ្វើស្រែចម្ការផង និងប្រកបរបររកស៊ីនៅឆ្ងាយៗពីផ្ទះសម្បែងផង។ ប្រហែលកន្លះខែក្រោយថ្ងៃ១៨ មីនា ១៩៧០ ដែលជាថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចឪ ខ្ញុំបានចូលរួមក្នុងចលនាបដិវត្តន៍ តាមរយៈការអំពាវនាវរបស់សម្តេចឪឲ្យចូលព្រៃម៉ាគី។ ខ្ញុំចូលបដិវត្តន៍តាមរយៈឈ្មោះ ទោង គឺជាមេស្រុកកំពង់ត្របែក និងឈ្មោះ ភ័ណ្ឌ គឺជាបងថ្លៃរបស់ខ្ញុំ ដើម្បីចូលរួមរំដោះប្រទេសជាតិ និងដើម្បីយាងសម្តេចឪមកកាន់មាតុប្រទេសវិញ។ ប្រុសៗដែលមានអាយុស្រករខ្ញុំនិងរស់នៅក្នុងភូមិខ្ញុំទាំងអស់ បាននាំគ្នាចូលបម្រើបដិវត្តិន៍ ហើយយើងត្រូវបានបញ្ជូនឲ្យទៅហាត់រៀនក្បួនយុទ្ធសាស្ត្រនៅក្នុងព្រៃស្ថិតនៅខាងត្បូងវត្តបេង។ ខ្ញុំឧស្សាហ៍មកលេងផ្ទះ ដើម្បីមកយកស្បៀងអាហារទៅទុកហូបនៅអំឡុងពេលហាត់រៀន។

ខាងស្តាំ ៖ ភោគ តាំង អាយុ៨២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧២ ប្រពន្ធរបស់ខ្ញុំបានស្លាប់ដោយសារទាស់ ក្នុងពេលដែលខ្ញុំកំពុងហ្វឹកហាត់នៅក្នុងព្រៃ។ ពួកយើងមានកូន៥នាក់។ ខ្ញុំត្រូវមើលកូនផង និងបម្រើជាតិផង។ នៅឆ្នាំ១៩៧៣ ខ្ញុំនិងអ្នកឯទៀតត្រូវបានបញ្ចូនទៅកាន់ទីតាំងសមរភូមិជាច្រើនកន្លែងនៅក្នុងស្រុកកំពង់ត្របែក ដើម្បីត្រៀមជាជំនួយដល់សមរភូមិមុខដែលកំពុងប្រយុទ្ធជាមួយសត្រូវ។ នៅក្នុងសមរភូមិភូមិក្រូច ខ្ញុំឃើញមានយន្តហោះមួយគ្រឿងជារបស់កងកម្លាំងធីវគីបានធ្លាក់ ហើយខ្ញុំបានទៅមើលកន្លែងយន្តហោះធ្លាក់នេះ។ ខ្ញុំឃើញមានសាកសពអ្នកបើកយន្តហោះម្នាក់ស្លាប់នៅទីនោះ។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅបម្រើការនៅក្នុងអង្គភាពសេដ្ឋកិច្ចស្រុកកំពង់ត្របែក ប្រចំាការនៅច្រកសេដ្ឋកិច្ចពាមមន្ទារ (ខាងលិចវត្តក្រចាប់)។ នៅទីនោះ ខ្ញុំបានប្រមូលលុយពន្ធជាច្រើនពីការរកស៊ីចេញចូលពីវៀតណាមមកកម្ពុជា។ លុយដែលខ្ញុំប្រមូលបាន គឺយកទៅប្រគល់ឲ្យអង្គភាពទាំងអស់។

ក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់ប្តូរភារកិច្ចមកបម្រើការជាអ្នកបើកអង្ករឲ្យអង្គភាពយោធា ក្នុងអង្គភាពសេដ្ឋកិច្ចដដែល។ ជ័យ សារិន អនុគណៈស្រុកកំពង់ត្របែក គឺជាអ្នកគ្រប់គ្រងលើអង្គភាពសេដ្ឋកិច្ចស្រុក។ ពីរបីខែក្រោយមក ខ្ញុំត្រូវបាន ចាន់ ឌឿន និងសួម វីរៈ ចាត់តាំងឲ្យទៅធ្វើជាប្រធានសហករណ៍ភូមិស្គារ ឃុំគោខ្ចក ស្រុកកំពង់ត្របែក និងបានឲ្យខ្ញុំធ្វើប្រវត្តិរូបដោយដាក់ឈ្មោះគាត់ គឺ ចាន់ ឌឿន ជាអ្នកណែនាំ។ ក្នុងតួនាទីជាប្រធានសហករណ៍ ខ្ញុំត្រូវបានហៅឲ្យចូលរួមរៀនសូត្រវគ្គនយោបាយរយៈពេល១ខែ ដែលមានសមមិត្ត ទីវ អុល និងហ៊ូ នឹម គឺជាគ្រូបង្រៀន។ ចំណែកសមមិត្ត ឈូក ប្រធានតំបន់២៤ គឺជាអ្នកថ្លែងការណ៍បើក និងបិទកម្មវិធីរៀនសូត្រ។

នៅខែកញ្ញា ឆ្នាំ១៩៧៥ សមមិត្ត ជ័យ សារិន បានស្នើខ្ញុំឲ្យទៅធ្វើការនៅក្នុងមន្ទីរសេច្ចកិច្ចស្រុកកំពង់ត្របែកវិញ បន្ទាប់ពីមានការស្រាវជ្រាវតាមរកចាប់ខ្លួនកម្មាភិបាលក្បត់មួយចំនួននៅស្រុកកំពង់ត្របែក។ ខ្ញុំភ័យខ្លាំងណាស់ ព្រោះខ្លាចក្រែងជាប់ខ្សែរយៈក្បត់ជាមួយ ចាន់ ឌឿន។ ចាន់ ឌឿន ត្រូវបានចាប់ខ្លួននៅមុនពេលដែលខ្ញុំត្រូវកោះហៅឲ្យផ្លាស់ប្តូរភារកិច្ច។ ក្រៅពី ចាន់ ឌឿន មានកម្មាភិបាលធំៗមួយចំនួនទៀតក៏ត្រូវបានចាប់ខ្លួនដែរ ដូចជា សារ៉ាន់ ប្រធានយោធាស្រុកកំពង់ត្របែក, កែវ នី សមាជិកស្រុក, អុល អាត សមាជិកសមាគមយុវជនស្រុកទទួលបន្ទុកកងចល័ត និង អ៊ី ខ្វាក់ភ្នែកម្ខាង គឺជាសមាជិកសមាគមយុវជនស្រុកទទួលបន្ទុកឃោសនាការ។

