"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នួន មិន៖ ជាប់ទោសនៅទួលម្រេញទាំងមិនដឹងពីទោសកំហុសពិតប្រាកដ

អស់រយៈពេលជាង៤០ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំ និងជាង៤០ឆ្នាំក្រោយជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខទួលម្រេញ នួន ​មិន មិនដែលមានសុខភាពល្អប្រសើរឡើយ។ ឆ្នាំនេះ គាត់មានអាយុ៧៦ឆ្នាំហើយ ហើយបញ្ហាសុខភាពរបស់គាត់ក៏កាន់តែទ្រុឌទ្រោមជាងឆ្នាំមុនៗដែរ។ គាត់ឧស្សាហ៍ឈឺ និងចុកចាប់ខ្លួនប្រាណដោយសារស្នាមរបួសចាស់រើឡើងវិញ។ សព្វថ្ងៃ មិន រស់នៅជាមួយប្រពន្ធនិងកូនៗ ក្នុងផ្ទះឈើប្រក់សង្កសីតូចល្មមមួយនៅក្នុងភូមិកំណើតរបស់គាត់ គឺភូមិបឹងក្រទីប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មិន មិនអាចប្រកបការងារអ្វីបានឡើយក្នុងពេលបច្ចុប្បន្ន។ គាត់រស់នៅពឹងផ្អែកលើប្រាក់ចំណូលបន្តិចបន្តួចដែលបានមកពីការធ្វើស្រែចម្ការ និងការឧបត្ថម្ភពីកូនៗដែលកំពុងធ្វើកម្មករសំណង់នៅភ្នំពេញ។ ជាមួយនឹងភាពគ្រាំគ្រាដោយសារការធ្វើទារុណកម្មរបស់ខ្មែរក្រហម មិន មានជំងឺប្រចាំកាយមួយទៀត គឺជំងឺរបេង។ រូបរាងកាយរបស់គាត់ មានសភាពស្គមស្គាំង ដង្ហើមខ្លី និងទន់ជ្រាយ។ ដោយសារតែជំងឺប្រចាំកាយនេះហើយ ទើបគាត់មិនត្រូវបានអនុញ្ញាតឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដូចអ្នកភូមិឯទៀត។

នួន មិន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ភូមិបឹងក្រទីប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីជាង៤៧ឆ្នាំមុនគឺក្នុងខែមេសា ឆ្នាំ១៩៧៤ មិន ត្រូវបានចោទប្រកាន់ពីកម្មាភិបាលគឺជាកងសន្តិសុខស្រុកកំពង់ត្របែកឈ្មោះ គង់ ថាគាត់មានជាប់ពាក់ព័ន្ធនឹង «សន្តិសម្ព័ន្ធ» ហើយត្រូវបញ្ជូនខ្លួនទៅកាន់វត្តសំព័រក្នុងភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ដើម្បីឃុំឃាំងនិងសួរចម្លើយ។ ស្ថិតក្នុងការឃុំឃាំងក្នុងបរិវេណវត្តសំព័រ មិន ត្រូវកងសន្តិសុខខ្មែរក្រហមម្នាក់ឈ្មោះ ម៉ែន ពុត គឺជាកងសន្តិសុខស្រុកកំពង់ត្របែកធ្វើទារុណកម្មយ៉ាងដំណំក្នុងពេលសួរចម្លើយ។ ពុត គឺជាអ្នកភូមិជាមួយ មិន និងជាមនុស្សធ្លាប់រាប់អានគ្នាយ៉ាងជិតដិត។ ដោយមូលហេតុខ្លួនមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ មិន មិនបានឆ្លើយតបទៅនឹងសំណួរដែលសួរថា៖ «តើឯងពិតជាជាប់ពាក់ព័ន្ធនឹង សន្តិសម្ព័ន្ធ ជាមួយខ្មាំងមែនអត់?»