"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

រឿងរ៉ាវសង្ខេបរបស់ប្រជាជននៅស្រុកអន្លង់វែងតាមរយៈវេទិកាប្រវត្តិសាស្រ្តគ្រួសារ

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរួមមាន បណ្ឌិត លី សុខឃាង, សួត វិចិត្រ មេក វិន, ហ៊ាន ពិសី តាមរយៈគម្រោងប្រវត្តិសាស្រ្តគ្រួសារបានរៀបចំវេទិកាសាធារណ និង សម្ភាសន៍​ប្រជាជននៅក្នុងសហគមន៍អន្លង់វែងអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម រយៈពេល​៤ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១៩ ដល់ថ្ងៃទី២២ ខែ​តុលា​ ឆ្នាំ​២០២១។ ខាងក្រោមគឺជាសាច់រឿងសង្ខេប​របស់​អ្នករស់រាន​មាន​ជីវិតពីរបបខ្មែរក្រហម៖

អៀ​ ណុប

អៀ​ ណុប ភេទ​ប្រុស​ អាយុ៦៣ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ភូមិ​ព្រៃ​ស្បាត​ ឃុំ​ត្រពាំង​ធំ​ខាង​ជើង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

អៀ ណុប ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​គ្រួសារ​របស់​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩នាក់​។ កាល​ពី​កុមារ​ភាព​ ខ្ញុំ​មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​ទេ​ដោយ​សារ​តែ​ជីវ​ភាព​ខ្វះ​ខាត​ ម្យ៉ាង​វិញ​ទៀត​ស្រុក​ទេស​កំពុង​កើត​មាន​សង្គ្រាម​។​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៣-១៩៧៤ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​។​ បន្ទាប់​ពី​ខ្ញុំ​ចូលធ្វើ​កង​ទ័ព ​ ខ្មែរ​ក្រហម​បាន​បញ្ជូនខ្ញុំ​ទៅ​ខាង​ភ្នំ​ដិន​។ បន្ទាប់​ពី​ទៅ​ដល់​ទី​នោះ​ ​ការ​ងារ​ដែល​ខ្ញុំត្រូវ​​ធ្វើ​គឺ​ស្ពាយ​បាយ​ឲ្យ​កង​ទ័ព​នៅ​សមរភូមិ​ ​មុខ​។ ខ្ញុំ​​ឈរ​ជើង​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ។​ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​នៅ​ទី​រួម​ខេត្ត​តាកែវ​​វិញ។ នៅ​ទី​នោះ​ ខ្មែរ​ក្រហម​មិន​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ធំ​ដុំ​ទេ​ គឺ​ខ្ញុំ​ទៅ​ឃ្វាល​គោ​ និងឃ្វាល​ក្របី​។ ចំណែក​ខែ​ប្រាំង​ ​ខ្ញុំ​ទៅ​ជួយ​ស្ទូង​ស្រូវ​មីង​ៗ​។ កាល​ណោះ​អ្នក​គ្រប់​គ្រង​នៅ​ទី​រួម​ខេត្ត​តាកែវ​ គឺមាន ​តាម៉ុក​ និង តាសោម​។​ តា​សោម​ មានតួនាទី​​ជា​ប្រធាន​តំបន់​។ របបអាហារ​នៅក្នុង​ឆ្នាំ​១៩៧៥ ​មិន​ទាន់​មាន​ការខ្វះខាតប៉ុន្មាន​ទេ​។ រហូតដល់​ឆ្នាំ​១៩៧៦ ​ទើប​មាន​ការ​លំបាក​ខ្លាំង​ ទាំង​ការ​ហូប​ចុក​ទាំង​ការ​រស់​នៅ​ដោយ​សារ​ខ្មែរក្រហម​បញ្ចូល​ប្រជាជនទៅ​ក្នុង​សហករណ៍​ ហូប​រួម ​ដេក​រួម ​និងធ្វើ​ការ​រួម​។ ខ្ញុំ​រស់​នៅ​ និង​ធ្វើ​ការ​នៅ​សហករណ៍​ ដូច​ជា ​ស្ទូង​ស្រូវ​ ​និងរែក​ដី។ ​រហូត​ដល់​ឆ្នាំ​១៩៧៩​ កង​ទ័ព​វៀត​ណាម​បាន​ចូល​ ដល់​ខេត្ត​តាកែវ​។​ នៅដើម​ឆ្នាំ​១៩៨០​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ជួប​ជុំ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​វិញ​។​ ​ខ្ញុំ​ជួយ​​ឪពុក​ម្ដាយធ្វើ​ស្រែ​ចម្ការ​និងឡើង​ត្នោត ​។ នៅ​ឆ្នាំ​១៩៨១​ ខ្ញុំ​ក៏បាន​រៀប​ការ។

នៅ​ឆ្នាំ​២០០០ ​ខ្ញុំ​​បាន​សម្រេច​ចិត្ត​មក​រក​ស៊ី​កាន់​ម៉ាស៊ីន​អាឈើ​ឲ្យ​តា នូ រ៉ាត់ ​បាន​រយៈ​ពេល​១ឆ្នាំ​។​ បន្ទាប់​មក​ខ្ញុំ​​បាន​ទាក់​ទង​ទៅ​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​កំណើត​ឲ្យ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ជា​មួយ​គ្នា​។ នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​តំបន់​អន្លង់​វែង​មុន​ដំ​បូង​គឺ​សុទ្ធ​តែ​ព្រៃ​ មិន​សូវ​មាន​ប្រជាជន​រស់​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។​ ទឹក​ដី​អន្លង់​វែង​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​មាន​តម្លៃ​។ ខ្ញុំ​មក​រស់នៅអន្លង់​វែង​ក្នុងគោល​បំណង​ប្រកបរបរចិញ្ចឹមជីវិត ​ប៉ុន្តែក្រោយមកទើបដឹងថាអ្នក​ មក​រស់​នៅអន្លង់​វែងភាគ​​ច្រើនមានស្រុក​កំណើតនៅតាកែវដូចខ្ញុំដែរ​​ ទើបខ្ញុំ​សម្រេច​ចិត្ត​រស់​នៅ​អន្លង់​វែង​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