ពេលខ្ញុំមកដល់មន្ទីរស្រុកកំពង់ត្របែក សមមិត្ត ជ័យ សារិន បានឲ្យខ្ញុំកែប្រវត្តិរូបរបស់ខ្ញុំ ដោយឲ្យប្តូរឈ្មោះអ្នកណែនាំពីឈ្មោះ ចាន់ ឌឿន មកឈ្មោះ ជ័យ សារិន វិញ។ នៅឆ្នាំ១៩៧៦ ជ័យ សារិន បានចាត់តាំងខ្ញុំឲ្យមកធ្វើជាគណៈឃុំព្រៃពោន។ នៅទីនោះ កែវ លុន ជាអនុគណៈឃុំព្រៃពោន មានការថ្នាំងថ្នាក់ជាមួយខ្ញុំ ព្រោះគាត់មិនបានធ្វើជាគណៈឃុំ។ ក្រោមការដឹកនាំក្នុងឃុំ ប្រជាជនច្រើនណាស់បានចូលចិត្តខ្ញុំ ព្រោះខ្ញុំមិនបានធ្វើឲ្យពួកគាត់ថ្នាំងថ្នាក់ឡើយ។ ខ្ញុំដឹកនាំការងារនៅឃុំព្រៃពោនរហូតដល់ចុងឆ្នាំ១៩៧៨។

នៅឆ្នាំ១៩៧៨ វគ្គរៀនសូត្រនយោបាយមួយត្រូវបានបង្កើតឡើង ហើយគណៈឃុំនិងកម្មាភិបាលជាច្រើននាក់មកពីឃុំទាំងអស់ក្នុងតំបន់២៤ ត្រូវកោះហៅឲ្យចូលរួមប្រជុំក្នុងរយៈពេលជាងមួយខែ ដើម្បីពិនិត្យ តាមដានសកម្មភាពការងាររបស់គណៈឃុំ និងចម្រាញ់សមាសភាពក្បត់បដិវត្តន៍ ដែលចេញពីឃុំនីមួយៗ។ គណៈអធិបតីនៅក្នុងវគ្គរៀនសូត្រនេះគឺ ចាន់ អនុប្រធានភូមិភាគបូព៌ា ហើយ ជ័យ និង សម្រេច គឺជាអ្នកសម្របសម្រួលនៅក្នុងវគ្គ។ ក្នុងពេលរៀនសូត្រ ជ័យ បានខ្សឹបប្រាប់ខ្ញុំថា សមាសភាពមួយចំនួនដែលបានចូលរួមក្នុងវគ្គរៀនសូត្រនេះ ត្រូវបានចាប់ខ្លួនជាបណ្តើរៗអស់ជាង២០នាក់ហើយ។ ខ្ញុំចាប់ផ្តើមភ័យខ្លួនម្តងទៀត ហើយខ្ញុំក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរ។

ប្រហែលបួនប្រាំខែក្រោយមក ខ្ញុំត្រូវបានផ្លាស់ប្តូរមកស្នាក់នៅក្នុងសហករណ៍ឃុំជាងដែក ដោយមូលហេតុខ្ញុំបានផ្តល់ឱកាសឲ្យប្រជាជនដែលមានឈ្មោះត្រូវជម្លៀសទៅកាន់ខេត្តពោធិ៍សាត់ ក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការចាកចេញទៅ។ ខ្ញុំបានធ្លាក់ខ្លួនឈឺ ហើយគាប់ជួនពេលនោះ កងទ័ពវៀតណាមបានវាយចូលមកដល់ទឹកដីឃុំជាងដែក។

នៅខែមករា ឆ្នាំ១៩៧៩ ខ្ញុំត្រូវកងទ័ពវៀតណាមចាប់ខ្លួនពីផ្ទះរបស់ខ្ញុំនៅភូមិរោង យកទៅសួរចម្លើយពីការងារដែលខ្ញុំបានធ្វើក្នុងរបបខ្មែរក្រហម។ នៅមុខកងទ័ពវៀតណាម និងប្រជាជនជាច្រើន ខ្ញុំបានឆ្លើយសារភាពតាមការពិតជាក់ស្តែងដែលខ្ញុំបានធ្វើ។ បន្ទាប់មក កងទ័ពវៀតណាមបានប្រគល់ខ្ញុំទៅឲ្យ សមមិត្ត ញ៉ែម គឺជាគណៈស្រុកកំពង់ត្របែកដែលឡើងតំណែងក្រោយ គឺជាអ្នកចាត់ចែង ហើយសមមិត្ត ញ៉ែម បានអនុញ្ញាតនិងផ្តល់ឱកាសឲ្យខ្ញុំបានធ្វើការងារបន្តទៀត។ ប៉ុន្តែខ្ញុំបានប្រកែកមិនព្រមធ្វើ។ ចាប់តាំងពីឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបានស្ម័គ្រចិត្តធ្វើជាអាចារ្យវត្តពញាកើតដើម្បីពង្រឹងវិស័យសាសនា ក្នុងភូមិឃុំរបស់ខ្ញុំ។

ធន់ ភ្លាក

ធន់ ភ្លាក ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្ន ធន់ ភ្លាក រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលពីក្មេង ភ្លាក បានចូលរៀននៅសាលាបឋមសិក្សាបេងបុរីស្ថិតនៅក្នុងឃុំព្រៃពោន និងធ្លាប់បានបួសជាសង្ឃនៅវត្តអាគ្រាជ។ ភ្លាក លាចាកសិក្ខាបទ និងត្រឡប់មកកាន់ភូមិកំណើតវិញនៅក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។

នៅឆ្នាំ១៩៧៣ ភ្លាក បានរៀបការជាមួយនារីម្នាក់ឈ្មោះ អ៊ុង អួន។ បន្ទាប់ពីរៀបការរួច ប្រធានកងឈ្លបឈ្មោះ កាន់ បានមកចាប់ ភ្លាក យកទៅដាក់ឃុំឃាំងនៅវត្តបេង ក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសចោរកម្ម និងសន្តិសម្ព័ន្ធ។ ភ្លាក ត្រូវបានកាត់ទោសសម្លាប់ ប៉ុន្តែគាត់ត្រូវបានសង្គ្រោះដោយឈ្មោះ វៀ លាង គឺជាប្រធានកងនារី។ លាង បានប្រាប់ទៅកងសន្តិសុខថា គាត់ធ្វើការអប់រំកែប្រែ ភ្លាក ឲ្យបានល្អទៅថ្ងៃក្រោយ។

ធន់ ភ្លាក រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់តាំងពីខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅឆ្នាំ១៩៧៥ មក ភ្លាក ត្រូវអង្គការប្រើឲ្យធ្វើការជាច្រើន ដូចជា លើកថ្នល់នៅផ្លូវជាតិលេខ១ ដាំបន្លែ ភ្ជួរស្រែ ដាំដំឡូង ជីកសន្តរទឹក និងសែងទាហានរបួស និងស្លាប់ក្នុងសមរភូមិ។ ភ្លាក បានបន្ថែមថា ក្រុមរបស់គាត់សែងអ្នករបួសពីឃុំក្រាំងលាវ យកទៅព្យាបាលនៅក្នុងវត្តប្រាសាទ និងសែងអ្នកស្លាប់យកទៅកប់នៅព្រៃស្នា វត្តថ្នាខាន់ ភូមិក្រូច និងកអណ្ដើកដែលជាវិទ្យាល័យកំពង់ត្របែកសព្វថ្ងៃ។ ក្រោយមកនៅឆ្នាំ១៩៧៨ ភ្លាក រួមជាមួយអ្នកភូមិផ្សេងទៀត ត្រូវបានបង្ខំឲ្យជម្លៀសចេញទៅកាន់ភាគខាងលិចប្រទេសកម្ពុជា។ នៅពេលធ្វើដំណើរដល់អ្នកលឿង ភ្លាក និងអ្នកឯទៀត ត្រូវបានប្រាប់ឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