។ មិន ត្រូវកងសន្តិសុខប្រចាំវត្តសំព័រ សួរចម្លើយបីដង ហើយគាត់ក៏ទទួលរងការធ្វើទារុណកម្មគ្រប់ពេលសួរចម្លើយដែរ ដោយសារតែបានផ្តល់ចម្លើយដែលកងសន្តិសុខមិនចង់បាន។ មិន បានរំឮកប្រាប់ថា៖ «អា ពុត វាវាយខ្ញុំនឹងខ្សែតីសម្រាប់វាត់ក្របី។ ខ្នងរបស់ខ្ញុំរបកស្បែកគ្រប់ពេលដែលវាវាយខ្ញុំម្តងៗ»។ ការធ្វើទារុណកម្ម គឺមិនមែនមានតែមួយប្រភេទទេ។ ក្រៅពីរំពាត់ខ្សែតី ពុត នៅមានដែកភ្លៅរទេះមួយទៀតដែលតែងតែដាក់ជាប់ខ្លួនជានិច្ចរាល់ពេលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត។ បើតាមការផ្តល់ព័ត៌មានពីអតីតអ្នកទោសទួលម្រេញចំនួនពីរនាក់ផ្សេងទៀតដែលយើងបានជួបគឺ សុខ សុផល និង ទែន ឡាង បានឲ្យដឹងដូចគ្នាថា ពុត បានប្រើប្រាស់ដែកភ្លៅរទេះនេះសម្លាប់អ្នកទោសដែលជាប់ឃុំនៅក្នុងមន្ទីរសន្តិសុខទួលម្រេញអស់ជាច្រើននាក់ ហើយ ពុត តែងតែយកដែកភ្លៅរទេះនោះតាមខ្លួនជានិច្ចគ្រប់ពេលដែលខ្លួនធ្វើដំណើរចេញចូលក្នុងមន្ទីរសន្តិសុខម្តងៗ។

នៅខែឧសភា ឆ្នាំ១៩៧៤ មិន ត្រូវផ្លាស់ប្តូរទៅកាន់មន្ទីរសន្តិសុខទួលម្រេញជាមួយអ្នកទោសបួនប្រាំនាក់ផ្សេងទៀត។ កងសន្តិសុខម្នាក់មានស្ពាយកាំភ្លើងផង បានបណ្តើរ មិន និងអ្នកទោសប៉ុន្មាននាក់ទៀតកាត់វាលស្រែជាច្រើនឆ្ពោះមកកាន់មន្ទីរសន្តិសុខទួលម្រេញ។ មិន បានបញ្ជាក់ថាការផ្លាស់ប្តូរនេះគឺដោយសារមូលហេតុគាត់ និងអ្នកឯទៀត មិនព្រមឆ្លើយទៅនឹងសំណួរទាក់ទងនឹងពាក្យ «សន្តិសម្ព័ន្ធ»។ មិន បានប្រាប់ថា គាត់ក្នុងពេលនោះនៅតែមិនយល់ពាក្យចោទប្រកាន់នេះ ថាមានន័យយ៉ាងដូចម្តេចឡើយ។ ដើរបណ្តើរ គិតបណ្តើរ ប៉ុន្តែនៅតែគិតមិនយល់ពីអត្ថន័យនៃពាក្យ «សន្តិសម្ព័ន្ធ» ដដែល។ មកដល់បរិវេណមន្ទីរសន្តិសុខទួលម្រេញ មិន បានរៀបរាប់ថាគាត់ បានឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាច និងនឹកស្មានមិនដល់ថាមានមនុស្សរាប់រយនាក់កំពុងជាប់ឃុំឃាំងនៅទីនោះឡើយ។ នៅក្នុងបរិវេណមន្ទីរសន្តិសុខ មិន បានមើលឃើញរោងឃុំឃាំងអ្នកទោសស្រ្តីមួយ រោងឃុំឃាំងអ្នកទោសបុរសមួយ មន្ទីរសួរចម្លើយមួយ មន្ទីររោងបាយមួយ និងមន្ទីរធ្វើការរបស់កម្មាភិបាលមួយ។ ក្រៅពីនេះ គាត់ សង្កេតឃើញអ្នកទោសរាប់រយនាក់កំពុងធ្វើពលកម្មទាំងជើងជាប់ខ្នោះខ្លះ និងមិនមានខ្នោះខ្លះ។