ឆាំ ឡុង

ឆាំ ឡុង​ ភេទ​ស្រី​​ អាយុ៦៥​ មាន​ស្រុក​កំណើត​នៅ​ឃុំគៀន​សង្កែ​ ស្រុក​ជីក្រែង​​ ខេត្ត​សៀម​រាប​។ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទឹក​ជុំ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ឆាំ ឡុង កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុង​ឆ្នាំ​១៩៧១​ ខ្ញុំ​បា​ន​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​អន្លង់​វែង​។​ កាល​ណោះ​ខ្ញុំ​មក​អន្លង់​វែង​​ដោយ​មើល​ត្រី​វិស័យ​។ ខ្ញុំ​មកជាមួយ​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំនួន​​ រួម​ជា​មួយ​កង​ពល​និងវរសេនា​តូច​។​ ខ្ញុំ​ និង​អ្នក​រួម​ដំណើរ​ទាំង​អស់​បាន​ដើរ​កាត់​ព្រៃ​ស្អាក។ នៅតាម​ផ្លូវ​ជួប​សត្វ​ជា​ច្រើន​ប្រភេទ​ដូច​ជា ​ខ្លា​ ដំរី​ ទន្សោង​ និង ខ្ទីញ​ ជា​ដើម​។​ ក្រុម​ខ្ញុំ​ដើរ​​រហូតមក​ដល់​ភូមិ​រំចេក​ ក៏​ស្នាក់​នៅ​ទី​នោះ​ដើម្បី​ព្យាបាល​ជំងឺឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​អន្លង់​វែង​​។​ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ភូមិ​រំ​ចេក​មុន​ដំបូង​ ប្រជាជន​នៅ​ទី​នោះ​ភាគ​ច្រើន​កើត​​ជំងឺក្រាំង​។ ជំងឺ​ប្រភេទ​នេះ​ភាគ​ច្រើន​ចេញ​ដំបៅ​នៅ​លើ​មាត់​ និង​ច្រមុះ​។​ ក្រុម​គ្រូ​ពេទ្យ​របស់​ខ្ញុំ​បាន​ព្យាបាល​ជំងឺ​ក្រាំងឲ្យ​ប្រជាជន​ក្នុង​ភូមិ​រំ​ចេក​រហូត​​ជា​សះ​ស្បើយ​។​ បន្ទាប់មក​ ក្រុមរបស់​ខ្ញុំ​ត្រូវ​ទៅ​ព្យាបាល​ប្រជាជន នៅ​ភូមិ​ផ្អាវ​ បាក់​នឹម​ តាដេវ​ លំទង​ និង ភូមិ​ចា​ ទៀត។​ ចំពោះ​ជំងឺ​គ្រុន​ចាញ់​ ប្រជាជន​រួម​ទាំង​ក្រុម​ខ្ញុំ​ក៏កើត​មាន ច្រើន​ដែរ​ ដោយ​សារយើង​ចាញ់​ទឹក​ដី​។​ រហូត​ដល់​ឆ្នាំ​១៩៧៣​ មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ភូមិ​រំចេក​ ដូច្នេះខ្ញុំ​រួម​ទាំង​ប្រជាជន​ទាំង​អស់​​នាំ​គ្នា​រត់​ឡើង​ភ្នំ​ដង​រែក​។​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៦​ ចាប់​ផ្ដើមមានការ​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​ដោយប្រជាជន​ទាំង​អស់ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ដាក់ចូល​ក្នុង​សហករណ៍​ ហើយត្រូវហូប​បាយ​រួម​ និងធ្វើ​ការងារ​រួម​។​ ចាប់​ពី​ពេល​នោះ​មក​ការ​ហូប​ចុក​មិន​​បាន​គ្រប់​គ្រាន់​ទេ។​ ពេល​ខ្លះ​ខ្ញុំហូប​បាយ ​ពេល​ខ្លះ​​ហូប​បបរ​ ដំឡូង​ និងក្ដួច​ខ្លះ​។ ចំណែកការ​ស្លៀក​ពាក់​អ្នក​នៅ​ក្នុង​សហករណ៍​ និង​អង្គ​ភាព​ស្លៀក​ពាក់​ពណ៌​ខ្មៅ​។​

នៅដើម​ឆ្នាំ​១៩៧៩​ កង​ទ័ព​វៀត​ណាម​ចូល​មក​ដល់​រំចេក​ ខ្ញុំបាន​រត់​ឡើង​ភ្នំ និងបន្តទៅ​រស់នៅ​ក្នុង​​ជំរំ​ភូណយ​​។​ ការ​រស់​នៅ​ក្នុង​ជំរំ​ភូណយយើង​មានជីវភាពប្រសើរ​ជាង​មុន​។​ ចំ​ពោះ​ការ​ហូប​ចុក​ កាកបាទ​ក្រហម​ និង ​តាម៉ុក ​ជា​អ្នក​ផ្គត់​ផ្គង់​ឲ្យ​មិន​មាន​ការ​ខ្វះ​ខាត​ឡើយ​។​ បន្ទាប់​ពី​ទៅ​ដល់​ទី​នោះ​បាន​មួយ​ឆ្នាំ​ខ្ញុំ​​បាន​រៀប​ការ​។ ក្រោយ​ពី​រៀប​ការរួច ​ខ្ញុំ​បន្ត​រស់​នៅ​ក្នុង​ជំរំ​ភូណយ​ទៀត។ នៅឆ្នាំ​១៩៩៨​ យោធាខ្មែរក្រហមនៅតំបន់អន្លង់​វែង​ធ្វើ​សមាហរណកម្មចុះចូលជា​មួយរាជរដ្ឋាភិបាល។​ ដូច្នេះខ្ញុំ​រួម​ទាំង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ជំរំ​ភូណយ ចេញពីជំរំ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

យូ​ ណេត

យូ​ ណេត​ ភេទ​ប្រុស​ អាយុ​៦៧ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅឃុំ​ផ្សារ​ដែក​ ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។ សព្វ​ថ្ងៃ​ យូ ណេត រស់​នៅ​ក្នុង​ភូមិ​ទឹក​ជុំ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