សព្វថ្ងៃ ភ្លាក រស់នៅជាមួយកូនម្នាក់ ក្នុងចំណោមកូន១២នាក់ (ស្លាប់១នាក់) នៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប៉េន សាខុម

ប៉េន សាខុម អាយុ៧២ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប៉េន សាខុម បានចូលរៀននៅសាលាបឋមសិក្សាព្រៃដង្គុំ នៅអាយុ៧ឆ្នាំ។ គ្រូបង្រៀនរបស់ សាខុម គឺ មាស យីម, ភា, ស៊ីម, យ៉ាវ និងគ្រូដទៃទៀតដែលគាត់មិនបានចាំឈ្មោះអស់។

ក្រោយថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ភូមិកំណើតរបស់ សាខុម ទទួលរងនូវការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ។ នៅឆ្នាំ១៩៧១ និង ១៩៧៣ សាខុម តែងរត់ចូលពួនសំងំនៅក្នុងលេណដ្ឋានក្បែរផ្ទះ ដើម្បីគេចចេញពីគ្រាប់បែក។ នៅចុងឆ្នាំ១៩៧៤ ការទម្លាក់គ្រាប់បែកលែងមានតទៅទៀតហើយនៅក្នុងភូមិកំណើតរបស់ សាខុម។ ព្រឹត្តិការណ៍បង្កើតសហករណ៍ និងរោងបាយ បានចាប់ផ្តើមជាបណ្ដើរៗ។ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ប្រជាជនថ្មីចំនួន១២គ្រួសារ បានមករស់នៅក្នុងភូមិក្រូច។

ប៉េន សាខុម អាយុ៧២ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចុងឆ្នាំ១៩៧៦ សាខុម ត្រូវអង្គការស្នើឲ្យរៀបការ។ ក្រោយរៀបការរួច សាខុម មិនបានរស់នៅជាមួយប្រពន្ធឡើយ។ គាត់ត្រូវអង្គការចាត់តាំងឲ្យទៅធ្វើសន្ដរនៅព្រៃក្ដួច, ទៅធ្វើចម្ការនៅឃុំពាមមន្ទារ និងទៅលើកទំនប់រាំងកូនសត្វ។ សាខុម បានលើកឡើងថា ការរស់នៅរបស់ប្រជាជន ត្រូវស្ថិតក្រោមការតាមដានរបស់អង្គការគ្រប់ពេលវេលា។ សាខុម បានឃើញកងឈ្លបបណ្តើរអ្នកទោសកាត់តាមមុខផ្ទះគាត់នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ និងមានអ្នកទោសជាច្រើននាក់ត្រូវកម្មាភិបាលចង។ នៅឆ្នាំ១៩៧៨ សាខុម ត្រូវបានជម្លៀសចេញពីភូមិកំណើតឆ្ពោះទៅកាន់អូរប្របូស ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្រោយឆ្នាំ១៩៧៩ ការរស់នៅរបស់ សាខុម មានការលំបាកព្រោះមិនមានរបស់របរប្រើប្រាស់ និងស្រូវអង្ករហូប។ ដូចនេះ សាខុម និងប្រជាជនដទៃទៀត នាំគ្នាដើរទៅរកច្រូតស្រូវដែលនៅសេសសល់ខ្លះៗនៅតាមស្រែដើម្បីយកមកទុកធ្វើពូជ។ ចាប់តាំងពីឆ្នាំ១៩៨២មក ជីវភាពរស់នៅរបស់ សាខុម បានប្រសើរឡើងបន្តិច។ សាខុម នៅតែចងចាំជានិច្ចនូវព្រឹត្តិការណ៍ពីរគឺ៖ ១) ការរត់គេចខ្លួនពីការតាមចាប់របស់ខ្មែរក្រហម និង ២) ការសម្លាប់របស់ខ្មែរក្រហមមកលើប្អូនរបស់គាត់។ សាខុម មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងជាលើកទី២ទៀតឡើយ។

ហ៊ិន សាផាត

ហ៊ិន សាផាត រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥២ គឺជាថ្ងៃដែល សាផាត ចាប់កំណើតនៅក្នុងគ្រួសារដែលមានជីវភាពធូរធាមួយក្នុងសម័យសង្គមរាស្ត្រនិយម។ នៅឆ្នាំ១៩៥៧ សាផាត បានចូលរៀននៅសាលាបឋមសិក្សា បេងបុរី រហូតដល់ចប់ថ្នាកទី៩ និងបានបន្តការសិក្សានៅសាលាបឋមសិក្សាព្រៃសង្គម ដែលស្ថិតនៅក្នុងឃុំជាងដែក រហូតដល់ចប់ថ្នាក់ទី៧។

ក្រោយមកទៀត ព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបានចាប់ផ្តើមកើតមាននៅក្នុងភូមិកំណើតរបស់ សាផាត ជាច្រើនលើកច្រើនសារ។ ដោយមូលហេតុនេះហើយ ទើប សាផាត សម្រេចចិត្តទៅរស់នៅជាមួយបងប្រុស ឈ្មោះ ហិន ថៅ គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សាក្រុង ឯក្រុងព្រៃវែង និងបានចូលរៀននៅវិទ្យាល័យព្រះអង្គឌួងបន្តទៀត។ សាផាត បានប្រឡងជាប់ថ្នាក់ទី៣ និងបានបន្តរៀនរហូតដល់ថ្នាក់ទី១ ប៉ុន្តែដោយសារតែខ្មែរក្រហមយកឈ្នះ លន់ នល់ នៅអ្នកលឿង ទើប សាផាត ត្រឡប់មកស្រុកកំពង់ត្របែកវិញ និងបានមកស្នាក់នៅក្នុងភូមិពញាកើត។ សាផាត មិនបានត្រឡប់ទៅរស់នៅក្នុងភូមិព្រៃក្រាំងវិញទេ ព្រោះនៅមានការទម្លាក់គ្រាប់បែកនៅឡើយ។ ក្នុងភូមិពញាកើត សាផាត បានចូលរួមធ្វើស្រែសាមគ្គីជាមួយអ្នកភូមិឯទៀត។

រហូតដល់ចុងឆ្នាំ១៩៧៤ សាផាត ត្រូវកងកម្លាំងខ្មែររំដោះចាប់យកទៅដាក់ឃុំឃាំងនៅទួលម្រេញ ក្រោមការចោទប្រកាន់ថា ជាទាហានពាក់ស័ក្ដិ៥ក្នុងពេលដែលគាត់មកស្នាក់នៅក្នុងក្រុងព្រៃវែង។ នៅក្នុងមន្ទីរសន្តិសុខទួលម្រេញ កោ ស៊ុម និង ម៉ែន ពុត បានសួរចម្លើយគាត់អំពីសកម្មភាពក្បត់បដិវត្តន៍។ សាផាត មិនបានឆ្លើយសារភាពតាមការចង់បានរបស់កងកម្លាំងឡើយ ប៉ុន្តែគាត់នៅតែអះអាងថា គាត់គ្រាន់តែជាសិស្សសិក្សានៅក្នុងវិទ្យាល័យប៉ុណ្ណោះ។ សាផាត ត្រូវកងសន្តិសុខទាំងពីរនាក់ធ្វើទារុណកម្មវាយនឹងក្ដរត្នោតគ្រាម (ផ្កាត្នោតឈ្មោល)។ ក្រៅពីសួរចម្លើយ សាផាត ត្រូវបានប្រើឲ្យធ្វើការងារជាច្រើនដូចជាធ្វើស្រែ គាស់គល់ឈើ និងស្លចាន។

ហ៊ិន សាផាត រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៥ បន្ទាប់ពីថ្ងៃជ័យជម្នះរបស់ខ្មែរក្រហម សាផាត ត្រូវបានដោះលែងឲ្យត្រឡប់មកភូមិពញាកើតវិញ។ ប្រធានសហករណ៍ ឈ្មោះ ឈុំ បានប្រើ សាផាត ឲ្យលើកភ្លឺស្រែ។ នៅឆ្នាំ១៩៧៦ សាផាត ត្រូវបានបញ្ជូនឲ្យទៅដាំដំណាំនៅខាងទួលកៅទៃ ស្រុកពាមជរ ខេត្តព្រៃវែង ចំនួន៣ខែ។ ក្នុងពេលបំពេញការងារនៅទួលកៅទៃ សាផាត ឧស្សាហ៍ត្រឡប់មកភូមិកំណើតដើម្បីមកយកស្បៀងអាហារ។ នៅឆ្នាំ១៩៧៧ សាផាត បានផ្លាស់ប្តូរការងារមកធ្វើការនៅក្នុងកងភ្ជួរ ដែលមានសមាជិកក្នុងក្រុម៤នាក់។

នៅឆ្នាំ១៩៧៨ សាកសពមនុស្សជាច្រើននាក់បានអណ្តែតលើផ្ទះបន្ទាប់ពីមានទឹកជំនន់ឡើងលិចវាលស្រែ និងទីទួលក្នុងភូមិរបស់ សាផាត។ គាត់បានប្រាប់ថា គាត់បានរុញសាសពទាំងនោះឲ្យចេញពីរបងផ្ទះគាត់។ នៅឆ្នាំដដែល សាផាត និងក្រុមគ្រួសារ ត្រូវបានបង្ខំឲ្យជម្លៀសទៅខេត្តភាគខាងលិចប្រទេសកម្ពុជា។ គាត់បានធ្វើដំណើរទៅដល់អ្នកលឿង ក៏សម្រេចចិត្តវិលត្រឡប់មកវិញ ដោយមូលហេតកងទ័ពវៀតណាមបានចូលមកជួយ និងប្រាប់ឲ្យវិលត្រឡប់មកកាន់ផ្ទះសម្បែង។

នៅក្នុងខែកក្កដា ឆ្នាំ១៩៧៩ សាផាត បានចូលបម្រើការជាគ្រូបង្រៀននៅក្នុងភូមិ និងនៅក្នុងសាលាបឋមសិក្សាព្រៃសង្គម។ នៅឆ្នាំ១៩៩៣ សាផាត បានក្លាយជានាយកនៅសាលាបឋមសិក្សាពញាកើត រហូតដល់ពេលចូលនិវត្តន៍នៅ អាយុ៦០ឆ្នាំ។ សព្វថ្ងៃ សាផាត រស់នៅជាមួយប្រពន្ធទី២របស់គាត់ ដែលបានរៀបការនៅឆ្នាំ២០០២ ហើយប្រពន្ធទី១របស់គាត់ដែលបានរៀបការក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៥ បានស្លាប់ដោយសារជំងឺបន្ទាប់ពីបែកបានប្រមាណ២ឆ្នាំ។ សាផាត មានកូនទាំងអស់៨នាក់ ស្រី៤នាក់ ជាមួយប្រពន្ធទី១។ ជាចុងក្រោយ សាផាត បានសំណូមពរមកមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យបោះពុម្ភសៀវភៅគោល ដែលនិយាយអំពីប្រវត្តិសាស្រ្ដខ្មែរក្រហមយកទៅបង្រៀនកូនក្មេងជំនាន់ក្រោយចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យ។

ពុធ សារ៉ាន

ពុធ សារ៉ាន អាយុ៦២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សារ៉ាន បានរៀបរាប់ថា កាលពីកុមារភាពគាត់បានចូលរៀននៅឆ្នាំ១៩៧០ ក្នុងសាលាបឋមសិក្សាថ្នាខាន់។ បន្ទាប់ពីថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ មក សារ៉ាន បានផ្អាកការសិក្សា ដោយសារតែសង្គ្រាមកើតមានជាហូរហែនៅក្នុងស្រុកកំណើតរបស់គាត់។ អ្នកភូមិម្នាក់ៗ បានរត់គេចពីគ្រាប់ផ្លោង និងពុំសូវបានប្រកបរបរធ្វើស្រែ និងរកស៊ីឡើយ។

នៅឆ្នាំ១៩៧១ សារ៉ាន បានឃើញមានវត្តមានធីវគី ចូលមកក្នុងភូមិស្រុក និងបានធ្វើបាបកូនក្រមុំអ្នកស្រុក លួចយកទ្រព្យសម្បត្តិ និងចាប់សត្វពាហនៈធ្វើម្ហូបជាដើម។ នៅថ្ងៃ១៧ មេសា ១៩៧៥ សារ៉ន បានឃើញផ្ទាល់ភ្នែកនូវការរៀបចំពិធីអបអរសាទរថ្ងៃជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ហើយ សារ៉ាន ក៏ត្រូវអង្គការហៅឲ្យឡើងមានចំណាប់អារម្មណ៍ក្នុងកម្មវិធីនោះដែរ។

ពុធ សារ៉ាន អាយុ៦២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់តាំងថ្ងៃជ័យជម្នះមក សារ៉ាន ត្រូវបានចាត់តាំងឲ្យធ្វើគ្រូបង្រៀនក្មេងៗ និងត្រូវបានបញ្ជូនឲ្យទៅរៀនសូត្របន្ថែមពីរបៀបបង្រៀនសិស្ស នៅក្នុងវត្តបេងបូរី។ ការបង្រៀនលើកដំបូងរបស់ សារ៉ន គឺស្ថិតនៅក្នុងឃុំព្រៃពោន ហើយបន្ទាប់មកទៀត នៅភូមិត្រពាំងក្រសាំង។ នៅឆ្នាំ១៩៧៧ សារ៉ាន ត្រូវអង្គការបង្គាប់ឲ្យរៀបការ។

