អ្នកគ្រូ លត្តាវណ្ណ កើតនៅឆ្នាំ១៩៥២ នៅឃុំព្រែកតាណូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លត្តាវណ្ណ មានបងប្អូនចំនួន១៣នាក់ ប៉ុន្តែបងប្អូនបីនាក់ (ប្រុសម្នាក់ និងស្រីពីរនាក់) បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ លត្តាវណ្ណ បានរៀបរាប់ថា មុនព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ គាត់ និងក្រុមគ្រួសាររស់នៅស្រុកកំណើត។ បន្ទាប់មក ឪពុករបស់គាត់បាននាំក្រុមគ្រួសារទៅរស់នៅទីរួមខេត្តកំពង់ចាមវិញ។ ឪពុករបស់គាត់បានសាងសង់ផ្ទះមួយខ្នងនៅខាងក្រោយវត្តដីដុះ និងបានបន្តបង្រៀនសិស្សនៅទីនោះ។ រីឯគាត់វិញបានចូលរៀននៅវិទ្យាល័យកំពង់ចាមដែលជាអតីតវិទ្យាល័យព្រះសីហនុ។ ប្រហែលជានៅក្នុងអំឡុងឆ្នាំ១៩៧២ យោធាខ្មែរក្រហម និងកងទ័ពយៀកកុង បានប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ។ ជួនកាល គ្រាប់កាំភ្លើងបានផ្លោងធ្លាក់ចូលក្នុងបវិវេណវិទ្យាល័យកំពង់ចាមដែលគាត់កំពុងសិក្សា។ ម៉្លោះហើយ ឪពុករបស់គាត់បានបញ្ជូនគាត់ឲ្យទៅរៀនបន្តនៅវិទ្យាល័យទួលស្វាយព្រៃ នៅរាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៣ លត្តាវណ្ណ បានប្រឡងចូលសាលាវិចិត្រសិល្បៈផ្នែកយីកេ។ លត្តាវណ្ណ បានសិក្សាផ្នែកយីកេ រហូតដល់ថ្ងៃដែលខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ទើបគាត់ត្រឡប់ទៅស្រុកកំណើតវិញ។
មុនពេលខ្មែរក្រហមឡើងកាន់អំណាច
លត្តាវណ្ណ បានរំលឹកឡើងវិញថា នៅពេលដែលគាត់កំពុងសិក្សានៅទីក្រុងភ្នំពេញ ខ្មែរក្រហមបានវាយដល់ក្រុងកំពង់ចាម។ ឪពុករបស់គាត់បាននាំក្រុមគ្រួសារត្រឡប់ទៅស្រុកកំណើតនៅកោះសូទិនវិញ។ ខណៈនោះ ឪពុករបស់គាត់ក៏ត្រូវបានខ្មែរក្រហមចាប់បញ្ជូនទៅឃុំឃាំងនៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយសារតែឪពុកគាត់ជាគ្រូបង្រៀន។ ចំណែកម្តាយរបស់គាត់បានធ្វើនំលក់ដើម្បីចិញ្ចឹមកូនៗ។ លុះដល់ឆ្នាំ១៩៧៥ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមដោះលែងឲ្យត្រឡប់មកជួបជុំគ្រួសារវិញ។ ពេលនោះ ខ្មែរក្រហមមិនបានអនុញ្ញាតឲ្យប្រជាជនរស់នៅតាមផ្ទះក្នុងភូមិដូចកាលពីមុនទេ។ ខ្មែរក្រហមបានជម្លៀសប្រជាជនឲ្យទៅរស់នៅក្នុងព្រៃនៅម្តុំស្វាយជួរក្បែរមាត់ស្ទឹង ដោយបានបង្កើតជាភូមិមួយឈ្មោះ “ភូមិបញ្ញាជន”។ ឪពុកគាត់រស់នៅទីនោះបានប្រហែលមួយឆ្នាំ ខ្មែរក្រហមបានជម្លៀសឪពុកគាត់ និងប្រជាជនដែលភាគច្រើនជាគ្រូបង្រៀនឲ្យទៅតំបន់ផ្សេងៗទៅតាមមុខព្រួញរបស់ខ្មែរក្រហម។ ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀស តម្រូវឲ្យឆ្លងទន្លេទៅពាមជីកងដើម្បីរង់ចាំឡានដឹកជញ្ជូនបន្ត។ ប្រជាជនមួយចំនួនត្រូវបានជម្លៀសទៅស្រុកចម្ការលើ រីឯក្រុមគ្រួសាររបស់គាត់វិញ ត្រូវបានជម្លៀសទៅតាមផ្លូវភ្នំសន្ទុក ខេត្តកំពង់ធំ។ ឡានបានបរហួសភ្នំសន្ទុកប្រហែលមួយគីឡូម៉ែត្រ ស្រាប់តែឡាននោះបែកកង់។ ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនទាំងអស់ឲ្យចុះពីលើឡាន ដើម្បីរង់ចាំឡានមួយផ្សេងទៀត។ មួយសន្ទុះក្រោយមក ឡានថ្មីបានមកដល់ ប៉ុន្តែពេលធ្វើដំណើរទៅដល់ទីរួមខេត្តកំពង់ធំ ឡាននោះក៏អស់សាំង។ ប្រជាជនបាននាំគ្នាចុះពីលើឡានជាលើកទីពីរ ដើម្បីរង់ចាំឡានថ្មីមកទទួល។ នៅពេលធ្វើដំណើរដល់ភូមិឫស្សីជះ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឡានមកទទួលនោះក៏អស់សាំងម្តងទៀត ហេតុដូច្នេះ ខ្មែរក្រហមបានសម្រេចចិត្ដដាក់ប្រជាជនទាំងអស់នោះ រួមទាំងក្រុមគ្រួសាររបស់គាត់ឲ្យរស់នៅភូមិឫស្សីជះតែម្តង។
នៅក្នុងភូមិឫស្សីជះ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខ្មែរក្រហមបានចាត់ចែងឲ្យប្រជាជនជម្លៀសស្នាក់នៅតាមផ្ទះជាមួយប្រជាជនមូលដ្ឋានមួយរយៈ ទម្រាំប្រជាជនកាប់ឆ្ការព្រៃនៅជាប់ភូមិដើម្បីសង់ខ្ទមបាន។ នៅពេលនោះ លត្តាវណ្ណ ចាប់ផ្តើមមានអារម្មណ៍អស់សង្ឃឹមថានឹងបានវិលត្រឡប់ទៅស្រុកកំណើតវិញ។ ចំណែកឯឪពុករបស់គាត់ បានត្រឹមតែនៅស្ងាត់ស្ងៀម មិនហ៊ានមាត់កអ្វីទាំងអស់ ក្រៅអំពីការខិតខំប្រឹងប្រែងធ្វើការតាមការបញ្ជារបស់ខ្មែរក្រហម។ ចាប់តាំងពីពេលនោះមក ជីវិតគ្រួសាររបស់គាត់ត្រូវផ្លាស់ទៅជាកសិករ។ ឪពុករបស់ លត្តាវណ្ណ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅបោចវល្លិ៍ នៅក្នុងព្រៃ។ ចំណែក គាត់ត្រូវបានបញ្ជូនឲ្យទៅនៅក្នុងកងចល័តសង្កាត់ ធ្វើការជីកប្រឡាយ និងលើកទំនប់។ ប្រសិនបើប្រជាជនណាធ្វើគ្រប់ផែនការដែលខ្មែរក្រហមបានដាក់ ប្រជាជននោះនឹងឆាប់បានសម្រាក។ ប៉ុន្តែខ្មែរក្រហមនឹងដាក់ផែនការបន្ថែមនៅថ្ងៃបន្ទាប់។ ចំពោះគាត់ធ្វើមិនអាចសម្រេចតាមផែនការរបស់ខ្មែរក្រហមបានទេ ដោយសារតែគាត់មិនធ្លាប់ធ្វើការងារធ្ងន់ពីមុនមក និងមិនមានអាហារហូបគ្រប់គ្រាន់។ បើទោះបីជាគាត់ធ្វើមិនគ្រប់ផែនការក៏ដោយ ក៏គាត់នៅតែប្រឹងរហូតដល់ប្រធានសហករណ៍ តាបូរ អាណិតហើយបានប្រាប់គាត់ឲ្យឈប់សម្រាកប្រសិនបើគាត់នឿយហត់។ រីឯមិត្តយុវជនវិញ បានមកជួយគាត់ នៅពេលដែលយុវជនទាំងនោះសម្រេចផែនការងាររបស់ខ្លួនរួចរាល់។ លត្តាវណ្ណ បានបន្តថា ប្រជាជននៅក្នុងភូមិមានចិត្តល្អ ចេះស្រឡាញ់រាប់អានប្រជាជនថ្មី ឬប្រជាជន១៧មេសា។ ទន្ទឹមនឹងនេះ មានប្រជាជនមូលដ្ឋានមួយចំនួនតូច ហាក់នៅមានការរើសអើង និងមិនចូលចិត្តប្រជាជនថ្មី។ អ្វីដែល លត្តាវណ្ណ គិតថាពិបាកវេទនានៅក្នុងរបបនោះ គឺរស់នៅបែកពីឪពុកម្តាយបងប្អូន ដែលធ្វើឲ្យប៉ះទង្គិចអារម្មណ៍របស់គាត់យ៉ាងខ្លាំង។ ពេលនោះ គាត់ហាក់ដូចជារស់នៅក្នុងទុក្ខព្រួយ។ នៅពេលគាត់ឮស៊ីភ្លេឡានពេលដើរទៅស្ទូង ឬទៅច្រូតស្រូវម្តងៗ គាត់ស្ទើតែទប់ទឹកភ្នែកមិនបាន ដោយសារតែគាត់នឹកដល់សាលារៀន និងនឹកដល់ជីវិតនៅទីក្រុងភ្នំពេញ។ បើទោះបីជាការហូបចុកមិនសូវពិបាកយ៉ាងណាក៏ដោយ ក៏ការធ្វើទារុណកម្មផ្លូវចិត្ត ហាក់ដូចជាធ្ងន់ធ្ងរសម្រាប់គាត់។ លត្តាវណ្ណ បានរៀបរាប់ថា នៅរដូវច្រូតកាត់ ខ្មែរក្រហមបានចែកអង្ករឲ្យម្នាក់បីកំប៉ុង។ នៅរដូវស្ទូងដក ខ្មែរក្រហមបានកាត់បន្ថយមកត្រឹមម្នាក់កន្លះកំប៉ុងវិញ។ រីឯការងារ ប្រជាជនចាប់ផ្តើមធ្វើតាំងពីម៉ោង៤ទៀបភ្លឺ។ រដូវវស្សា គឺជារដូវមួយដែលប្រជាជនមិនមានអាហារបរិភោគគ្រប់គ្រាន់ទេ។ ជាលទ្ធផលរាងកាយរបស់គាត់ចាប់ផ្តើមចុះស្គម ហើយកដៃរបស់គាត់នៅប៉ុនដងវែកប៉ុណ្ណោះ។ លត្តាវណ្ណ បានមានប្រសាសន៍ថា ប្រជាជនម្នាក់ៗត្រូវតែខិតខំធ្វើការងារ បើពុំនោះសោតទេ ខ្មែរក្រហមនឹងយកទៅសម្លាប់។ លត្តាវណ្ណ បានដឹងអំពីការសម្លាប់មនុស្សតាមរយៈយាយតាពីរនាក់ ដែលគាត់ស្នាក់នៅជាមួយបាននិយាយប្រាប់។ យាយតា បាន ដាស់តឿន លត្តាវណ្ណ ឲ្យប្រយ័ត្នប្រយែង ដោយសារតែនៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមយកប្រជាជនថ្មីទៅសម្លាប់។ ពេលស្តាប់ឮដំណឹងនេះ លត្តាវណ្ណ ចាប់ផ្តើមព្រួយបារម្ភ ។ គាត់នឹកបារម្ភដល់ឪពុកម្តាយ និងប្អូនៗរបស់គាត់។ បើទោះបីជា លត្តាវណ្ណ មានការភិតភ័យយ៉ាងណាក៏ដោយ ក៏គាត់នៅតែខំពង្រឹងចិត្តខ្លួនឯងប្រឹងប្រែងធ្វើការដើម្បីយិតយោងគ្រួសារ និងខ្លួនគាត់។
ប្អូនប្រុសត្រូវខ្មែរក្រហមចាប់ខ្លួន និងទង្វើខុសសីលធម៌