យូ ណេត ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​ខ្ញុំ​នៅ​ស្រុក​​កំណើតក្នុង​​កំឡុង​ឆ្នាំ​១៩៧០​ មាន​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ភូមិ​ឃុំ​របស់ខ្ញុំ​យ៉ាង​សន្ធោ​សន្ធៅ​។​ ដោយ​សារ​តែ​មាន​ភាព​វឹក​វរ​អសន្តិសុខ​ខ្លាំង​ពេក​ ខ្ញុំ​​សម្រេច​ចិត្ត​ចូល​បម្រើយោធា​ខ្មែរ​ក្រហម​។​ ចំណែក​បង​ប្រុស​របស់​ខ្ញុំ​២នាក់​ទៀត​ត្រូវបានជ្រើសរើសឲ្យចូល​ធ្វើជា​ពេទ្យ​​​​។​ បន្ទាប់​ពី​ខ្ញុំ​ចូល​ធ្វើ​យោធាខ្មែរក្រហម ​ខ្ញុំ​ត្រូវ​បាន​បញ្ជូនឲ្យ​ទៅ​ឈរ​ជើង​នៅ​​ខេត្ត​រតនគិរី​។​ ខ្ញុំ​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ​១៩៧៧​ កង​ទ័ព​វៀត​ណាម​ចាប់​ផ្ដើម​មាន​ជម្លោះ​​ជា​មួយ ខ្មែរក្រហម។​ ចាប់តាំង​​ពី​ពេល​នោះ​មក​យោធា​​ខ្មែរ​ក្រហម​ និង​កង​ទ័ព​វៀត​ណាម​វាយ​ប្រហារ​គ្នា​ជាប់​រហូត​​ដល់​ឆ្នាំ​១៩៧៩​។​ បន្ទាប់មក ខ្ញុំ​ភៀសខ្លួន​ទៅ​កាន់​ទន្លេ​រពៅ​ស្ថិតនៅ​ជាប់​ព្រំ​ដែន​ឡាវ​។​ ​ខ្ញុំ​​រស់​នៅ​ទន្លេ​រពៅ​បាន​រយៈ​ពេល​មួយ​ខែ​ ​​ធ្វើ​ដំណើរ​ទៅ​ភ្នំ​១០០៣វិញ​។​ នៅ​ទី​នោះ​ តាម៉ុក​ គឺជា​អ្នក​គ្រប់​គ្រង​ និង​ផ្គត់​ផ្គង់​ការ​ហូប​ចុក​ដល់​ប្រជាជន​រួម​ទាំង​យោធាខ្មែរក្រហម​ទាំង​អស់​។​ បន្ទាប់​មក​ តាម៉ុក​ ហៅ​ខ្ញុំ​រួម​ទាំង​កង​យោធា​ដទៃ​ទៀត​ទៅ​រៀន​សូត្រ​ពី​តស៊ូ​ជា​មួយ​សត្រូវ​។​ រហូត​ដល់​ឆ្នាំ​១៩៨៧​ តាម៉ុក​ បាន​ឲ្យ​ខ្ញុំ​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គាត់​។ ក្រោយ​ពី​រៀប​ការ​ហើយ​ ខ្ញុំ​​បន្ត​រស់​នៅ​ជា​មួយ​ប្រពន្ធ​ខ្ញុំ​រហូត​ដល់​ឆ្នាំ​១៩៨៩។​ ជើង​របស់​ខ្ញុំ​ពិការ​ដោយ​សារ​ជាន់​មីន​។ ចាប់​តាំង​ពីនោះ​មក ​ខ្ញុំ​ឈរ​ជើង​នៅ​សមរភូមិ​ក្រោយដោយមានតួនាទីមើល​ការ​ខុស​ត្រូវ​ឃ្លាំង​សម្ភារ​​រហូត​។​

ខ្ញុំ​រួម​ទាំងប្រពន្ធ​​បន្ត​រស់​នៅ​លើ​ភ្នំ​ដង​រែក​រហូត​ដល់​ឆ្នាំ​១៩៩០​ ទើប​ចុះ​មក​នៅ​ក្នុង​ស្រុក​អន្លង់​វែង​វិញ ​ហើយ​ តាម៉ុក​ បានចាត់តាំង​ខ្ញុំឲ្យ​កាន់​ឃ្លាំង​អង្ករ​ដដែល​ៗ​។​ នៅ​ឆ្នាំ​១៩៩៣​ ខ្ញុំបានរត់​ឡើង​ភ្នំ​ម្ដង​ទៀត​។​ ខ្ញុំ​រស់​នៅ​លើ​ភ្នំ​ដង​រែក​ដល់​ឆ្នាំ​១៩៩៨​ កង​កម្លាំង​ខ្មែរ​ក្រហម​ដែល​ឈរ​ជើង​នៅ​ទឹក​ដី​អន្លង់​វែង​បាន​ផ្សះ​ផ្សា​គ្នា​ជា​មួយរាជ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​​សង្គ្រាម​។ បន្ទាប់​មក​ ខ្ញុំ​រួម​ទាំង​ក្រុម​គ្រួសារ​បាន​សម្រេច​ចិត្ត​មក​រស់​ក្នុង​ភូមិ​ទឹក​ជុំ ​រហូត​មកដល់​បច្ចុប្បន្ន​។

ហោម​ សាង

ហោម​ សាង ភេទ​ស្រី​ អាយុ​​៦០​ឆ្នាំ​ មាន​ទី​កន្លែង​កំ​ណើត​នៅ​ឃុំ​កណ្ដាល​ ស្រុក​ឈូក​ ខេត្ត​កំពត​។ សព្វ​ថ្ងៃ​រស់នៅ​ភូមិ​ស្វាយ​ចេក​ ឃុំ​លំ​ទង​ ស្រុ​ក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សាង​ចែ​ក​រំ​លែក​រឿងរ៉ាវជីវិតដូចខាងក្រោម៖

ហោម សាង កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិស្វាយចេក ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​កុមារ ​ខ្ញុំ​​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៧។ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ជា​ជាង​កាត់​ដេ​​​ខោ​អាវ​ផ្គត់​ផ្គង់ដល់សហករណ៍​។ ការងារ​ជា​អ្នក​កាត់​ដេរ​នៅ​ជំនាន់​នោះ​ គឺពេល​ព្រឹក​​ចាប់​ពី​ម៉ោង​៧​ដល់​ម៉ោង​១១ និងពេលរសៀលពី​ម៉ោង​១​ដល់​ម៉ោង​៥​។ ការ​ហូប​ចុក​ខ្ញុំទទួល​បាន​បាយ​ហូប​គ្រប់​គ្រាន់​។ លុះ​ដល់​ឆ្នាំ១៩៧៣ ​អង្គការជ្រើសរើស​ខ្ញុំ​ឲ្យ​ចូ​ល​ធ្វើ​ជា​ពេទ្យ។ អង្គការ​ជ្រើស​រើស​ និង​សួរ​ខ្ញុំថា តើខ្ញុំ​ចេះ​មើល​អក្សរ​បារាំង​ដែរឬ​ទេ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​ឈ្មោះ​ថ្នាំ​។​ ចំណែកការ​វះ​កាត់អ្នក​ជំងឺ ​គឺ​​​ខ្ញុំ​រៀន​ជា​មួយ​តា​ ជួន​ ជឿន​ ដោយ​ផ្ទាល់​។

ខ្ញុំ​បាន​ដើរ​ព្យាបាលអ្នក​ជំងឺ​​ជាមួយ​កង​ទ័ពដោយ​មិន​ដែល​មាន​ឧបសគ្គអ្វី​ឡើយ​។​ ខ្ញុំ​ បាន​​​ដើរ​តាម​កព្យាបាល​កង​ទ័ព​ រហូត​ដល់​ឆ្នាំ​១៩៧៥​ទើបខ្ញុំ​ចូលមក​ទី​ក្រុង​ភ្នំ​ពេញ​​។​ ​ ចំពោះ​សម្លៀក​បំពាក់​ក្នុង​មួយ​ឆ្នាំ​ខ្មែរ​ក្រហម​បើក​ឲ្យ​ចំនួន​២សម្រាប់​។​ ចំពោះ​ការ​ហូប​ចុក​ខ្ញុំ​ទទួល​បាន​គ្រប់​គ្រាន់​ដោយ​សារ​តែ​ក្រុម​ខ្ញុំ​ជា​ក្រុម​គ្រូ​ពេទ្យ​ជំនាញ។​ ខ្ញុំ​​បន្ត​ធ្វើ​ជា​ពេទ្យ​នៅ​ប្រចាំ​ការ​នៅ​ភ្នំ​ពេញ​រហូត​ដល់​កង​ទ័ព​វៀត​ណាម​វាយ​ចូល​មក​ដល់នៅ​ឆ្នាំ​១៩៧៩​។ ប្រជាជន​បាន​បំបែក​គ្នា​ទៅ​ស្វែង​រក​បងប្អូននិងស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ​។​ ចំណែក​ឯ​ក្រុម​គ្រូ​ពេទ្យ​ខ្ញុំបាន​ភៀសខ្លួន​ទៅ​នៅខាង​ភូមិ​ភាគ​ឧត្តរ​និងព្យាបាលអ្នកជំងឺនៅទីនោះរហូត​ដល់​មាន​ការ​ផ្សះ​ផ្សា​ជាតិ​។

ស៊ន​ ណុល

ស៊ន ណុល ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ឃុំ​ត្រពាំង​ធំ​ខាង​ជើង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទឹក​ជុំ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ស៊ន ណុល កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យខែតុលា ឆ្នាំ២០២១។ (មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​កុមារ​ភាព​ខ្ញុំ​រស់​នៅ​ជា​មួយ​គ្រួសារ​នៅ​ស្រុកកំណើត​។​ ខ្ញុំ​រៀន​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ​កាល​ពី​សង្គម​។​ នៅចន្លោះ​ឆ្នាំ​១៩៧៤ និងឆ្នាំ១៩៧៥ ខ្ញុំ​​បាន​ចូល​ជា​កង​កុមារ​។​ ការ​ងារ​ដែល​ខ្ញុំ​ធ្វើគឺ​ឃ្វាល​គោ​ ឃ្វាល​សេះ​ ច្រូត​ស្មៅ​ឲ្យ​គោ​ស៊ី ជីក​ដី​ដំបូក កាប់​ទន្ទ្រាន​ខែត្រយក​ទៅ​ធ្វើ​ជី​​។​ កាល​ណោះ​ ខ្ញុំ​ទើប​តែ​មាន​អាយុ​៩ឆ្នាំ​ប៉ុណ្ណោះ​។​ ខ្ញុំ​រួម​ទាំង​កុមារ​ដទៃ​ទៀត​បាន​បែក​ពី​ឪពុក​ម្ដាយ​ទៅ​ដេក​នៅ​រោង​កុមារដែលមាន​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូពីភូមិ​​។​ កាល​ណោះ​មួយ​កង​ខ្ញុំ​មាន​កុមារចំនួន​៥០​នាក់ ​រួមទាំង​កុមារា​ និង​កុមារី។​ ចំពោះ​ការ​ហូប​ចុក​ ថ្ងៃ​ខ្លះ​ខ្ញុំ​ហូប​បបរ​ ថ្ងៃ​ខ្លះ​ហូប​ដំឡូង​ និងថ្ងៃ​ខ្លះ​ទៀត​​ហូប​បាយ​​។​ ក្នុង​មួយ​ថ្ងៃ​ កុមារ​អាច​ទៅ​រៀន​បាន​មួយ​ម៉ោង​។ កុមារ​ត្រូវ​សរសេរ​ និង​ចាំ​អក្សរ​ឲ្យ​បាន​៥​តួ​។​ នៅ​ពេលដែល​​កុមារ​នឹក​ឪពុក​ម្ដាយ​ អាច​សុំ​ច្បាប់​ប្រធាន​កង​មួយ​ឬ​ពីរ​ថ្ងៃ​ទៅ​លេង​ឪពុក​ម្ដាយ​បាន​។​ ខ្ញុំ​នៅ​ក្នុង​កង​កុមារ​រហូត​ដល់​ឆ្នាំ​១៩៧៩​ កងទ័ពវៀត​ណាម​បានវាយចូល​មក​ ទើបខ្មែរក្រហម​រំសាយ​កងកុមាររបស់​ខ្ញុំឲ្យមករក​ជួប​ជុំ​គ្រួសារ​វិញ​។ ខ្ញុំនិង​ម្ដាយ​បានបន្ត​រត់​គេច​គ្រាប់​ពីផ្លោង​។​ នៅពេលនោះ​ប្រជាជន​ជា​ច្រើននាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​តាម​ផ្លូវ​ដោយ​សារ​អត់​អាហារ​​​។​ នៅឆ្នាំ​១៩៨៣​ ខ្ញុំ​បាន​រៀប​ការ​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​ខ្ញុំ​​បាន​ពិការ​ជើង​ម្ខាង​។​ បន្ទាប់​មក ​តាម៉ុក​ ​ឲ្យ​ខ្ញុំមក​​នៅ​ភូមិ​ស្រះ​ឈូក​។​ តាម៉ុក​ បាន​ឲ្យ​ខ្ញុំ​នៅ​បើក​ត្រាក់​ទ័រ​ដឹក​អង្ករ​យក​ទៅ​ឲ្យ​កង​ទ័ព​នៅ​សមរភូមិ​មុខ​។​ ក្រៅ​ពី​បើក​ត្រាក់​ទ័រ ​ ខ្ញុំ​ត្រូវ​ទៅ​ច្នៃ​មីននៅភូមិទឹកជុំ។ កាល​ណោះ​មានមនុស្ស​​៧នាក់បានស្លាប់​ដោយ​សារ​ផ្ទុះ​មីន​ពេលកំពុងច្នៃ​។ ​​ ចាប់​តាំង​ពី​ពេល​នោះ​មក​ប្រពន្ធ​របស់​ខ្ញុំ​ក៏​ឈប់​ឲ្យ​ខ្ញុំ​ទៅ​កែ​ច្នៃ​មីន​ទៀត​។

បាវ​ ណាង

បាវ ណាង ភេទ​ស្រី​ អាយុ៦១ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ព្រៃ​ខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​​តាកែវ​។​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

បាវ ណាង កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន /មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​សម័យ​សម្ដេចព្រះ​ នរោត្តម​ ​សីហនុ​ ខ្ញុំ​នៅ​តូចៗ​ណាស់​។​ គ្រួសារ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​។​ នៅ​​ឆ្នាំ​១៩៧៣ បងប្រុស​របស់ខ្ញុំ​៤នាក់​បានចូល​ធ្វើ​បដិវត្តន៍ជាមួយ​ខ្មែរក្រហម​។​ ចំណែក​ខ្ញុំ​ និង​ប្អូនៗ​រួម​ទាំង​ម្ដាយ​រស់​នៅ​ក្នុង​សហករណ៍​នៅ​ក្នុង​ភូមិ​ព្រៃ​ខ្លា​ដដែល​។​ នៅ​ពេល​ដែល​ម្ដាយឪពុក​​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ​លើក​ភ្លឺ​ស្រែ​ ស្ទូង​ស្រូវ​​ ខ្ញុំ​ជា​អ្នក​នៅ​មើលថែ​ប្អូនៗ​ ។​ នៅពេល​ម៉ោងឈប់សម្រាក ​ទើប​ម្ដាយរបស់​ខ្ញុំ​យក​អាហារ​មក​ឲ្យខ្ញុំ​និងប្អូនៗហូប។​ បន្ទាប់​ពី​យក​អាហារ​ឲ្យ​ខ្ញុំ​និង​ប្អូន​ហើយ​ម្ដាយ​ខ្ញុំ​​ត្រឡប់​ទៅ​ធ្វើ​ការ​រហូត​ដល់​ល្ងាច ​ទើបបាន​មក​ជួប​ជុំ​គ្នា​វិញ​។​ ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺបង​ប្រុស​ខ្ញុំ​ត្រូវ​បាន​​​បែក​បាក់​ពី​គ្រួសារ​​ ចំណែក​ការ​ហូប​ចុក​មិនបាន​​គ្រប់​គ្រាន់​។ មុនពេល​ខ្ញុំ​មក​ដល់​ស្រុកអន្លង់​វែង​ ខ្ញុំ​ធ្លាប់​ដឹង​ថា​អន្លង់​វែង​ជា​តំបន់​សង្គ្រាម​ តំបន់​គ្រាប់​ផ្លោង​ និង​មាន​អតីត​ខ្មែរ​ក្រហម​រស់​នៅ​ច្រើន។​