សារ៉ាន បានប្រាប់ថា ពិធីរៀបការរបស់គាត់ គឺមានចាក់ភ្លេង មានឧគ្ឃោសនសព្ទ និងមានការចូលរួមពីឪពុកម្ដាយ បងប្អូន និងអ្នកភូមិ។ ក្រោយរៀបការរួច សារ៉ាន និងប្តី មិនបានរស់នៅជុំគ្នាទេ ប្ដីរបស់គាត់ត្រូវបានអង្គការឲ្យទៅធ្វើការនៅអង្គភាពដើមវិញ ហើយក្នុង១ខែ សារ៉ាន និងប្ដីត្រូវបានអង្គការអនុញ្ញាតឲ្យមកជួបគ្នាម្ដងដែលមានរយៈពេលយ៉ាងច្រើន២ថ្ងៃប៉ុណ្ណោះ។ សារ៉ាន បានបន្តទៀតថា ក្រៅពីការងារធ្វើជាគ្រូបង្រៀន គាត់ត្រូវបានអង្គការប្រើឲ្យធ្វើជីលេខ១ និងលើកប្រព័ន្ធភ្លឺស្រែ នៅគោកស្រុកដែរ។ សារ៉ាន បានអះអាងថា គាត់និងអ្នកឯទៀត ត្រូវអង្គការប្រើឲ្យជីករណ្ដៅជាច្រើននៅក្នុងភូមិដួង នៅទួលតាអន និងទួលម្រេញ ដែលរណ្តៅទាំងនោះត្រូវបានជីកសម្រាប់កប់សាកសពដែលត្រូវបានសម្លាប់។ សារ៉ាន ត្រូវបានជម្លៀសទៅដល់ទន្លេតូច ក៏ត្រូវវិលត្រឡប់មកកាន់ភូមិកំណើតវិញ ដោយសារតែប្រទេសទាំងមូលត្រូវបានរំដោះដោយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

ប្រាក់ មឿន

ប្រាក់ មឿន អាយុ៦៨ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រាក់ មឿន បាននិយាយរៀបរាប់រឿងរ៉ាវរបស់គាត់ ប្រាប់មកកាន់ក្រុមការងារបស់មជ្ឍមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ដើម្បីការចងចាំ។ នៅឆ្នាំ២០២១ នេះ មឿន មានអាយុ៦៨ឆ្នាំហើយ។ គាត់មានបងប្អូន៥នាក់ ស្លាប់អស់២នាក់ ដោយម្នាក់បានស្លាប់ដោយសារការលេងគ្រាប់ដែលយៀកកុងបានផ្លោងមក នៅឆ្នាំ១៩៧១ ហើយផ្ទុះ។ រីឯម្នាក់ទៀត ទើបតែស្លាប់នាពេលថ្មីៗនេះដោយសារជំងឺ។ កាលពីនៅអាយុ៧ឆ្នាំ មឿន បានចូលរៀននៅសាលាបឋមសិក្សាព្រៃដង្គុំ ហើយគាត់បានឈប់រៀននៅថ្នាក់ទី៧ ក្នុងឆ្នាំ១៩៧០។ មូលហេតុនៃការឈប់រៀនរបស់គាត់ គឺដោយសារតែប្រទេសជាតិបានជួបនូវភាពវឹកវរ មានសង្គ្រាមកើតឡើងបន្ទាប់ពី លន់ លន់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម ស៊ីហនុ មក។

ក្រោយពីបានដឹងថាសម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋរត់ចូលព្រៃម៉ាគី ហើយប្រឆាំងនឹងរបប លន់ នល់ ដើម្បីយកអំណាចមកថ្វាយព្រះអង្គវិញ ប្រជាជនជាច្រើន បាននាំគ្នារត់ចូលព្រៃម៉ាគីដើម្បីតស៊ូ ហើយ មឿន ដែលស្ថិតនៅក្នុងវ័យជាសិស្សសាលា និងមានអាយុ១៨ឆ្នាំ ក៏ត្រូវបាននាយកសាលាព្រៃដង្គុំ ឈ្មោះ ស៊ីម បញ្ជូនចូលទៅក្នុងព្រៃម៉ាគីជាមួយនឹងសិស្សសាលាជាច្រើននាក់ទៀតដែរ។ នៅក្នុងព្រៃតស៊ូ មឿន បានហាត់ក្បួនយុទ្ធសាស្រ្ត ហាត់ប្រយុទ្ធកាន់ដំបង និងហាត់លូនក្រាប។ ហាត់រៀនបានកន្លះខែ គាត់ក៏បានសុំប្រធានអង្គភាពមករៀនធម៌បួសវិញ។

នៅឆ្នាំ១៩៧២ ដោយសារនៅក្នុងភូមិដែល មឿន រស់នៅមានសភាពលំបាក មានការទម្លាក់គ្រាប់បែក មានរថក្រោះ មានទាហានធីវគី ទើប មឿន ពិភាក្សាជាមួយនឹងមិត្តរបស់គាត់ពីរនាក់ទៀតឈ្មោះ ប្រាក់ សាម៉េត និង ញិន សាម៉ន ដើម្បីបន្តការសិក្សាថ្នាក់ភាសាបាលី នៅឯរាជធានីភ្នំពេញ។ មឿន បានទៅគង់នៅវត្តស្វាយពពែ ហើយទៅរៀនភាសាបាលី ថ្នាក់ទី១នៅវត្តថាន់ ថ្នាក់ទី២នៅវត្តពយូវង្ស និងទី៣នៅវត្តសុរាម្រឹត។

បីឆ្នាំក្រោយមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកដល់ ហើយបានប្រកាសឲ្យប្រជាជនទាំងអស់ចេញពីរាជធានីភ្នំពេញ។ មឿន បានចាកចេញជាមួយនឹងហ្វូងមនុស្សជាច្រើននាក់ទៀត ដើម្បីវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ហ្វូងមនុស្សជាច្រើនបានចាកចេញស្របពេលជាមួយគ្នាធ្វើឲ្យភ្នំពេញមានសភាពកកស្ទះណែនណាន់តាន់តាប់។ ក្រោយពីប្រជ្រៀតគ្នាចេញពីភ្នំពេញ នៅតាមផ្លូវមកផ្ទះ មឿន បានឃើញសាកសពទាហាន លន់ នល់ ជាច្រើននាក់ស្លាប់គរ ស្អុយនៅទន្លេអ្នកលឿង។ បន្ទាប់មកទាហានខ្មែរក្រហមបង្ខំឲ្យគាត់បន្តដំណើររហូតដល់វត្តក្រចាប់ និងបន្តហួសទៅដល់វត្តពេជ្ជីរតន៍ ក្នុងរយៈពេល១០ថ្ងៃ ហើយស្នាក់នៅទីនោះ។ នៅវត្តពេជ្ជីរតន៍ ព្រះសង្ឃដែលគង់នៅទីនោះ ឈ្មោះ ឌាច បានប្រើ មឿន និងព្រះសង្ឃជាច្រើននាក់ទៀតដែលបានជម្លៀសមកអូសរទេះដឹកថ្មទប់ស្ពាន និងធ្វើស្ពាន រយៈពេល២ខែរហូតហើយរួចរាល់។