តាមរបាយការណ៍ស្រាវជ្រាវពីទីតាំងឧក្រិដ្ឋកម្មប្រព្រឹត្តដោយខ្មែរក្រហម នៅទូទាំងប្រទេសកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ១៩៩៧ បានបង្ហាញថា មន្ទីរសន្តិសុខទួលម្រេញ បានលេចរូបរាងឡើងនៅឆ្នាំ១៩៧៣ ដោយមានឈ្មោះមួយទៀតថា «មន្ទីរសន្តិសុខតំបន់២៤» របស់ខ្មែររំដោះ។ ចាប់តាំងពីពេលដែលមន្ទីរសន្តិសុខនេះបង្កើតឡើងរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឆ្មាំគុកនៅមន្ទីរសន្តិសុខនេះ ឃុំឃាំងនិងសម្លាប់អ្នកទោសរាប់រយនាក់ ដែលអ្នកទាំងនោះជាប្រភេទប្រជាជនមូលដ្ឋានមកពីភូមិឃុំនានាក្នុងស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង ក្រោមការចោទប្រកាន់ពីបទដូចៗគ្នាគឺ «សន្តិសម្ព័ន្ធ»។ ពីឆ្នាំ១៩៧៥រហូតដល់ដើមឆ្នាំ១៩៧៨ អ្នកទោសដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខនេះ គឺមានទាំងប្រជាជនចាស់ដែលជាប់ពាក់ព័ន្ធនឹង «សន្តិសម្ព័ន្ធ» រស់នៅក្នុងខេត្តព្រៃវែង និងប្រជាជនថ្មីដែលបានជម្លៀសមកពីទីក្រុងភ្នំពេញ ព្រមទាំងប្រជាជនជាច្រើននាក់ផ្សេងទៀតមកពីខេត្តស្វាយរៀង។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៧៨មក កងសន្តិសុខនៅក្នុងមន្ទីរនេះ បានសម្លាប់អ្នកទោសទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកទោសដែលជាប្រជាជនមូលដ្ឋានមួយចំនួន ត្រូវបានដោះលែងឲ្យរួចខ្លួនពីមន្ទីរឃុំឃាំងនិងការសម្លាប់ ហើយបានវិលត្រឡប់មកកាន់ភូមិស្រុកជួបជុំគ្រួសារវិញ។ តាមរបាយការណ៍ដដែលបានបង្ហាញថា ក្រោមការគ្រប់គ្រងមន្ទីរសន្តិសុខរបស់សមមិត្ត និន, សឹម, កែវ, សាម៉ាន់, ម៉ែន ពុត, និង ណាវ ដែលជាកម្មាភិបាលទទួលបន្ទុកសន្តិសុខប្រចាំស្រុកកំពង់ត្របែក មានអ្នកទោសរាប់ពាន់នាក់ត្រូវបានសម្លាប់​នៅទីតាំងមួយចំនួនក្នុងស្រុកកំពង់ត្របែក និងជុំវិញមន្ទីរសន្តិសុខទួលម្រេញដូចជា ត្រពាំងត្នោត ត្រពាំងឈូក ទួលច្រេះ ទួលរកា ត្រពាំងរុន ឫស្សីជួរ និងឫស្សីចិន ហើយរណ្តៅសាកសពទាំងអស់ត្រូវបានគាស់កកាយឡើងដើម្បីរកមាស និងវត្ថុមានតម្លៃចេញពីខ្លួនសាកសព នៅក្រោយឆ្នាំ១៩៧៩។