ខ្ញុំ​សម្រេច​ចិត្ត​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ​ដោយ​ខ្ញុំ​មាន​បង​ប្រុស​ខ្ញុំ​រស់​នៅ​ទីនេះ​។ ម្យ៉ាងទៀត​ខ្ញុំ​មិន​មាន​ដីធ្លី​​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំ​ដំណាំនៅស្រុកកំណើត។ ខ្ញុំ​រួម​ទាំង​គ្រួសាររស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​។ ​ប្រជាជន​នៅ​ទី​នេះ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន និងមិនមាន​ការ​រើស​អើង​អ្នក​ចំណូល​ថ្មី​ដូច​ជា​រូប​ខ្ញុំ​ទេ​។​ ខ្ញុំ​មិន​ចង់​ឲ្យ​របប​ខ្មែរ​ក្រហម​កើត​ឡើង​ម្ដង​ទៀត​ទេ​ព្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​លំបាក​ខ្លាំង​ណាស់។​ សព្វ​ថ្ងៃ​​នេះ​ការ​រស់​នៅ​មាន​គឺធូរធា​ជាង​មុន​ ថែម​ទាំង​មាន​សេរី​ភាព​ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម​​។​

សៀង​ ថេន​

សៀង ថេន ភេទ​ស្រី​ អាយុ​៥៦ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពាក់​បង្អោង​​ ឃុំ​ត្រពាំង​ធំ​ខាង​ជើ​ង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​ថ្មី​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​។​

សៀង ថេត កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី /មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពី​កុមារភាព​ខ្ញុំ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​។ រហូត​ដល់​ឆ្នាំ​១៩៧១ ​ខ្មែរក្រហម​ស្នើ​សុំ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​យក​ខ្ញុំ​ទៅ​ចូល​ក្នុង​កង​កុមារ​។​ ការ​ងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ក្នុង​កង​កុមារ​ រួមមាន​ កាប់​ទន្ទ្រាន​ខែត្រ​ រែក​ដី​ដំបូក រើស​អាចម៍​គោ​ ​ធ្វើ​ជា​ជី​ដាក់​​​ស្រែ​។​ ខ្ញុំ​រែក​ជី​ដែល​ធ្វើ​ហើយ​យក​ទៅ​ដាក់​ក្នុង​ស្រែ​។​ ក្នុង​មួយ​ក្រុម​កុមារ​មាន​កុមារ​ចំនួន​១២​នាក់​។​ កាល​ណោះ​សម្បូរ​ណាស់​ក្មេងៗ​ដែល​រត់​ទៅ​រក​ឪពុក​ម្ដាយ​ដោយ​​ក្ដី​នឹក​រឭក។​ កុមារ​ខ្លះ​លួច​ទៅផ្ទះ​ ប៉ុន្តែពេល​ប្រធាន​កង​កុមារ​ចាប់​បានគឺ​ដាក់​វិន័យ​ឲ្យ​កុមារ​ដែល​លួច​ទៅ​ជួប​ឪពុក​ម្ដាយ​ឲ្យរែក​ដី​។​ ក្នុង​មួយ​ខែ​ខ្ញុំសុំ​ប្រធាន​កងទៅ​លេង​ឪពុក​ម្ដាយ​បាន​២ដង​​។​ ជារៀង​រាល់​ថ្ងៃ​កុមារ​អាច​ទៅ​រៀន​បាន​មួយ​ម៉ោង​ជា​មួយ​គ្រូ​បង្រៀន​នៅ​ក្នុង​សហករណ៍​។​ គ្រូ​ដែល​បង្រៀន​ខ្ញុំជំនាន់​នោះ​​ឈ្មោះ​  យ៉ាន​ ហើយ​គាត់គឺ​ជា​ប្រធាន​កង​កុមារដែរ​។​ ខ្ញុំ​នៅ​ក្នុង​កង​កុមារ​ហូប​តែ​បបរ​​ ចំណែក​ឯ​​បាយ​វិញ​យូរៗ​ទើបខ្ញុំ​បាន​ហូប​ម្ដង​។ ​បន្ទាប់​មក​ទៀត​ កុមារ​ដែល​មាន​មាឌ​ធំៗ ត្រូវ​ដក​ឲ្យ​ទៅ​មើល​ក្មេងៗ​វិញ។​ កាល​នោះខ្ញុំ​មាឌ​ធំ ទើបប្រធាន​កង​កុមារឲ្យ​ខ្ញុំ​ទៅ​មើល​ក្មេងៗ​តូចៗ​ចំនួន​៣​នាក់​។ ខ្ញុំត្រូវបញ្ចុក​បាយ​ បបរ រៀបចំ​ឲ្យក្មេងៗ​ដេក រហូតដល់​ម្ដាយ​ក្មេងៗទាំងនោះ​មក​ពី​ច្រូត​ស្រូវ​វិញ​ទើប​ខ្ញុំ​បាន​សម្រាក​។ ការងារនោះគឺលំបាក​ណាស់​ ព្រោះខ្ញុំមិន​ហ៊ាន​ដើរ​ទៅ​ណា​ទេ​ ទោះបីខ្ញុំចង់​ទៅ​ដក​ដំឡូង​មក​ហូប​។ ខ្ញុំ​នៅ​មើល​ក្មេង​ៗ​អស់​រយៈ​ពេល​២ខែ​ កង​ទ័ព​វៀត​ណាម​បានវាយ​ចូល​មក​​ដល់។​ នៅពេលនោះ​ម្ដាយ​របស់​ក្មេងៗ ​បាន​មក​យក​កូន​ៗពី​ខ្ញុំហើយ​រត់​ចេញទៅ​ និង​ប្រាប់​ខ្ញុំឲ្យរត់​ទៅ​រក​ឪពុក​ម្ដាយ​ខ្ញុំ​វិញ​​។​ ក្រោយ​ពី​ជួប​ម្ដាយ​ហើយ​ ម្ដាយ​ខ្ញុំរបស់ខ្ញុំ​នាំ​ខ្ញុំ​រត់​តាម​ប្រជាជន​ដទៃ​ទៀត​ដែល​មាន​យោធាខ្មែរក្រហម អម​ដំណើរ​។​ កាល​ណោះ​ យោធាខ្មែរក្រហម​មិន​ឲ្យយើង​បក​ក្រោយ​ឡើយ។ ប្រសិនបើ​មានអ្នក​ជំនាស់​គឺយោធាខ្មែរក្រហម​បាញ់​សម្លាប់ចោល​ភ្លាម​។​ យោធាខ្មែរក្រហម​បាន​ប្រាប់​គ្រួសារ​ខ្ញុំ​ រួម​ទាំង​ប្រជាជន​ទាំង​អស់​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្នល់​ជាតិ​លេខ​២ និង​លេខ​៣​ឆ្ពោះ​ទៅ​ទិញ​ខាង​លិច​រហូត​ទៅ​ដល់​ភ្នំ​លះ​បង់​។ ភ្នំ​លះ​បង់គឺ​ជា​ភ្នំ​មួយ​ដែល​មាន​ប្រជាជន​ស្លាប់​ជា​ច្រើន​នាក់​ ពី​ព្រោះ​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ចាស់ជរា​ អ្នក​កូន​តូចដែល​ឡើង​ភ្នំ​មិន​រួច ​គឺត្រូវទុកចោល។ ខ្ញុំ​និង​គ្រួសារ​មិន​ទាន់​បាន​ឡើង​ភ្នំ​ទេ​ ស្រាប់តែមាន​អ៊ំ​ម្នាក់​​មក​ប្រាប់​​គ្រួសារឲ្យ​គេចទៅ​ទិញ​ខាង​កើត​វិញ​​ ​ប្រសិនបើ​ទៅ​មុខ​ទៀត​ប្រាកដ​ជា​ស្លាប់​។​ ក្រោយ​មក​ទៀត ​មាន​កងយោធាខ្មែរក្រហម​ដែលផ្តាច់ខ្លួនចូលជា​មួយ​កង​ទ័ព​វៀត​ណាម​ បាន​ប្រាប់​ឲ្យយើង​ត្រឡប់​ទៅ​​ស្រុក​ភូមិវិញ ​ព្រោះ​ប្រទេស​បាន​រំដោះ​ និង​កុំ​ភ័យ​ខ្លាច​ទៀត​។​ ខ្ញុំ​រួម​ទាំង​គ្រួសារ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។ ពេល​ទៅ​ដល់​ភូមិ​ខ្ញុំឃើញ​សុទ្ធ​តែ​កង​ទ័ព​វៀត​ណាម​ ប៉ុន្តែ​កង​ទ័ព​វៀត​ណាម​​មិនធ្វើ​បាប​យើង​ទេ ​ថែម​ទាំង​ប្រាប់​ឲ្យយើងរស់​នៅ​ផ្ទះ​សម្បែង​​។​