ប្រាក់ មឿន អាយុ៦៨ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីធ្វើការងាររួចរាល់ មឿន ត្រូវបានបញ្ជួនទៅកាន់វត្តព្រៃម្លុង និងត្រូវបានផ្សឹកនៅទីនោះនៅខែមិថុនា ឆ្នាំ១៩៧៥។ បន្ទាប់ពីសឹករួច គាត់បានវិលត្រឡប់មកផ្ទះវិញ ហើយប្រធានភូមិឈ្មោះ វ័រ បានមកសួរនាំគាត់អំពីប្រវត្តិរបស់ ដូចជា ធ្លាប់ធ្វើការងារអ្វីខ្លះ? ពាក់ស័ក្តិប៉ុន្មាន? បើពាក់ស័ក្តិ១ ខ្មែរក្រហមឲ្យឡើងស័ក្តិ១វិញ បើពាក់ផ្កាយ៥ ខ្មែរក្រហមឲ្យពាក់ផ្កាយ៥វិញ។ ប៉ុន្តែមិនមែនជាការពិតឡើយ គោលបំណងខ្មែរក្រហម អ្នកដែលធ្វើការងារនៅក្នុងរបបសាធារណរដ្ឋខ្មែរនឹងត្រូវយកទៅសម្លាប់ចោលទាំងអស់ ដូចជា គ្រូរបស់ មឿន ឈ្មោះ ស៊ីម, សោម សុវត្តិ, និងគ្រូ៤ទៅ៥អង្គទៀត ត្រូវបានយកទៅទួលម្រេញ ទួលតាអន និងទួលជ័យ ដែលមានកម្មាភិបាលខ្មែរក្រហមឈ្មោះ និន និង ពុត គឺជាអ្នកវាយសម្លាប់ និងធ្វើទារុណកម្ម។ ប៉ុន្តែសំណាងល្អ មឿន បាននិយាយប្រាប់ប្រធានភូមិថា គាត់មិនបានធ្វើការងារអ្វីទាំងអស់។

នៅខែមករា ឆ្នាំ១៩៧៦ មឿន ត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅក្នុងក្រុមគ៣ ដែលមានប្រធានឈ្មោះ លន។ មឿន មានភារកិច្ចលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយទឹកពីត្របែកទៅក្បាលថ្នល់ជម្រៅ២ម៉ែត្រ។ នៅរដូវវស្សា មឿន ត្រូវបានចាត់តាំងឲ្យទៅភ្ជួរស្រែ ហើយដល់ខែប្រមូលផលស្រូវ គាត់ត្រូវបានបញ្ជូនឲ្យទៅដឹកកណ្តាប់ស្រូវពីស្រែយកទៅទីលានស្រូវដើម្បីឲ្យអ្នកនៅទីនោះបោកបែន។ មឿន បានធ្វើការបែបនេះ រហូតដល់ថ្ងៃរំដោះឆ្នាំ១៩៧៩។ រីឯអាហារហូបចុកវិញ គឺគាត់ហូបតែបបរតាំងពីឆ្នាំ១៩៧៦ មក។

នៅខែមីនា ឆ្នាំ១៩៧៨ មឿន បានរៀបការជាមួយនឹងភរិយារបស់គាត់ឈ្មោះ កែវ សយ។ ក្នុងពេលរៀបការ ខ្មែរក្រហមបានរៀបចំធ្វើពិធីរៀបការឲ្យអ្នកផ្សេងៗទៀតសរុបទាំងអស់មាន១៨គូ ក្នុងពេលតែមួយជាមួយ មឿន។ ខ្មែរក្រហមតម្រូវឲ្យយុវជននិងយុវនារី អង្គុយទល់មុខគ្នារួចប្រកាសជាគូស្រករ ហើយគូស្រករនីមួយៗត្រូវឡើងចាប់អារម្មណ៍ និងប្តេជ្ញាថាស្រឡាញ់គ្នាអស់មួយជីវិត។ បន្ទាប់ពីរៀបការបាន៧ខែនៅក្នុងឆ្នាំ១៩៧៨ដដែល មឿន និងប្រពន្ធ ត្រូវបានកត់ឈ្មោះទៅរស់នៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារប្រពន្ធរបស់ មឿន ចេះត្បាញក្រមា ទើបប្រធានភូមិទុក មឿន និងភរិយានៅភូមិសិន។ គាត់ទាំងពីរត្រូវបានផ្លាស់ប្តូរទីកន្លែងពីខាងត្បូងភូមិក្រូច ឲ្យទៅរស់នៅក្នុងផ្ទះអ្នកដែលបានជម្លៀសទៅពោធិ៍សាត់។

ក្រោយមក មឿន និងភរិយា ត្រូវខ្មែរក្រហមផ្លាស់ឲ្យឆ្ពោះទៅកាន់ក្រចាប់។ នៅទីនោះ គាត់ឃើញមនុស្សជាច្រើននាក់ដែលខ្មែរក្រហមជម្លៀសមកពីស្រុកផ្សេងៗ កំពុងតែឆ្លងទូកហើយកម្លាំងរណសិរ្សរំដោះជាតិកម្ពុជាបានវាយចូលមកកាន់តែកៀក។ ក្នុងរយៈពេលមួយយប់ ប្រជាជនបានឆ្លងទូកទៅដល់ប្រាស្នា ដែលជាកន្លែងដែលខ្មែរក្រហមវាយសម្លាប់មនុស្ស។ កងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាមកដល់កំពង់សឹង និង អ្នកលឿង បានបាញ់កាំភ្លើងឡើងលើធ្វើជាសញ្ញាឲ្យប្រជាជនត្រឡប់មកផ្ទះវិញ។ ប្រជាជន រួមជាមួយ មឿន សប្បាយចិត្តណាស់ រួចបររទះដឹកប្រពន្ធវិលមកផ្ទះវិញ។ មឿន ទៅប្រមូលស្រូវ អង្ករ អំបិល ប្រហុក ស្ករ ចែកគ្នា។

ពីរខែក្រោយមក នៅក្នុងភូមិរបស់ មឿន បានរៀបចំធ្វើពិធីកាត់ទោសកម្មាភិបាលខ្មែរក្រហមដែលបានប្រព្រឹត្តអំពើអាក្រក់មកលើប្រជាជន ដោយឲ្យកម្មាភិបាលខ្មែរក្រហមទាំងនោះឈរនៅចំពោះមុខប្រជាជន និងឲ្យនិយាយពាក្យសុំទោសទៅកាន់ប្រជាជន ព្រមទាំងនិយាយពីទោសកំហុសដែលខ្លួនបានប្រព្រឹត្តពីមុនមក និងសុំឲ្យប្រជាជនលើកលែងទោស។ ប្រជាជនខ្លះបានជេរ ប្រជាជនខ្លះមិនចង់ស្តាប់នូវពាក្យសុំទោសរបស់កម្មភិបាលខ្មែរក្រហមនោះទេ និងចង់ចូលទៅវាយកម្មាភិបាលខ្មែរក្រហមនោះដើម្បីសងសឹង។ ប៉ុន្តែត្រូវបានហាមឃាត់ដោយមេភូមិ មេឃុំ ដែលទើបតែតែងតាំងថ្មីៗ។ រីឯ មឿន ក៏មានវត្តមាននៅកន្លែងកាត់ទោសដែរ។ ដំបូងគាត់ខឹងកម្មាភិបាលខ្មែរក្រហមនោះដែរ ប៉ុន្តែចុងក្រោយគាត់បែរជាអាណិត និងមិនចង់ធ្វើអ្នកទាំងនោះវិញ។ បន្ទាប់ពីកាត់ទោសហើយ ប្រជាជននាំគ្នាវិលត្រឡប់មកផ្ទះរៀងខ្លួនវិញ ប៉ុន្តែប្រជាជនខ្លះមានការមិនសុខចិត្តទេ ក៏កាន់កាំបិតទៅគំរាមអតីតកម្មាភិបាលឲ្យលត់ជង្គង់សូមអភ័យទោស។ កម្មាភិបាលខ្មែរក្រហមខ្លះនៅក្នុងភូមិដដែល ខ្លះក៏រត់ចេញពីភូមិ ព្រោះខ្លាចប្រជាពលរដ្ឋនៅក្នុងភូមិធ្វើបាបនិងសម្លាប់ដើម្បីសងសឹក។ ក្រោយមក ប្រជាជនមានសិទ្ធសេរីភាពឡើងវិញ ដោយអ្នកខ្លះប្រកបរបររកស៊ី អ្នកខ្លះធ្វើស្រែ ចំណែក មឿន ត្រូវបានរដ្ឋអំណាចលើកឲ្យធ្វើជាប្រធានភូមិតាំងពីឆ្នាំ១៩៧៩ មករហូតដល់ឆ្នាំ១៩៩៥ ទើបគាត់លាឈប់ពីការងារប្រធានភូមិហើយមកធ្វើជាអាចារ្យវត្តរហូតមកដល់បច្ចុប្បន្ន។