ថ្ងៃមួយ ប្អូនប្រុសរបស់ លត្តាវណ្ណ ឈ្មោះ អ៊ុយ សុភ័ណារិទ្ធ អាយុប្រហែល១៣ឆ្នាំ ត្រូវបានខ្មែរក្រហមចាប់ដោយសារតែប្អូនប្រុសរបស់គាត់បានលួចស្ករមួយស្លាបព្រាយកទៅហូប។ ពូនៀម អាយុប្រហែល២៣ ឬ២៤ឆ្នាំ ដែលជាយុវជននៅក្នុងសហករណ៍ជាមួយបានប្រាប់ លត្តាវណ្ណ អំពីការចាប់ខ្លួនប្អូនប្រុសរបស់គាត់។ បន្ទាប់ពីបានដឹងដំណឹងនេះ លត្តាវណ្ណ បានរត់ទៅជួយប្អូនប្រុស។ លត្តាវណ្ណ បានអង្វរអង្គការឲ្យអនុគ្រោះ និងស្នើសុំទទួលកំហុសជំនួសប្អូនប្រុសរបស់គាត់ ពីព្រោះប្អូនគាត់នៅក្មេង មិនសូវយល់ដឹងច្រើន។ ប៉ុន្តែ ខ្មែរក្រហមមិនយល់ព្រមទេ។ ខ្មែរក្រហមបានឆ្លើយតបវិញថា «អ្នកណាធ្វើ អ្នកហ្នឹងត្រូវទទួលទោស»។ នៅក្នុងក្រុមជំនុំជម្រះទោសប្អូនប្រុសរបស់ លត្តាវណ្ណ មាន ប្រធានយុវជនបីនាក់ និងប្រធានយុវនារីម្នាក់។ នៅក្នុងចំណោមយុវជនទាំងបីនាក់មានយុវជនម្នាក់ឈ្មោះ យី។ បន្ទាប់ពីអង្វរកមិនបានសម្រេច លត្តាវណ្ណ បានត្រឡប់មកកងវិញ។ ក្រោយមក មិត្ត យី បានប្រាប់ថា ប្រសិនបើ លត្តាវណ្ណ ព្រមស្រឡាញ់គាត់ នោះគាត់នឹងជួយឲ្យប្អូនប្រុសរបស់គាត់រួចទុក្ខទោស។ លត្តាវណ្ណ បានឆ្លើយប្រាប់ថា ចាំគាត់គិតមើលសិន។ បន្ទាប់មក លត្តាវណ្ណ បានប្រាប់រឿងនេះទៅមិត្តជិតដិតម្នាក់ ឈ្មោះ នី។ នី បានណែនាំ លត្តាវណ្ណ ឲ្យរាយការណ៍ប្រាប់មិត្តនារី និងមិត្តយុវជនពីរនាក់ផ្សេងទៀតឲ្យបានដឹង។ បន្ទាប់ពីបានដឹងអំពីហេតុការណ៍ មិត្តនារី និងមិត្តយុវជនបានប្រាប់ លត្តាវណ្ណ ថា នឹងតាមដានសកម្មភាពរបស់មិត្ត យី។ លត្តាវណ្ណ បានបញ្ជាក់ថា មូលហេតុដែលគាត់រាយការណ៍ប្រាប់ប្រធានយុវជន និងយុវនារី ពីព្រោះគាត់មិនមានចេតនាផ្សំគំនិតជាមួយមិត្ត យី នោះទេ។ ថ្ងៃមួយនាខែភ្លឺ លត្តាវណ្ណ ត្រូវបានចាត់តាំងឲ្យធ្វើជាចុងភៅ។ មិត្ត យី បានមកហៅគាត់ចេញទៅតាំងពីម៉ោងបីទៀបភ្លឺ។ មុននឹងចេញទៅ នី បានផ្តាំ លត្តាវណ្ណ ឲ្យប្រយ័ត្នខ្លួន។ លត្តាវណ្ណ ក៏តបទៅ នី កុំឲ្យបារម្ភអំពីគាត់។ បន្ទាប់មក លត្តាវណ្ណ បានដើរទៅប្រាប់ប្រធាននារីឲ្យជួយគាត់ ប្រសិនបើមានហេតុការណ៍ចៃដន្យណាមួយកើតឡើង។ មិត្តយី បានឲ្យ លត្តាវណ្ណ ទៅដងទឹកនៅស្រះទឹកមួយខាងក្រោយវត្តពាមមេត្រី។ ប្រធាននារីបានដើរតាមពីក្រោយ ហើយបានស្រែកហៅ លត្តាវណ្ណ នៅពេលដែលមិត្ត យី បម្រុងនឹងធ្វើសកម្មភាពចាប់គាត់។
នៅចុងឆ្នាំ១៩៧៧ បន្ទាប់ពី លត្តាវណ្ណ បានរាយការណ៍អំពីមិត្ត យី ដែលមានបំណងមិនល្អមកលើរូបគាត់ នីរសាខ្មែរក្រហមដែលប្រដាប់ដោយកាំភ្លើងនៅនឹងដៃបានមកហៅ គាត់ទៅប្រជុំសារជាថ្មី អំពីរឿងសីលធម៌។ ប្រធានសហករណ៍ តាបូរ និងប្រជាជននៅក្នុង សហករណ៍គ្រាន់តែស្តាប់ឮភ្លាម បានខ្សឹបប្រាប់ លត្តាវណ្ណ ឲ្យប្រយ័ត្នខ្លួន។ នៅពេលដើរតាមផ្លូវពីការដ្ឋានទៅកន្លែងប្រជុំ ប្រជាជនដែលកំពុងកាប់ដីនាំគ្នាឈប់ ហើយសម្លឹងមើលគាត់គ្រប់ៗគ្នា។ ប្រជាជនទាំងអស់នោះគិតថា គាត់ប្រហែលជាមិនអាចរស់នោះទេ។ នៅក្នុងរបបខ្មែរក្រហម ប្រសិនបើប្រជាជនណាម្នាក់ត្រូវបានខ្មែរក្រហមហៅចេញទៅ ពេលកំពុងធ្វើការ ជននោះច្រើនតែត្រូវបានខ្មែរក្រហមសម្លាប់។ នៅកន្លែងប្រជុំ ខ្មែរក្រហមបានបញ្ជាឲ្យ លត្តាវណ្ណ និងមិត្ត យី និយាយម្នាក់ម្តងអំពីរឿងរ៉ាវដែលបានកើតឡើង។ មិត្តយី ចាប់ផ្តើមនិយាយមុន បន្ទាប់មកដល់វេនគាត់។ មិត្តយី បានព្យាយាមឆ្លើយបដិសេធនៅពេលដែល លត្តាវណ្ណ លើកឡើងនូវព្រឹត្តិការណ៍កន្លងមក។ ប៉ុន្តែ មិត្តយី ត្រូវបានខ្មែរក្រហមហាមនិយាយកាត់សម្តីរបស់គាត់។ បន្ទាប់ពីប្រជុំចប់ លត្តាវណ្ណ ត្រូវបានខ្មែរក្រហមបញ្ជូនត្រឡប់ទៅសហករណ៍វិញ រីឯមិត្តយី ត្រូវបានខ្មែរក្រហមចាប់ដាក់មន្ទីរឃុំឃាំងនៅខេត្តកំពង់ធំ។ លត្តាវណ្ណ មិនបានចាំថា មន្ទីរឃុំឃាំងនោះឈ្មោះអ្វីនោះទេ។ ពេលវេលាកន្លងផុតទៅមិនបានប៉ុន្មានផង មិត្តយី ត្រូវបានខ្មែរក្រហមដោះលែង ហើយបានទៅរកអ្នកគ្រូនៅការដ្ឋានម្តុំមាត់ស្ទឹងសែននៅម៉ោងសម្រាកហូបបាយថ្ងៃត្រង់។ លត្តាវណ្ណ មិនបានជួបមិត្តយីនោះទេ ដោយសារតែគាត់ទៅយឺត។ ក្រោយមក ប្រធានសហករណ៍ឈ្មោះ តាបូរ បានចាត់នីរសាឲ្យទៅហៅ លត្តាវណ្ណ។ នៅតាមផ្លូវ លត្តាវណ្ណ បានជួបជាមួយមិត្តនារីម្នាក់ឈ្មោះ សុខេង ដែលត្រូវជាប្អូនជីដូនមួយរបស់ មិត្តយី។ សុខេង បានប្រាប់ លត្តាវណ្ណ ថា ខ្មែរក្រហមមានបំណងរៀបការ លត្តាវណ្ណ ជាមួយនឹង មិត្តយី។ ប្រសិនបើ លត្តាវណ្ណ មិនស្រឡាញ់ មិត្តយី ទេសុំឲ្យ លត្តាវណ្ណ ជម្រាបប្រាប់ប្រធានសហករណ៍ថា ខ្ញុំ (មិត្តនារី សុខេង) សុខចិត្តរៀបការជាមួយ មិត្តយី ព្រោះខ្ញុំលួចស្រឡាញ់ មិត្តយី។ នៅពេលដែល លត្តាវណ្ណ ទៅដល់កន្លែងប្រជុំ ខ្មែរក្រហមបានសួរគាត់ថា តើគាត់យល់ព្រមរៀបការជាមួយ មិត្តយី ដែរឬទេ? លត្តាវណ្ណ បានឆ្លើយបដិសេធ ព្រមទាំងបានប្រាប់ប្រធានសហករណ៍ថា គាត់ជាប្រជាជនថ្មី មិនទាន់យល់ច្បាស់អំពីមាគ៌ា និងមិនទាន់បានបម្រើបដិវត្តន៍ឲ្យអស់ពីចិត្តថ្លើមនៅឡើយនោះទេ។ បើអង្គការចាត់តាំងឲ្យគាត់រៀបការមានកូនចៅ កម្លាំងស្រួចនឹងត្រូវថយ ហេតុដូច្នេះគាត់ស្នើសុំបន្តធ្វើការបម្រើបដិវត្តន៍មួយរយៈសិន។ មិនតែប៉ុណ្ណោះ លត្តាវណ្ណ បានជម្រាបប្រាប់ តាបូរ ថា ប្រសិនបើអង្គការចង់ចាត់ចែងឲ្យ មិត្តយី មានគូស្រករ មិត្តនារី សុខេង ស្នើសុំរៀបការជំនួស។ ប៉ុន្តែ មិត្តយី បានប្រកែកមិនព្រមទទួលយកមិត្តនារី សុខេង ធ្វើជាភរិយាទេ។ លត្តាវណ្ណ បានរំលឹកថា មូលហេតុដែលគាត់ហ៊ានតស៊ូបញ្ចេញមតិយោបល់ ដោយសារតែគាត់បានយល់ដឹង និងសិក្សាស្វែងយល់អំពីគោលគំនិតរបស់ខ្មែរក្រហម។ ជាលទ្ធផល គាត់អាចរក្សាជីវិតរស់ តាមរយៈការលើកសរសើរអំពីគោលការណ៍បដិវត្តន៍របស់ខ្មែរក្រហម។
គណៈស្រុកចាស់ត្រូវបានចាប់ខ្លួន គណៈស្រុកថ្មីឡើងមកជំនួស
ក្រោយមក ខ្មែរក្រហមបានបញ្ជូន លត្តាវណ្ណ ឲ្យទៅធ្វើការនៅក្នុងកងចល័តស្រុក នៅការដ្ឋានក្បែរស្ទឹងមួយជិតភ្នំសន្ទុក។ ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនរែកដីលុបស្ទឹង ដោយបានបែងចែកជាក្រុមតូចៗ ដែលមួយក្រុមមានគ្នាចំនួនបីនាក់ ពោលគឺធ្វើយ៉ាងណា សម្រេចឲ្យបានបីម៉ែត្រគូបក្នុងមួយថ្ងៃតាមផែនការ។ នៅទីនោះ គណៈស្រុកឈ្មោះ តាហឿន ដែលជាអតីតសាស្រ្តាចារ្យវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចលនាតស៊ូរបស់ខ្មែរក្រហមនៅក្នុងព្រៃតាំងពីឆ្នាំ១៩៦៨ ជាអ្នកគ្រប់គ្រងនៅទីនោះ។ តាហឿន បានចាត់ចែងឲ្យក្រុមចុងភៅរៀបចំបាយដាក់លើធ្នើរផុតពីដី ព្រមទាំងឲ្យគ្របក្រណាត់ពីលើ។ តាហឿន ជាមនុស្សល្អ និងយកចិត្តទុកដាក់ដល់ប្រជាជន។ គាត់ធ្លាប់ប្រជុំប្រាប់ប្រជាជនថា «យើងជាអ្នកធ្វើអញ្ចឹងយើងក៏ជាអ្នកហូប។ មិនមែនគោខំប្រឹងអូសនង្គ័ល សេះជាអ្នកស៊ីនោះទេ»។ មិនយូរប៉ុន្មាន តាហឿន បានបាត់ខ្លួន។ អ្នកគ្រូបានឮប្រជាជនខ្សឹបខ្សៀវតៗគ្នាថា តាហឿន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ជាមួយប្រធានសង្កាត់នារីម្នាក់ទៀត ឈ្មោះ លី។ ប្រជាជនមានសេចក្តីសង្វែគអាណិត តាហឿន និងមិត្តនារី លី ជាពន់ពេក ដោយសារតែអ្នកទាំងពីរមានសន្តានចិត្តល្អ។ ប៉ុន្តែ ខ្មែរក្រហមបែរជាយល់ឃើញថា តាហឿន កំពុងកសាងទ័ពស្រួច ដែលអាចនឹងប្រឆាំងបដិវត្តន៍របស់ខ្មែរក្រហមនៅថ្ងៃអនាគត។ គណៈស្រុកថ្មីឈ្មោះ តាឌី ដែលមកពីខេត្តតាកែវ បានចូលមកគ្រប់គ្រងប្រជាជនជំនួស តាហឿន។ តាឌី បានប្រជុំប្រាប់ប្រជាជនថា ចាប់ពីពេលនោះតទៅ អង្គការបានប្តូរទិសមិនឲ្យមានប្រជាជនចាស់ឬប្រជាជនថ្មីនោះទេ ដូច្នេះប្រជាជនត្រូវតែចេះស្រឡាញ់គ្នា។ ផ្ទុយពីសម្តីនោះ តាឌី គឺជាមនុស្សផ្តាច់ការម្នាក់។ ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខឪពុកម្តាយ ឬសាច់ញាតិដែលឈឺសម្រាកនៅពេទ្យនោះទេ។