ខៀវ​ ថន​

ខៀវ ថន ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​សំរោង​ ឃុំ​មនោរម្យ​ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​។​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទួល​គ្រួស​ ឃុំ​ថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ខៀវ ថន កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​ ខ្ញុំ​បាន​ចូល​រួម​ធ្វើ​ជា​កងកុមារ។ ខ្ញុំ​​រែក​ដី​ កាប់​ទន្ទ្រាន​ខែត្រ​ធ្វើ​ជី​ និងកាប់​ដី​ដំបូក។​ ខ្ញុំ​ធ្វើ​ការ​នៅ​ក្នុង​កង​កុមារ​បាន​មួយ​រយៈ​។ បន្ទាប់មកខ្ញុំ​ក៏​ចូល​ធ្វើ​ជា​កង​​ទ័ព​ខ្មែរ​ក្រហម​នៅខាង​ភូមិ​ភាគ​បស្ចិម។​ ខ្ញុំ​នៅ​ក្នុង​កង​ពល​១១៧​ ដែល​គ្រប់​គ្រង​ដោយ​ តា​រុំ​ តានីម​ តានាង​។​ ​មុខ​សញ្ញា​ដែល​ខ្ញុំ​ឡើងទៅ​វាយ​គឺ​ ខេត្តកំពង់​ឆ្នាំង​​។​ មួយរយៈក្រោយមក ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ឈរ​ជើងនៅ​តាម​ព្រំ​ដែន ​ដោយ​សារនៅឆ្នាំ​១៩៧៦ និងឆ្នាំ១៩៧៧​ មាន​ជម្លោះ​នៅ​តាម​ព្រំដែនវៀតណាម​។​ ចាប់​តាំង​ពី​ខ្ញុំ​ទៅ​ឈរ​ជើង​នៅ​តាម​ព្រំ​ដែន​ ខ្ញុំ​បាន​ដាច់ទំនាក់ទំនង​ពី​ឪពុក​ម្ដាយ​បង​ប្អូន​​។ ក្រោយមក យោធាខ្មែរក្រហមចាប់​ផ្ដើម​វាយ​ជា​មួយ​កង​ទ័ព​វៀត​ណាម​​។​ រហូត​ដល់​ចុង​ឆ្នាំ​១៩៧៨​ ​ការវាយប្រយុទ្ធកាន់តែ​ខ្លាំងក្លា​ ហើយដោយសារ​យោធា​ខ្មែរក្រហម​ ​មាន​ចំនួន​តិច​ជាង​កង​ទ័ព​វៀត​ណាម ទើបបណ្តាល​ឲ្យយោធា​ខ្មែរក្រហម​ត្រូវ​ស្លាប់​អស់​ជា​ច្រើន​នាក់​។​ យោធាខ្មែរក្រហមវាយ​ទប់កង​ទ័ព​វៀត​ណាមនៅ​ព្រំ​ដែន ប៉ុន្តែ​នៅ​​ខេត្ត​ក្រចេះ​យោធា​ខ្មែរក្រហម​មិន​អាច​វាយទប់ទល់ និងរុញច្រាន​កង​ទ័ព​វៀត​ណាម​ទៅ​ក្រោយ​វិញ​បាន​ទេ​ព្រោះ​កង​ទ័ពវៀតណាមមានចំនួន​ច្រើន​។​