វាលស្រែក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី /មជ្ឈមណ្ឌលឯកសារកម្ពុជា)

នួន មិន និងអ្នកភូមិបីបួននាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់មន្ទីរសន្តិសុខទួលម្រេញក្នុងថ្ងៃតែមួយនៅខែមេសា ឆ្នាំ១៩៧៤ ដោយមូលហេតុជាប់ពាក់ព័ន្ធនឹងសន្តិសម្ព័ន្ធ។ នៅក្នុងមន្ទីរសន្តិសុខទួលម្រេញ មិន បានទទួលរងទារុណកម្មតែម្តងគត់ បន្ទាប់ពីគាត់បានទទួលរងទារុណកម្មចំនួនបីលើកនៅក្នុងមន្ទីរសន្តិសុខវត្តសំព័រ។ ក្នុងពេលសួរចម្លើយនៅទួលម្រេញ កម្មាភិបាលសួរចម្លើយ បានសួរសំណួរដដែលទៅកាន់ មិន ថា«តើឯងជាប់ពាក់ព័ន្ធនឹងសន្តិសម្ព័ន្ធ អ្វីខ្លះ?»។ សម្រាប់ មិន សំណួរនេះនៅតែជាសំណួរដែលពិបាកឆ្លើយបំផុត ព្រោះគាត់មិនបានយល់ច្បាស់ពីពាក្យសន្តិសម្ព័ន្ធ។ គាត់នៅតែរកចម្លើយឆ្លើយប្រាប់ទៅកម្មាភិបាលសន្តិសុខមន្ទីរវិញមិនបាន។ មិន តែងតែសួរត្រឡប់ទៅកាន់អ្នកសួរចម្លើយវិញថា តើ «សន្តិសម្ព័ន្ធ» មានន័យយ៉ាងដូចម្តេច? ហើយចម្លើយតបចំពោះសំណួររបស់ មិន ក៏ត្រូវបានឆ្លើយត្រឡប់មកវិញដែរ។ ចាប់តាំងពីសួរចម្លើយលើកដំបូង មិន បានទទួលចម្លើយខុសៗគ្នាទាក់ទងនឹងការពន្យល់ពាក្យ «សន្តិសម្ព័ន្ធ» ដែលចម្លើយទាំងនោះ ត្រូវបាន មិន រៀបរាប់ថា មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពប្រចាំថ្ងៃដែលគាត់បានធ្វើមុនពេលចាប់ខ្លួនឡើយ។ ចុងបញ្ចប់នៃការសួរចម្លើយ មិន នៅតែជាអ្នកដែលទទួលរងនូវការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុតដដែល។ មិន ត្រូវកងសន្តិសុខប្រចាំមន្ទីរប្រើឲ្យធ្វើពលកម្មធ្ងន់ៗនៅជុំវិញមន្ទីរ និងឆ្ងាយពីមន្ទីរ មុនពេលដែលគាត់ត្រូវបានបញ្ជូនឲ្យទៅកាន់មន្ទីរឃុំឃាំងទួលវែងបន្តទៀត។ ថ្ងៃមួយ ក្នុងពេលដែល មិន កំពុងធ្វើពលកម្មឆ្ងាយពីមន្ទីរសន្តិសុខ គាត់បានជួបជាមួយអ្នកទោសវ័យចំណាស់ម្នាក់ដែលបានជាប់ក្នុងមន្ទីរឃុំឃាំងទួលម្រេញមុនគាត់។ អ្នកទោសវ័យចំណាស់ម្នាក់នោះ បានខ្សឹបប្រាប់ មិន ឲ្យឆ្លើយតាមអ្វីដែលក្រុមសន្តិសុខចង់បានដើម្បីឆាប់បានរួចខ្លួនពីមន្ទីរឃុំឃាំង។ មិន មិនបានយកចិត្តទុកដាក់ស្តាប់ចំពោះពាក្យទាំងនេះឡើយ ព្រោះគាត់គិតថា គាត់ពុំបានធ្វើអ្វីដែលខុសទៅនឹងវិន័យ បម្រាម ឬក្បត់នឹងចលនាខ្មែររំដោះឡើយ។