សេក ឈន

សេក ឈន អាយុ៦៦ រស់នៅភូមិអង្គ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅវ័យ​កុមារភាព ឈន ចូលសិក្សានៅសាលាបឋមសិក្សា ព្រៃម្លុង។ គាត់បានរៀនសូត្រដល់ត្រឹមថ្នាក់ទី៨ចាស់ប៉ុណ្ណោះនៅក្នុងស្រុកកំណើត ហើយបានបន្តការសិក្សាននៅសាលាបឋមសិក្សាបឹងកេងកង ក្នុងក្រុងភ្នំពេញទៀត នៅឆ្នាំ១៩៧២។ គាត់បានរៀនដល់ថ្នាក់ទី៥ចាស់។ ក្រៅពីការសិក្សា ឈន បានប្រកបរបរធាក់ស៊ីក្លូដើម្បីរកចំណូលចិញ្ចឹមខ្លួនជីវិតក្នុងពេលរៀនសូត្រ។ ឈន បានប្រាប់ថា នៅទីក្រុងភ្នំពេញក៏មានការទម្លាក់គ្រាប់ដែរ។ ក្រោយថ្ងៃខ្មែរក្រហមទទួលជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈន ត្រូវបានបង្ខំឲ្យចាកចេញពីក្រុងភ្នំពេញ ត្រឡប់ទៅស្រុកកំណើតឯភូមិអង្គវិញ។ មកដល់វត្តក្រចាប់ ឈន ត្រូវអង្គការចាប់ និងឃុំខ្លួនអស់រយៈពេល៩ខែ ដោយសារតែក្រុមគ្រួសាររបស់គាត់មានជាប់ពាក់ព័ន្ធជាមួយរដ្ឋការ លន់ នល់។ កម្មាភិបាលខ្មែរក្រហមនៅក្នុងមន្ទីរសន្តិសុខបានប្រើ ឈន ឲ្យសែងគ្រាប់ ជីកសន្តរនៅព្រៃក្ដួច ជីករណ្ដៅដាំដើមចេក លើកទំនប់រាំងកូនសត្វសម្រាប់ស្តុកទឹកធ្វើស្រែ ស្រោចដំណាំ និងច្រូតស្រូវ​។

សេក ឈន អាយុ៦៦ រស់នៅភូមិអង្គ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅខែធ្នូ ឆ្នាំ១៩៧៧ ឈន និងបុរសៗជាច្រើនទៀត ត្រូវបានអង្គការរៀបការឲ្យ ដែលកម្មវិធីនៃការរៀបការនេះត្រូវបានធ្វើឡើងនៅប៉ែកខាងក្រោយវត្តព្រៃម្លុង។ ក្រោយរៀបការ ឈន ត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយប្រពន្ធត្រឹមតែ៣ថ្ងៃ និងតម្រូវឲ្យត្រឡប់ទៅកាន់ការដ្ឋានការងារវិញ ដែលលើកនេះគាត់ត្រូវកម្មាភិបាលខ្មែរក្រហមប្រើឲ្យសែងយោធារបួសនៅឯសមរភូមិមុខ ដែលមានទីតាំងជាប់នឹងព្រំប្រទល់វៀតណាម។

នៅចុងឆ្នាំ១៩៧៨ ឈន ត្រូវបានបង្ខំឲ្យចាកចេញពីស្រុកកំណើត ទៅនៅត្រពាំងប្របូសស្ថិតក្នុងស្រុកព្រះស្ដេច ជាទីកន្លែងដែលគាត់បានឃើញវត្តមានរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមនៅទីនោះ និងបានទទួលការណែនាំឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ឈន និងប្រជាជនដទៃទៀតបានធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។ ក្នុងពេលជួបជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ឈន បានរំឭកថា គាត់មានជំងឺប្រចាំកាយ (ជំងឺសន្លាក់) រហូតដល់សព្វថ្ងៃនេះ គឺបណ្តាលមកពីធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម។

វឹក ហោ

វឹក ហោ អាយុ៧២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅពេលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទៅដល់ផ្ទះរបស់ ហោ, ហោ បានចេញមកទទួលស្វាគមន៍​ក្រុមការងារដោយទឹកមុខញញឹមញញែម និងរួសរាយរាក់ទាក់។ ក្រុមគ្រួសាររបស់ ហោ និង ហោ បានអញ្ជើញក្រុមការងារឲ្យចូលទៅអង្គុយនៅក្នុងខ្ទមប្រក់ស្លឹកត្នោតមួយ ដែលស្ថិតនៅខាងមុខផ្ទះរបស់គាត់។ នៅខាងមុខខ្ទមរបស់ ហោ មានវាលស្រែ និងស្រូវទុំៗលាតសន្ធឹងដាច់កន្ទុយភ្នែកលាយជាមួយនឹងខ្យល់បក់ល្វើយៗចូលមកក្រោមខ្ទមដំបូលប្រក់ស្លឹកត្នោតផងនោះ ធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ និងរីករាយក្នុងការស្តាប់រឿងរ៉ាវក៏ដូចជាបទពសោធន៍របស់គាត់ដែលបានជួបប្រទះនិងឆ្លងកាត់របបខ្មែរក្រហម។ ហោ និយាយរៀបរាប់ថា បច្ចុប្បន្នត្រចៀករបស់គាត់ស្តាប់មិនសូវឮទេក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

ហោ បន្តថានៅក្នុងរបបខ្មែរក្រហមជារៀងរាល់ថ្ងៃ គាត់រស់ទាំងមានភាពភ័យខ្លាចព្រោះគាត់ជាប្រជាជនត្រៀម មិនដឹងថាថ្ងៃណាខ្មែរក្រហមយកគាត់ទៅសម្លាប់ទេ។ គាត់ស្ទើរតែបាត់បង់ស្មារតីនៅពេលដែលគាត់បានឃើញផ្ទាល់នឹងភ្នែកនូវទិដ្ឋភាពខ្មែរក្រហមបណ្តើរមនុស្សជាច្រើននាក់យកទៅសម្លាប់នៅទួលតាអន។ គាត់មិនហ៊ានត្អូញត្អែរជាមួយការងារដែលខ្មែរក្រហមដាក់ឲ្យធ្វើឡើយ។ គាត់ខំប្រឹងធ្វើការ ដើម្បីឲ្យតែបានរស់ជីវិត។ ហោ គឺជាកូនកសិករក្រីក្រម្នាក់ដែលមិនបានទទួលឱកាសសិក្សាទេ។ នៅឆ្នាំ១៩៧០ ដោយ​សារតែនៅបរិវេណផ្ទះរបស់ ហោ មានព្រៃស្តុកច្រើន ទើបទាហានធីវគីចូលមកអុកឡុក ហើយម្យ៉ាងទៀតមិនអាចទ្រាំទ្រនូវការទម្លាក់គ្រាប់បែកនៅក្នុងភូមិបាន ហោ និងគ្រួសារបានសម្រេចចិត្តចាកចេញពីផ្ទះទៅរស់នៅក្នុងភូមិ ពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងវិញ។ មិនដូចការគិតឡើយ ការមករស់នៅក្នុងភូមិពញាកើតមិនសូវខុសប្លែកពីភូមិប្រច្រត់ទេ ការទម្លាក់គ្រាប់បែក និង វត្តមានទាហានធីវគីនៅតែមានស្ទើរតែពេញក្នុងភូមិពញាកើត។