នៅឆ្នាំ​១៩៧៩​ ​ខ្ញុំ​បាន​រត់​ទៅ​នៅ​ក្នុង​ព្រៃ ​ក្នុង​ខេត្ត​រតនគិរី​។​ កង​ទ័ព​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​បាក់​បែកគ្នា​​ និង​ខ្វះ​ខាតស្បៀង​​អាហារ​ហូប​ចុក​។​ ដើម្បី​​បានរស់​បន្ត​ ខ្ញុំ​រួម​ទាំង​ប្រជាជន​ កង​ទ័ព​ដែល​នៅ​សេស​សល់​បាន​នាំ​គ្នា​ជីក​ដំឡូង​ មើម​ក្ដួច​ យក​មក​ធ្វើ​អាហារ​ហូប​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​ដើម្បី​រង​ចាំ​ដំណឹង​ពី​ខាងខ្មែរក្រហម​។​ កម្លាំង​ដែល​នៅ​ក្នុង​ព្រៃ​មាន​ទាំង​ប្រជាជន​ និង​កង​ទ័ព​​ចំនួន​៦០០​នាក់​។​ មកដល់​ឆ្នាំ​១៩៨០​ ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​មុំបី ​​ឬហៅថាទន្លេ​រពៅ​​។​ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្ញុំជួប​ការ​លំបាក​ច្រើន​ណាស់​ រហូតដល់មាន​កង​កម្លាំងខ្មែរក្រហម​ ​ចុះ​មក​ទទួល​ខ្ញុំ​។​ ពេល​ទៅ​ដល់​ទី​នោះ​ហើយខ្មែរក្រហមបាន​យក​អាហារ​ហូប​ចុក​​មក​បំប៉ន​ប្រជាជន​ និង​កង​ទ័ព​ដែល​ទើប​ទៅ​ដល់​។​ ​កង​ទ័ព​មានអាវុធច្រើន​ជាង​មុន​ក្នុង​ការវាយ​តទល់​ជា​មួយ​វៀត​ណាម​ ព្រោះ​អាវុធ​ទំនើប​និងសម្បូរ​បែបដូចជា​​៤០​,៤៧​,៦៧ និងគ្រាប់​បែក​ ​រួម​ទាំង​មាន​​កង​​នារី​ដឹក​ជញ្ជូន​។ កង​ទ័ពខ្មែរក្រហមចាប់​ផ្ដើម​វាយទប់​ទល់ជា​មួយកង​ទ័ព​​វៀត​ណាម​រហូត​ដល់​ឆ្នាំ​១៩៨៥​។ ​ បន្ទាប់​ពី​វៀត​ណាម​វាយ​ចូល​ខ្លាំង ​ ខ្ញុំ​រួម​ទាំង​កង​ទ័ព​បាន​រត់​មក​នៅ​ភ្នំ​១០០៣ ​វិញ​ ដោយមាន តាម៉ុក​ គឺជា​អ្នក​គ្រប់​គ្រង​។​ ខ្ញុំ​បន្ត​នៅ​១០០៣​ រហូត​ដល់​ឆ្នាំ​១៩៩៣​ មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស​បញ្ចប់សង្រ្គាម។​ បន្ទាប់​បង​ប្អូន​ប្រជាជន​ដែល​រស់​នៅ​លើ​​ភ្នំ​ដងរែក​​បាន​ចុះ​មក​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ដោយ​តាម៉ុក​ គឺជាអ្នក​ចែក​ដី​ធ្លី​សម្រាប់​ធ្វើ​ផ្ទះ​សម្បែង​រស់​នៅ​។​

ឡុង​ ចាន់​ថន​​

ឡុង ចាន់ថន ភេទ​ប្រុស អាយុ​​៥៥​ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ទឹក​វិល​ ស្រុក​ពួក​ ខេត្ត​សៀម​រា​ប​​។ ចាន់​ថន សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ចាន់​ថន​ បាន​ចែក​រំ​លែក​រឿងរ៉ាវរបស់គាត់ដូចខាងក្រោម ​៖​​

ឡុង ចាន់ថន កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាល​ពីជំនាន់​ខ្មែរ​ក្រហម ខ្ញុំ​មានអាយុ​ប្រហែល​ជា​១០​ឆ្នាំ​។ ​ខ្ញុំ​ត្រូវ​បាន​ខ្មែរ​ក្រហម​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ជា​កង​កុមារ​នៅ​ក្នុង​ភូមិអណ្ដូង​តា​អោន​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​។ ចំណែក​ឪ​ពុក​ខ្ញុំ​ និង​បង​ប្អូនខ្ញុំ​ផ្សេង​ទៀតត្រូវ​បាន​ខ្មែរ​ក្រហម​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​ការនៅកង​ចល័ត​។ ការងារ​​ខ្ញុំ​នៅ​ពេល​នោះ​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​ខ្ញុំ​ឃ្វាល​គោ​នៅ​ខែ​វស្សា ហើយ​​កាប់​ដី​ដំ​បូកធ្វើ​ជី និង​រើស​គួរ​ស្រូវ​​​នៅ​ខែ​ប្រាំង​។ ចំណែក​ការ​ហូប​ចុក​នៅ​ជំនាន់​នោះ​គឺ​​ខ្ញុំហូប​ចុក​បាន​គ្រប់គ្រាន់​ ​ដោយ​សារតែ​​មេ​ភូមិ​អណ្ដូង​តា​អោន​ ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ហូប​ចុក​របស់​ប្រជាជន​។ កាលនោះ​ខ្ញុំ​ពុំ​ចាំ​ថា​គាត់​ឈ្មោះ​អ្វី​នោះ​ទេ ប៉ុន្តែដោយ​សារ​តែ​​ចិត្ត​ល្អ​សន្ដោស​ប្រណី​របស់​គាត់នៅ​ពេល​​នោះ ​គាត់​ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​ចោទ​ថា​ក្បត់​​​។ នៅក្នុង​ជំនាន់នោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច គឺខ្ញុំ​បាន​ប្រទះ​ឃើញ​សាក​សព​ជា​ច្រើនដេក​​ស្លាប់​ ហើម​ស្អុយ​ពេញ​មាត់​ទឹក​​បារាយណ៍ ខេត្ត​សៀម​រាប​។  សាកសព​ទាំង​នោះ​សុទ្ធ​តែ​ប្រជាជន​ដែល​ត្រូវ​បាន​ខ្មែរក្រហម​កុហក​ថា ​ឲ្យ​ទទួល​សម្ដេច​ព្រះ​នរោត្តម​ សីហនុ​ ប៉ុន្តែ​ការពិត​គឺ​យក​​មក​សម្លាប់​ចោ​ល​ទាំង​អស់​។ នៅដើមឆ្នាំ​១៩៧៩​ កងវៀត​ណាម​ចូល​មក​ប្រទេស​កម្ពុជា​​ខ្ញុំ បាន​រត់​ភៀស​ខ្លួន​មក​នៅ​ផ្ទះ​វិញ​។ ពេល​នោះក្នុង​​ភូមិខ្ញុំចាប់​កើត​​មានការ​ចលាចល​​ដោយ​សារ​ខ្មែរ​ក្រហម​យក​ភូមិ​អណ្ដូង​តាអោនជាទីតាំង​វាយ​ព្រលាន​យន្តហោះ​។ ដូច្នេះ​ប្រជាជន​មិន​ហ៊ាន​រស់នៅ​ទេ។ ប្រជាជន​រត់​ចេញពី​ផ្ទះ​សម្បែងទៅ​ដេកនៅតាម​ផ្លូវ​ជាតិ​លេខ៦។ ​អស់រយៈពេល​មួយ​សប្ដាហ៍​ក្រោយពេល​ដែលភាព​ការ​ណ៍​ស្ងប់​ស្ងាត់​ ​ ​ទើប​យើង​ហ៊ាន​ចូល​ទៅ​ក្នុង​ភូមិ​វិញ​​។

