ដំណើរការយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងរយៈពេលកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រារឰឡើងនៅសាលសន្និសីទចតុមុខ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ អាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសម្រាប់សហប្រតិបត្តិការជាមួយអ្នកជំនាញច្បាប់បរទេសនិងរៀបចំដំណើរការជំនុំជម្រះក្តីមេដឹកនាំខ្មែរក្រហម និងលោក ហេន កូរែល អគ្គលេខាធិការរងអង្គការសហប្រជាជាតិផ្នែកកិច្ចការច្បាប់ ទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិ។ ជនរងគ្រោះនៃរបបខ្មែរក្រហម នៅតាមជនបទដាច់ស្រយាលឯណេះវិញ មិនបានដឹងទាល់តែសោះអំពីរឿងនេះ។ មួយចំនួនទៀតមិនទាំងបានដឹងថា នឹងមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមផង។ ដំណឹងដ៏មានសារសំខាន់បែបនេះ ដែលទាក់ទងទៅនឹងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម នឹងមិនបានជ្រួតជ្រាបដល់ជនរងគ្រោះឡើយ ដរាបណាការយកចិត្តទុកដាក់ទៅលើបញ្ហានេះនៅតែមិនទាន់ត្រូវបានធ្វើ ឬធ្វើឡើងក្នុងទ្រង់ទ្រាយតូចនិងមិនជាប់លាប់។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានក្រុមស្រាវជ្រាវចុះទៅធ្វើការងាររបស់ខ្លួននៅក្នុងខេត្តចំនួន៤ក្នុងប្រទេសកម្ពុជា លើកម្មវិធីជំរុញឲ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ។ ជាមធ្យមក្នុងមួយថ្ងៃជនរងគ្រោះនៃរបបខ្មែរក្រហមចំនួន១៦នាក់ ត្រូវបានក្រុមស្រាវជ្រាវជួបនិងធ្វើសម្ភាសទាក់ទិនទៅនឹងជីវិតរងគ្រោះ ម៉្យាងដោយមានសាច់សារលាហិតស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានចូលបម្រើរបបផ្តាច់ការខ្មែរក្រហម និងម៉្យាងទៀតដោយធ្លាប់បានឆ្លងកាត់ការលំបាកផ្ទាល់ខ្លួននៅក្នុងរបបនោះ។ មានចំនួនភាគតិចណាស់ដែលក្រុមការងារបានជួបសម្ភាសជាមួយឪពុកម្តាយដែលមានកូនស្លាប់បាត់បង់នៅក្នុងរបបខ្មែរក្រហម ដោយសារតែវ័យចាស់ជរាពេកមិនអាចរៀបរាប់ទុក្ខលំបាករបស់គាត់បាន និងដោយសារការស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់មុននឹងយុត្តិធម៌មួយត្រូវបានផ្តល់ជូនគាត់។
លោកតា កុល អាយុ៨០ឆ្នាំ ដែលអង្គុយនៅលើយ៉មុខខ្ទមដ៏រខេករខាក និងប្រពន្ធជរាដេកនៅងកន្ទេលដើរមិនរួច គ្មានអ្វីជាក្តីសង្ឃឹមទាល់តែសោះ។ លោកតា កុល មានកូនប្រាំនាក់ចូលបម្រើរបបខ្មែរក្រហម។ កូនរបស់គាត់ទាំង៥នាក់ ខ្លះស្លាប់ និងខ្លះទៀតបាត់ដំណឹងសូន្យឈឹងរហូតមកដល់ពេលនេះ។ លោកតា កុល មិនមានសេសសល់កូនណាម្នាក់រស់នៅជាមួយគាត់ទេ មានតែអ្នកភូមិប៉ុណ្ណោះដែលជួយជាអង្ករ ម្ហូប និងជួយរែកទឹកដាក់ពាងឲ្យគាត់គ្រាន់បានជម្រះកាយ។ លើសពីនេះទៅទៀត លោកតា កុល មិនទាន់ទទួលបាននូវយុត្តិធម៌សម្រាប់ការបាត់បង់កូនទាំង៥នាក់របស់គាត់នៅឡើយ។ អតីតយុទ្ធជននិងកម្មាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ដែលស្មោះស្ម័គ្រនឹងរបបខ្មែរក្រហមតាំងពីទសវត្សរឆ្នាំ១៩៧០ ត្រូវបានសម្លាប់ដោយសារតែភ័យខ្លាចថាមិនបានកាន់អំណាចយូរអង្វែងរបស់អតីតមេដឹកនាំខ្មែរក្រហមដែលកំពុងរស់រានមានជីវិតយ៉ាងមានសេរីភាពនៅឡើយក្នុងទឹកដីកម្ពុជា។ អតីតយុទ្ធជន និងកម្មាភិបាលខ្មែរក្រហមជាច្រើនផ្សេងទៀតកំពុងស្ថិតក្នុងងការបាត់ខ្លួននៅឡើយ ដែលកាលណោះគឺមេដឹកនាំខ្មែរក្រហមនោះឯង ដែលជាអ្នករៀបចំគោលនយោបាយឃោសនាឲ្យអតីតយុទ្ធជន និងកម្មាភិបាលទាំងនោះចូលបម្រើរបបផងខ្លួន។
រយៈពេល២៤ឆ្នាំនិង៦ខែ ហើយបើគិតមកដល់ខែកក្កដា ឆ្នាំ២០០៣ ដែលយុត្តិធម៌មួយត្រូវរំពឹងថានឹងបានទទួលតាមរយៈការបង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលក្រោមការដឹកនាំរបស់មេៗទាំងនេះនៅអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩ បានធ្វើឲ្យប្រជាជនកម្ពុជាស្លាប់បាត់បង់ជីវិតអស់រាប់លាននាក់។ ការអូសបន្លាយតទៅមុខទៀតក្នុងការផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម មិនមែនជាដំណោះស្រាយល្អឡើយ។ ផ្ទុយទៅវិញ បញ្ហាលំបាកសស្មុគស្មាញប្រាកដជានឹងកើតមានកាន់តែច្រើន។ ការដែលគ្មានជនសង្ស័យ (មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម) សម្រាប់ឲ្យតុលាការចោទប្រកាន់ និងកាត់ទោសជាបញ្ហាចម្បងមួយ។ ចំណែកឯការមិនបានផ្តល់យុត្តិធម៌ឲ្យបានទាន់ដង្ហើមជនរងគ្រោះដោយផ្ទាល់នៅក្នុងរបបខ្មែរក្រហមក៏ជាបញ្ហាចម្បងមួយទៀតដែរ។ នៅក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឯកឧត្តម សុខ អាន បានអានបទឧទ្ទេសនាមជូនភ្ញៀវជាច្រើនរូបរួមមានឯកអគ្គរាជទូត (រដ្ឋទូត) បរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការសន្យាមួយថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាផង ខ្ញុំសូមសន្យានៅចំពោះមុខព្រលឹងរបស់អ្នកដែលបានបាត់បង់ជីវិតទៅចំពោះមុខបងប្អូនសាច់ញាតិ និងមិត្តភក្តិរបស់អ្នកទាំងនោះនិងចំពោះមុខប្រជាជនទាំងអស់ដែលបានទទួលរងទុក្ខវេទនានៅក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ថានឹងបន្តការខិតខំប្រឹងប្រែងរបស់យើងរហូតសម្រេចបានការកាត់ទោសតាមផ្លូវច្បាប់...នូវបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ»។
លោក ហេន កូរែល ក៏បានអានសុន្ទរកថារបស់លោកដែលចុងក្រោយមានខ្លឹមសារថា «ប្រជាជនកម្ពុជាបានរង់ចាំជាយូរមកហើយ ចង់ឃើញការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃកម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះអំពើឃោរឃៅក្នុងកំឡុងពេលនោះក្នុងប្រវត្តិសាស្ត្រជាតិរបស់ខ្លួន។ ការរង់ចាំរបស់ពួកគេមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ប៉ុន្តែសង្ឃឹមថា វាក៏នឹងជិតដល់ទីបញ្ចប់ផងដែរ»។ លោកតា កុល សូមផ្ញើជោគវាសនានេះលើរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិជាលើកចុងក្រោយ។
ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា
(19-មករា-2017)