ក្នុងអំឡុងខែមករា ឆ្នាំ១៩៧៥ មិន ត្រូវកងសន្តិសុខបញ្ជូនឲ្យទៅជាប់ឃុំឃាំងបន្តនៅក្នុងមន្ទីរសន្តិសុខទួលវែង ស្ថិតក្នុងឃុំជាងដែក ស្រុកកំពង់ត្របែក។ នៅទីនោះ មិន ត្រូវសួរចម្លើយម្តងទៀតអំពីសកម្មភាពដែលជាប់ពាក់ព័ន្ធនឹងសន្តិសម្ព័ន្ធជាមួយខ្មាំង។ ដូចលើកមុនៗដែរ មិន បានសួរត្រឡប់ទៅកាន់កងសន្តិសុខពីអត្ថន័យពាក្យ «សន្តិសម្ព័ន្ធ»។ លើកនេះ មិន បានទទួលចម្លើយខុសពីចម្លើយមុនៗ ដែលចម្លើយលើកក្រោយនេះត្រូវគ្នានឹងអ្វីដែលគាត់បានប្រព្រឹត្តកាលពីគាត់មិនទាន់ត្រូវបានចាប់ខ្លួន។ មិន បានរំឮកឡើងវិញពីចម្លើយរបស់អ្នកសួរចម្លើយប្រាប់ថា៖   «សន្តិសម្ព័ន្ធ មានន័យថា សមមិត្តឯង! គេប្រើឲ្យធ្វើអ្វីក៏មិនធ្វើ ហើយគេស្នើសុំអ្វីក៏មិនឲ្យគេ»។ ចុងបញ្ចប់ មិន បានស្វែងយល់ច្បាស់ពីពាក្យនេះ ហើយ​បានឆ្លើយសារភាពប្រាប់ទៅអ្នកសួរចម្លើយថា គាត់ពិតជាជាប់ពាក់ព័ន្ធនឹង សន្តិសម្ព័ន្ធមែន គឺបានប្រកែកជាមួយគណៈឃុំជាញឹកញាប់ចំពោះការស្នើសុំឲ្យគាត់ធ្វើកិច្ចការងារផ្សេងៗក្នុងឃុំ និងធ្លាប់បានបដិសេធជាមួយកម្មាភិបាលឃុំដែរចំពោះការស្នើសុំប្រើប្រាស់របស់របរផ្ទាល់ខ្លួនគាត់។ ចម្លើយសារភាពនេះ បានធ្វើឲ្យគាត់បានរួចខ្លួនពីការឃុំឃាំង ហើយគាត់ត្រូវបានដោះលែងមកផ្ទះវិញនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥។

ផ្លូវលំនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ដោយសារតែគាត់មានប្រវត្តិជាប់គុកនៅទួលម្រេញ មិន ត្រូវបានចាត់ចូលក្នុងប្រភេទប្រជាជនថ្មី និងស្ថិតក្រោមការតាមដានជាប្រចាំពីកម្មាភិបាលមូលដ្ឋាន។ គាត់ត្រូវធ្វើកិច្ចការធ្ងន់ៗជាច្រើនប្រភេទ និងមិនទទួលបានរបបអាហារគ្រប់គ្រាន់ឡើយ។ នៅចុងឆ្នាំ១៩៧៨ មិន និងគ្រួសារបានផ្លាស់ប្តូរទីលំនៅជាញឹកញាប់តាមបញ្ជារបស់ខ្មែរក្រហម។ ប៉ុន្តែគាត់មិនបានជាប់ក្នុងបញ្ជីឈ្មោះដែលត្រូវបញ្ជូនទៅកាន់ខេត្តពោធិ៍​សាត់ឡើយ។ ការផ្លាស់ទីលំនៅរបស់ មិន ចុងក្រោយ គឺផ្លាស់ទៅកាន់ទីប្រជុំជនអ្នកលឿង។ នៅទីនោះ គាត់ត្រូវបានកងកម្លាំងស្ម័គ្រចិត្តវៀតណាមកៀងឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយប្រជាជនឯទៀត។ នៅឯស្រុកកំណើត អាជ្ញាធរឃុំជាងដែកត្រូវបានរៀបចំឡើងវិញ ហើយអតីតកម្មាភិបាលខ្មែរក្រហមកម្រិតមូលដ្ឋាន រាប់ចាប់តាំងពីគណៈឃុំរហូតដល់ប្រធានរោងបាយ ត្រូវបានស្នើសុំឲ្យចូលខ្លួននៅក្នុងអង្គមីទ្ទីញមួយ ដើម្បីនិយាយសារភាពពីទោសកំហុសដែលខ្លួនបានប្រព្រឹត្តកាលពីពេលកន្លងមក នៅចំពោះមុខហ្វូងមនុស្សរាប់ពាន់នាក់ដែលសុទ្ធសឹងតែជាប្រជាជនធ្លាប់ទទួលរងគ្រោះដោយសារតែកម្មាភិបាលទាំងនោះ ក្នុងន័យសុំការអនុគ្រោះនិងយល់យោគពីអ្នកភូមិ ចំពោះទោសកំហុសដែលបានកើតឡើងនាពេលកន្លងមក។ មិន បានចូលរួមនៅក្នុងអង្គមីទ្ទីញនោះ។ គាត់មានចិត្តមិនស្ងប់ទាល់តែសោះ ហើយមិនចង់ស្តាប់ការសារភាពទោសកំហុសរបស់អ្នកទាំងនោះឡើយ។ គាត់បានប្រាប់ថា គាត់មានបំណងប្រាថ្នាចង់សងសឹងទៅលើឈ្មោះ គង់ ដែលបានចាប់គាត់កាលពីឆ្នាំ១៩៧៤។ ក្រៅពី មិន នៅមានអ្នកភូមិជាច្រើននាក់ទៀតដែលមានចិត្តចង់សងសឹកចំពោះអតីតកម្មាភិបាលទាំងនោះ។ ប៉ុន្តែបំណងប្រាថ្នាទាំងអស់ ត្រូវបានរារាំងពីអាជ្ញាធរឃុំ។ បន្ទាប់ពីអង្គមីទ្ទីញបញ្ចប់ទៅ អតីតកម្មាភិបាលខ្មែរក្រហមមួយចំនួន បានបង្ខំចិត្តផ្លាស់ប្តូរទៅលំនៅទៅរស់នៅកន្លែងផ្សេង ហើយអ្នកខ្លះទៀតបានបន្តស្នាក់នៅក្នុងភូមិរហូតដល់ពេលបច្ចុប្បន្ន។ មិន បានឲ្យដឹងថា អតីតកម្មាភិបាលខ្មែរក្រហមភាគច្រើន បានស្លាប់បាត់បង់ជីវិតអស់ហើយ។

ក្នុងជំនួបជាមួយ មិន កាលពីពេលថ្មីៗនេះ គាត់នៅចងចាំយ៉ាងច្បាស់ពីទិដ្ឋភាពមន្ទីរឃុំឃាំង និងបទពិសោធន៍ជីវិតរបស់គាត់ក្រោមការធ្វើទារុណកម្មពីកម្មាភិបាលខ្មែរក្រហមដែលជាអ្នករាប់អានគ្នាស្និទ្ធស្នាល។ មិន នៅតែមានការគំគួន និងចង់សងសឹកទៅលើឈ្មោះ គង់ និង ពុត ដដែល។ ប៉ុន្តែគាត់នៅតែមិនអាចសម្រេចបំណងប្រាថ្នាបាន ព្រោះ គង់ បានផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងផ្សេង ហើយបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។ ចំណែក ពុត ត្រូវបានបាញ់សម្លាប់ចោលទាំងដៃជាប់ចំណង បន្ទាប់ពីបានលោតចេញពីលើទូកចម្លងមួយចូលទៅក្នុងទឹកនៅឯកំពង់ចម្លងអ្នកលឿងក្នុងគោលបំណងសម្លាប់ខ្លួន។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