នៅ​ឆ្នាំ​១៩៨៤ ខ្ញុំមាន​អាយុ​១៦​ឆ្នាំ​ខ្ញុំ​​ក៏​ចូល​ធ្វើ​ជា​កង​ទ័ព​សាធារណរដ្ឋ​កម្ពុជា​។ ក្រោយ​មក​ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ជូនឲ្យ​មកកាន់​​អន្លង់​វែង ​នៅឆ្នាំ​១៩៨៨។  ខ្ញុំ​​នៅ​ឈរ​ជើង​ការពារ​នៅព្រំ​ដែន​ខ្មែរ-​ថៃ​បាន​៥​ខែ ​ខ្ញុំ​ក៏​លួច​រត់មក​ផ្ទះនៅ​ចុង​ឆ្នាំ​១៩៨៨​។ ប៉ុន្តែ​ខណៈពេល​ដែល​រត់​មក​នោះ​ ខ្ញុំ​ក៏​បាន​ជួប​នឹង​ខ្មែរក្រហម​ពាក់​កណ្ដាល​ផ្លូវ ​​ខ្ញុំ​ក៏​លែ​ង​ហ៊ាន​បន្តដំណើរទៅមុខទៀតដោយ​សារ​ខ្លាចខ្មែរ​ក្រហ​ម​សម្លាប់​។​ ខ្ញុំ​នៅ​តស៊ូ​ជាមួយ​ខ្មែរក្រហម​ដល់​ថ្ងៃ​ទី​២០ ខែ​មីនា​ ​ឆ្នាំ​១៩៩៨​ ខ្ញុំ​ក៏ ​ផ្ដាច់​ខ្លួន​រួម​រស់​ជា​មួយ​នឹង​រាជរដ្ឋា​ភិបាល​វិញ​។

ស្រី សុខ

ស្រី សុខ ភេទប្រុស អាយុ៧២​ឆ្នាំ មានទីកន្លែងកំណើតនៅស្រុក​កោះ​ធំ ខេត្ដកណ្ដាល​។ បច្ចុប្បន្នរស់នៅក្នុងភូមិ​ទួលសាលា​ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ។ សុខ បានរៀបរាប់ថា៖

ស្រី សុខ កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ, មេក វិន, ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំរស់នៅក្នុងសម័យសង្គមរាស្រ្ដនិយម នៅពេលខ្ញុំមានអាយុប្រហែល​១៨ឆ្នាំ។ ក្រោយ​មកក៏មានការបំផុសបំផុលឲ្យប្រជាជន​នៅក្នុងភូមិចូលរួមជា​មួយ​ចលនា​ខ្មែរក្រហម បន្ទាប់ពី​មាន​រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែងព្រះ​ប្រមុខរដ្ឋ​។ ភ្លាមៗនោះ ខ្ញុំមិនទាន់បានចូល​រួមក្នុងចលនាខ្មែរក្រហមទេ។ រយៈពេល​ប្រមាណ​៥ខែក្រោយមក ទើបខ្ញុំ​បានសម្រេចចិត្ដចូលរួម​ជាមួយខ្មែរក្រហម។ នៅ​មុន​ពេលនៃការចូលរួមជាមួយចលនានេះ ខ្ញុំ​បានកត់សម្គាល់មើលពីបាតុភូតនៃផ្កាយដុះកន្ទុយជាបន្ដបន្ទាប់​ធ្លាក់​ពីលើមេឃ ដែលសន្មត់ថា​ប្រទេសជាតិរបស់យើងប្រាកដជាមានរឿងមិនល្អកើតឡើង។ ក្រោយមកទៀត ខ្ញុំឃើញរឿង​រ៉ាវទាំងនោះបានកើតឡើងពិតប្រាកដមែន​ដោយ​ឧទ្ធម្ភាគចក្រប្រមាណ​១០០គ្រឿង បាន​ហោះ ចូល​មកក្នុងប្រទេសកម្ពុជា។ ពេលមួយ ខ្ញុំបាន​ទៅនេសាទត្រីនៅក្នុងព្រែក​ដូចសព្វមួយដង ប៉ុន្ដែសំណាងអាក្រក់ កងទ័ព លន់ នល់ ចាប់ខ្លួន និងដកហូត​លុយកាក់ និងចាប់ខ្លួន​។​ ក្រោយមកទៀត យើងត្រូវបានបញ្ជូនឲ្យធ្វើដំណើរថ្មើរជើង​តាម​បណ្ដោយមាត់ព្រែក​ទៅកាន់​តំបន់ដីក្រហមនៅទួលបាក់ភ្លើង។ ក្រោយមកយើងត្រូវ​បានបញ្ជូនឲ្យត្រឡប់មកផ្ទះវិញ។ ប្រជា​ជនក្នុងស្រុករបស់ខ្ញុំ​ចាប់ផ្ដើមបង្កើត​ជា​កង​ជីវពលតស៊ូ​។ យើង​​រត់ទៅលាក់ខ្លួននៅ​ក្នុង​ព្រៃ​ ដើម្បី​គេចចេញពីការទម្លាក់​គ្រាប់បែក​របស់កងទ័ព លន់ នល់។ ខ្ញុំឃើញកងទ័ព​ លន់ នល់ បានធ្វើបាប​ប្រជាជនខ្លាំងពេក ខ្ញុំក៏បាន​ចាកចេញពីផ្ទះ ទៅ​ចូលតស៊ូជាមួយ​ចលនាខ្មែរក្រហម​។​ កាលណោះ មេខ្មែរក្រហមម្នាក់ឈ្មោះ គួក ដែលមានដំណើរប៉ាក់ពាចៗ និងមានចរិត​ម៉ឺងម៉ាត់។ នៅពេល​ប្រយុទ្ធគ្នា​កងកម្លាំងរបស់យើងទទួល​រងរបួសជាច្រើននាក់ ដែលបង្ខំចិត្ដ​ឲ្យ​យើង​​ដកកងទ័ព។​ ខណៈពេលនោះ ខ្ញុំបានត្រូវរបួសចំត្រង់​ឆ្អឹងជំនី​។ អង្គភាពបានបញ្ជូន​ខ្ញុំទៅ​ព្យាបាល​នៅពេទ្យកំពង់គរ។ ក្រោយជាសះស្បើយ ខ្មែរក្រហមបានដាក់ឲ្យខ្ញុំរស់នៅ​ក្នុងមន្ទីរពិការ។ ខ្ញុំបានដឹកនាំកុមារ​ធ្វើការ​ដាំដើមចេក ដើម្បីផ្គត់ផ្គង់កងកម្លាំងនៅសមរភូមិ​មុខ។ ក្រោយមកនៅពេលមានការគ្រប់គ្រង និងវិសុទ្ធកម្ម​ពីកម្មាភិបាលភូមិភាគនិរតី ​មេ​អង្គ​ភាព​របស់ខ្ញុំក៏ត្រូវបានចាប់ខ្លួនដែរ។

អត្ថបទ និង រូបថត ៖ សួត វិចិត្រ, មេក វិន និង ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