ការប៉ុនប៉ងធ្វើអត្តឃាត
បន្ទាប់ពីធ្វើការនៅក្បែរភ្នំសន្ទុកបានមួយរយៈមក លត្តាវណ្ណ ត្រូវបានផ្លាស់ទៅធ្វើការនៅភូមិអូរក្រូច ខេត្តកំពង់ធំ នៅតាមផ្លូវបំបែកទៅស្រុកសណ្តាន់។ ប្រជាជននៅទីនោះបានហាម លត្តាវណ្ណ កុំឲ្យងូតទឹកនៅព្រៃក្បែរនោះ ព្រោះជាតំបន់ចាញ់។ ប៉ុន្តែ លត្តាវណ្ណ បានលួចទៅងូតទឹកនៅទីនោះតែម្នាក់ឯងនៅពេលសម្រាកបរិភោគអាហារថ្ងៃត្រង់។ លត្តាវណ្ណ មានបំណងចង់ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារតែគាត់ធុញថប់នឹងជីវិតរស់នៅក្នុងរបបខ្មែរក្រហម។ លត្តាវណ្ណ បានចុះមុជទឹក និងក្បង់ទឹកនោះមកផឹកថែមទៀត។ លត្តាវណ្ណ បានរំលឹកថា នឹងចាញ់ស្លាប់ដូចពាក្យប្រជាជនក្នុងភូមិដំណាល ប៉ុន្តែគាត់មិនបានកើតជំងឺគ្រុនចាញ់នោះទេ។ មិនយូរប៉ុន្មាន ស្នូរកាំភ្លើងបានបន្លឺឡើងកាន់តែញឹកញាប់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ លត្តាវណ្ណ បានឮពាក្យចចាមអារ៉ាមថា កងទ័ពរំដោះបានចូលមកដល់ហើយ។ នៅពេលដែល លត្តាវណ្ណ បានឮដំណឹងនេះ គាត់មិនហ៊ាននិយាយស្តីអ្វីទេ ប៉ុន្តែគាត់បានលួចអរសប្បាយនៅក្នុងចិត្ត ដោយសង្ឃឹមថារួចផុតពីរបបខ្មែរក្រហម។
ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ និងការងារសិល្បៈ
នៅពេលដែលកងទ័ពរំដោះបានចូលមកដល់ ប្រជាជនមួយចំនួនបានបបួលឪពុករបស់ លត្តាវណ្ណ រត់ទៅប្រទេសថៃ។ ប៉ុន្តែ ក្រុមគ្រួសាររបស់ លត្តាវណ្ណ បានធ្វើដំណើរត្រឡប់ទៅស្រុកកោះសូទិន្ទ ខេត្តកំពង់ចាមវិញ ដោយសារតែឪពុកម្តាយគាត់ឮថា ប្រជាជនដែលរត់ទៅព្រំដែនថៃជាច្រើនបានស្លាប់។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧៩ លត្តាវណ្ណ សម្រេចចិត្តធ្វើដំណើរទៅទីក្រុងភ្នំពេញ បន្ទាប់ពីគាត់បានឮដំណឹងថា រដ្ឋជ្រើសរើសសិល្បៈករដើម្បីចូលបម្រើការនៅក្នុងក្រសួងវប្បធម៌។ លត្តាវណ្ណ បានចូលបម្រើការងារផ្នែករបាំប្រពៃណី។ ពេលនោះ សិល្បៈករពុំទាន់ទទួលបានប្រាក់បៀវត្សរ៍ទេ ប៉ុន្តែក្រសួងបានបើកជាអង្ករ និងសម្ភារផ្សេងសម្រាប់ប្រើប្រាស់ប្រចាំខែ។ ក្រោយមក លត្តាវណ្ណ ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែប្រហែលជា៣០រៀល។ នៅខែកញ្ញា ឆ្នាំ១៩៨១ លត្តាវណ្ណ រួមជាមួយសិល្បៈករប្រហែល ៤០នាក់ បានចេញទៅសម្តែងរបាំនៅសហភាពសូវៀតរយៈពេលមួយអាទិត្យ និងប្រទេសអាល្លឺម៉ង់មួយអាទិត្យ។ នៅខែវិចិ្ឆកា ឆ្នាំដដែល លត្តាវណ្ណ បានចេញទៅសម្តែងសិល្បៈនៅហាវយ៉ាង ប្រទេសវៀតណាម។ ឆ្នាំ១៩៩៧ លត្តាវណ្ណ បានចេញទៅប្រទេសបារាំងសម្តែងល្ខោនស្បែកតូច និងសម្តែងល្ខោនស្បែកធំនៅឆ្នាំ២០០០។ ឆ្នាំ២០០២ លត្តាវណ្ណ បានទៅច្រៀងឲ្យក្រុមសម្តែងរបាំប្រពៃណីនៅក្នុងកម្មវិធីពាណិជ្ជកម្មអាស៊ានប្រទេសថៃ។ ឆ្នាំ២០០៨ លត្តាវណ្ណ បានដឹកនាំក្រុមសម្តែង នៅក្នុងកម្មវិធីមហោស្រពអាស៊ាននៅប្រទេសភូមា និងមហោស្រពអាស៊ាននៅប្រទេសថៃ នៅឆ្នាំ២០១៧។
អ្នកគ្រូ អ៊ុយ លត្តាវណ្ណ នៅក្នុងសម្លៀកបំពាក់ក្បិន
ទន្ទឹមនឹងការសម្តែងនៅក្រៅប្រទេស លត្តាវណ្ណ បានបង្កើតនូវស្នាដៃជាច្រើនដូចជា ដឹកនាំសម្តែងល្ខោនបាសាក់រឿង “ម៉ាក់យុងកែវ” “ឃុនឆាងឃុនផែន” “ក្រុងសុភមិត្រ” យីកេរឿង “ហង្សយន្ត” “ចាបជីបកប្បាស” និង “ទុំទាវ”។ មិនតែប៉ុណ្ណោះ លត្តាវណ្ណ បានចូលរួមដឹកនាំខ្សែភាពយន្តមួយចំនួនដូចជារឿង “ថ្ងៃលិចបំភ្លេចស្នេហ៍” “ជំនោវាសនា” “ព្រហ្មលិខិតឥតប្រណី” និង “សម្លេងស្លឹករលឹកស្នេហ៍” ជាដើម។ ជាងនេះទៅទៀត លត្តាវណ្ណ បានទទួលពានរង្វាន់សម្រាប់ស្នាដៃរឿង “ពៀររំងាប់ដោយការមិនចងពៀរ”។ លត្តាវណ្ណ បានបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តចូលបម្រើការងារផ្នែកសិល្បៈ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ដោយសារតែគាត់ស្រឡាញ់សិល្បៈ និងបានសិក្សាផ្នែកយីកេតាំងពីមុនរបបខ្មែរក្រហម។ លត្តាវណ្ណ បានរំលឹកថា កាលពីគាត់នៅតូច គាត់ចូលចិត្តគូររូបលេង។ មិនតែប៉ុណ្ណោះ កាលពីពេលដែលគាត់នៅរៀនថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យជីហែ គាត់ធ្លាប់ប្រលងបានលេខមួយប្រចាំសាលាផ្នែកចម្រៀង។ នៅឆ្នាំ២០០០ ប្តីរបស់គាត់ឈ្មោះ អោម សាមឌី ដែលជាមន្ត្រីយោធាមួយរូប បានស្លាប់បាត់បង់ជីវិត។ បច្ចុប្បន្ន លត្តាវណ្ណ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតាំងជាទីប្រឹក្សាជំនួយការអមក្រសួងនៅក្នុងនាយកដ្ឋានសិល្បៈ បន្ទាប់ពីគាត់បានចូលនិវត្តន៍។ លត្តាវណ្ណ បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម គាត់មិនខ្លាចនឹងបញ្ចេញមតិយោបល់នោះឡើយ ប្រសិនបើយើងបានយល់ដឹង និងសិក្សាស្វែងយល់អំពីគោលចិត្តគំនិតរបស់ខ្មែរក្រហម តាមរយៈការសរសើរគោលការណ៍បដិវត្តន៍របស់ខ្មែរក្រហម៕
ដោយ ៖
ម៉ែន ពិចិត្រ