វឹក ហោ អាយុ៧២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

គ្រាប់បែកដែលត្រូវបានទម្លាក់ដោយអាមេរិកធ្វើឲ្យ ហោ និងគ្រួសាររត់ភៀសខ្លួនទៅរកតំបន់សុវត្ថិភាពជាច្រើនកន្លែងទៀត។ មាន់ ទា ជ្រូក គោ ក្របី ដែល ហោ ខំចិញ្ចឹមត្រូវទាហានធីវគីចាប់យកទៅអស់ ។ ហោ ត្រឡប់មកនៅផ្ទះវិញ នៅឆ្នាំ១៩៧៤ នៅពេលកងទ័ពធីវគី និងយៀកកុង បានចាកចេញពីទឹកដីកម្ពុជាអស់។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុង នៅក្នុងភូមិរបស់ ហោ បានចាប់ផ្តើម រៀបចំរចនាសម្ព័ន្ធការងារសម្រាប់ប្រជាជនធ្វើ។ ការងារដំបូងសម្រាប់គាត់ គឺភ្ជួរស្រែ១ហិកតាក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលគាត់ធ្វើការងារលឿនជាងការកំណត់នោះគាត់នឹងត្រូវបានចាត់តាំងឲ្យទៅជួយដកស្ទួង លើកដី លើកភ្លឺស្រែ និងឃ្វាលគោក្របីនៅរដូវវស្សា។ រីឯរដូវប្រាំ ប្រធានសហរណ៍របស់ ហោ ឈ្មោះ ស្រី ឈុំ បានចាត់តាំងគាត់ឲ្យទៅស្តារត្រពាំងនៅជិតៗភូមិ។ នៅឆ្នាំ១៩៧៦ ហោ បានទៅដាំពោតនៅពាមជរ ។ នៅទីនោះ ហោ បានទទួលការពិន័យម្តង គឺឈរជើងមួយជាមួយនឹងមនុស្ស១១នាក់ទៀត តាំងពីល្ងាច រហូតដល់ម៉ោង១២យប់ ដោយសារគាត់ចាប់កង្កែបអាំងហូបជាមួយនឹងមនុស្ស១១នាក់នោះ។ នៅឆ្នាំ១៩៧៧ នៅពេលដែលប្រមូលផលពោតរួចរាល់ ហោ បានត្រឡប់មកធ្វើស្រែនៅក្នុងភូមិវិញ។

នៅចុងឆ្នាំ១៩៧៨ ហោ បានរៀបការប្រពន្ធឈ្មោះ ព្រំ ខិន ដែលជាគ្រូបង្រៀនកុមារតាមការចាត់ចែងរបស់ខ្មែរក្រហម។ នៅដើមឆ្នាំ១៩៧៩ ពេលសភាពការណ៍កងទ័ពវៀតណាមវាយចូលមកប្រធានសហករណ៍បានកៀរប្រជាជនរួមជាមួយនឹងគ្រួសាររបស់ ហោ ឲ្យទៅស្រុកព្រះស្តេចដោយប្រាប់ហេតុផលថា ឥឡូវខ្មាំងបានចូលមកហើយ ដូច្នេះយើងត្រូវតែដកថយជាប្រញាប់ ទុកឲ្យកងទ័ពនៅតតាំងគ្នាទៅ។ ពេលទៅដល់ស្រុកព្រះស្តេច ប្រជាជនបានស្រែកថាអាពតបែកហើយ។ ឮសូរដូច្នេះ ហោ មានការត្រេកអរណាស់ ហើយប្រញាប់ប្រញាល់ត្រឡប់មកស្រុកកំណើតវិញ។ ហោ ទៅប្រមូលស្រូវអង្ករចានឆ្នាំងយកទៅផ្ទះវិញ ។ ចាប់តាំងពីពេលនោះមក ប្រជាជនមានសិទ្ធិសេរីភាពឡើងវិញ ហើយប្រកបរបររៀងៗខ្លួន ចំណែក ហោ បានធ្វើស្រែរហូតមកដល់បច្ចុប្បន្ន។

វឹក រីម

វឹក រីម ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅអាយុ៩ឆ្នាំ រីម បានចូលរៀននៅសាលាបឋមសិក្សាពេជ្ជីរតន៍។ គាត់បានរៀនពីថ្នាក់ទី១២ ដល់ថ្នាក់ទី៩ ទើប​ឈប់ដោយសារតែមានសង្គ្រាមកើតឡើងច្រើនលើកច្រើនសារនៅក្នុងភូមិពេជ្ជីរតន៍ និងមានការទម្លាក់គ្រាប់បែកជាច្រើន។ នៅឆ្នាំ១៩៧១ រីម បានរៀបការជាមួយនារីម្នាក់ឈ្មោះ ប្រាក់ អ៊ី រស់នៅក្នុងភូមិពញាកើត។ ប្រជាជននៅក្នុងភូមិ ក៏ដូចជាគ្រួសារ រីម បានរត់ចេញពីផ្ទះរាល់ពេលដែលឃើញមានវត្តមានកងទ័ព ធីវគី ចូលមកម្ដងៗ។

វឹក រីម ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់តាំងពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៨ រីម ត្រូវអង្គការចាត់តាំងឲ្យភ្ជូរស្រែ, ឃ្វាលក្របី, ដកសំណាប សែងកងទ័ពរបួស ឬស្លាប់នៅក្នុងសមរភូមិមុខ និងធ្វើចម្ការ។ នៅចុងឆ្នាំ១៩៧៨ រឹម និងអ្នកឯទៀត ត្រូវអង្គការរៀបចំជម្លៀសទៅភាគខាងលិចប្រទេសកម្ពុជា ប៉ុន្តែបានបញ្ឈប់ដំណើរនៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកដល់ពេលដែលគាត់និងប្រជាជនផ្សេងទៀតធ្វើដំណើរដល់អ្នកលឿង។ នៅឆ្នាំ១៩៩២ រីម ត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិរយៈ១០ឆ្នាំ ទើបគាត់ឈប់។ សព្វថ្ងៃ រីម មានកូន១០នាក់ ស្រី៦នាក់ ហើយគាត់រស់នៅជាមួយកូនស្រីពៅរបស់គាត់។

 

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី, ភា រស្មី, សូ ហាន់ និង ថុន ស្រីពេជ្រ

រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា