កាលពីខែកក្កដាកន្លងមក អ្នកគ្រូ ស្វាយ សោម៉ា បានចូលរួមវគ្គបណ្តុះបណ្តាល សាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីអំពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ្នកគ្រូយល់ឃើញថា វគ្គបណ្តុះបណ្តាលបានផ្តល់ឳកាសដ៏កម្រមួយដល់គាត់ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមអំពីរបបខ្មែរក្រហម តាមរយៈបទបង្ហាញរបស់សាស្រ្តាចារ្យ វាគ្មិន លោកគ្រូ-អ្នកគ្រូ និងសិក្ខាកាមដទៃទៀតដែលធ្វើដំណើរមកពីខេត្តផ្សេងៗ។ សោម៉ា ជាកូនកំព្រា បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩។ ឪពុក និងបងស្រីរបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់។ ចំណែកម្តាយរបស់គាត់បានកើតពិសនៅក្នុងរបបខ្មែរក្រហម ហើយបានស្លាប់មួយឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់។ បើទោះបីជា សោម៉ា បានបាត់បង់សមាជិកនៅក្នុងក្រុមគ្រួសារអស់ក៏ដោយ ក៏គាត់នៅតែប្រឹងប្រែងពុះពារតស៊ូរៀនសូត្រ រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានក្លាយជាគ្រូមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង។ ប្តីរបស់អ្នកគ្រូឈ្មោះ វ៉ែន ប្រណី ជាអនុប្រធានមន្ទីរអប់រំខេត្តព្រៃវែង។ បច្ចុប្បន្ន សោម៉ា មានកូនស្រីពីរនាក់ ដែលកូនស្រីច្បងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងកំពុងធ្វើការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាល។ ចំណែកកូនស្រីពៅរបស់គាត់កំពុងសិក្សានៅវិទ្យាល័យ។ សោម៉ា បានបញ្ជាក់ប្រាប់ថា ទម្រាំតែគាត់ទទួលបាននូវអ្វីដែលគាត់មានសព្វថ្ងៃ គាត់បានឆ្លងឧបសគ្គទាំងនៅក្នុងរបបខ្មែរក្រហម និងក្រោយរបបខ្មែរក្រហម។
សោម៉ា បានរំឭកពីជីវិតរបស់គាត់ដូចតទៅ ៖ គាត់កើតនៅឆ្នាំ១៩៧១ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់គាត់ឈ្មោះ ស្វាយ ធុច ជាអតីតបុគ្គលិកបម្រើការនៅព្រលានយន្តហោះ។ ម្តាយរបស់គាត់ឈ្មោះ ឡុង លៀច។ គាត់ជាកូនពៅ នៅក្នុងចំណោមបងប្អូនបីនាក់។ មុនរបបខ្មែរក្រហមចូលមកដល់ បងប្រុសច្បងរបស់ សោម៉ា បានស្លាប់ដោយលង់ទឹក។ នៅពេលនោះ សោម៉ា មិនបានចូលរៀនទេ ព្រោះគាត់នៅក្មេងនៅឡើយ ម្យ៉ាងទៀតប្រទេសជាតិកំពុងកើតសង្រ្គាមស៊ីវិល។ នៅពេលដែលក្រុមកុម្មុយនីស្តខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ឪពុករបស់គាត់បានសម្រេចចិត្តធ្វើដំណើរជាមួយយាយតាសំដៅទៅខេត្តឧត្តរមានជ័យ។ នៅទីនោះ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងបុរស។ ម្តាយធ្វើការនៅក្នុងកងនារី។ បងស្រីរបស់គាត់ធ្វើការនៅក្នុងកងចល័តនារី។ ចំណែកគាត់អង្គការតម្រូវឲ្យរស់នៅក្នុងកងកុមារ ដើររើសអាចម៍គោ និងកាប់ដើមទន្រ្ទានខែត្រដើម្បីយកមកធ្វើជី។
នៅឆ្នាំ១៩៧៧ ឪពុករបស់គាត់បានកើតជំងឺគ្រុនចាញ់ បន្ទាប់ពីគាត់ទៅព្រៃកាប់បង្អោង។ មិនយូរប៉ុន្មាន ឪពុករបស់គាត់បានស្លាប់ដោយសារតែគ្មានថ្នាំសង្កូវសម្រាប់ព្យាបាល។ នារាត្រីមួយបន្ទាប់ពីឪពុករបស់គាត់ស្លាប់ គាត់បានលួចរត់ទៅជួបម្តាយនៅផ្ទះ ព្រោះនឹកម្តាយខ្លាំងពេក។ ម្តាយរបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញគាត់។ ម្តាយរបស់គាត់បានប្រាប់គាត់លាយឡំជាមួយក្តីបារម្ភថា “គាត់មិនគួររត់មកផ្ទះទេ ព្រោះខ្មែរក្រហមអាចនឹងចាប់គាត់យកទៅពិន័យ” តែសំណាងល្អខ្មែរក្រហមមិនដឹង។ បន្ទាប់មក បងស្រីរបស់គាត់បានលួចរត់ចេញពីកង នៅពេលដែលកងរបស់បងស្រីគាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅតំបន់ផ្សេង។ ខ្មែរក្រហមបានតាមរកបងស្រីរបស់គាត់ ហើយចាប់បានបងស្រីរបស់គាត់យកទៅ។ តាំងពីពេលនោះមក គាត់មិនដែលបានឃើញបងស្រីរបស់ទៀតទេ។ សោម៉ា គិតថា បងស្រីរបស់គាត់ប្រហែលជាត្រូវបានខ្មែរក្រហមយកទៅសម្លាប់ហើយ។ សេចក្តីសោកសង្រេង បានធ្វើឲ្យម្តាយរបស់គាត់ទប់ស្មារតីលែងបាន។ ម្តាយរបស់គាត់បានស្រែកយំ និងជេរប្រមាថខ្មែរក្រហមដែលបានចាប់បងស្រីរបស់ សោម៉ា។ ប៉ុន្តែ ខ្មែរក្រហមមិនបានចាប់ម្តាយរបស់គាត់យកទៅធ្វើទារុណកម្មទេពេលនោះ។ ថ្ងៃមួយនារដូវស្រូវទុំ ឆ្នាំ១៩៧៨ សោម៉ា ត្រូវបានខ្មែរក្រហមចាប់ខ្លួន បន្ទាប់ពីគាត់បានលួចបូតស្រូវដាក់នៅចង្កេះខោ។ ខ្មែរក្រហមបានចងគាត់ផ្អោបទៅនឹងដើមឈើមួយដើមដែលមានសុទ្ធតែសំបុកអង្រ្កង ដើម្បីឲ្យអង្រ្កងខាំគាត់។ លុះដល់ថ្ងៃត្រង់ ខ្មែរក្រហមបានស្រាយចំណង និងបានអនុញ្ញាតឲ្យគាត់ហូបបបរ។ នៅពេលនោះ គាត់បានសម្រេចចិត្តរត់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែម្តាយរបស់គាត់មិននៅផ្ទះទេ។ ម្តាយរបស់គាត់កំពុង ច្រូតស្រូវនៅវាលស្រែ។ ខ្មែរក្រហមបានដេញតាម ព្រមទាំងបានឡើងទៅលើផ្ទះដើម្បីស្វែងរកគាត់។ សោម៉ា បាននិយាយថា ដោយសារតែអាយុរបស់គាត់មិនទាន់អស់ នៅពេលដែលខ្មែរក្រហមបើកទ្វារ ក៏បាំងខ្លួនគាត់ដែលនៅកន្លៀតទ្វាធ្វើឲ្យខ្មែរក្រហមមើលគាត់មិនឃើញ។ ក្រោយមក ខ្មែរក្រហមក៏ត្រឡប់ទៅវិញ។ សោម៉ា បានសម្ងំនៅលើផ្ទះតែម្នាក់ឯងរហូតម្តាយរបស់គាត់ត្រឡប់មកពីស្រែ។ ម្តាយរបស់គាត់បានយំលួងលោមគាត់ ព្រមទាំងបានណែនាំគាត់កុំឲ្យលួចរបស់អង្គការទៀត។ ម្តាយរបស់គាត់ខ្លាចគាត់គេចមិនផុតពីសេចក្តីស្លាប់ ប្រសិនបើគាត់នៅតែបន្តលួច។
នៅចុងឆ្នាំ១៩៧៨ ម្តាយរបស់ សោម៉ា បានមុតបន្លាផ្ទីបណ្តាលឲ្យកើតជំងឺពិសដើរពុំរួច។ រហូតដល់ពេលដែលកងទ័ពរំដោះបានចូលមករំដោះនៅដើមឆ្នាំ១៩៧៩ ពូខាងឪពុករបស់ សោម៉ា បានជួយរុញរទេះដែលម្តាយរបស់គាត់ជិះពីខេត្តឧត្តរមានជ័យ ត្រឡប់មកស្រុកកំណើតនៅខេត្តតាកែវវិញ ដោយពេលនោះម្តាយរបស់អ្នកគាត់បានយកធាតុប្តីនៅក្នុងហោប៉ៅអាវមកជាមួយដែរ។ ជំងឺពិសរបស់ម្តាយគាត់មិនបានជាសះស្បើយឡើយ។ សោម៉ា បានបញ្ជូនម្តាយរបស់គាត់ទៅព្យាបាលជំងឺនៅអតីតមន្ទីរពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ។ សោម៉ា បានរំឭកថា នៅពេលនោះ ទីធ្លានៅខាងក្រោយពេទ្យចិនពោរពេញទៅដោយផ្នូរខ្មោច និងដើមអំពៅ។ ជាអកុសល នៅឆ្នាំ១៩៨០ ម្តាយអ្នកគ្រូបានស្លាប់បាត់បង់ជីវិត ដោយសារតែគាត់ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយទៅលើថ្នាំពេទ្យដែលមានតម្លៃថ្លៃ។ បន្ទាប់ពីម្តាយរបស់គាត់ស្លាប់ទៅ សោម៉ា បានរស់នៅជាមួយបងស្រីជីដូនមួយរបស់គាត់ឈ្មោះ ព្រំ សារី ដែលបានស្លាប់នៅឆ្នាំ២០០៨។ គាត់បានចូលរៀនថ្នាក់ទីមួយ និងបានបន្តរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ១៩៨៩។ នៅពេលដែលគាត់រៀននៅទីក្រុងភ្នំពេញ គាត់បានជួបប្រទះនូវបញ្ហាជីវភាពខ្វះខាតជារឿយៗ។ ពេលខ្លះ គាត់ចង់បោះបង់ចោលការសិក្សារបស់គាត់ ដ្បិតគាត់ពុំមានថវិកាដើម្បីទ្រទ្រង់ក្នុងការសិក្សា។ ប៉ុន្តែ សាច់ញាតិរបស់គាត់បានជួយផ្គត់ផ្គង់គាត់ រហូតដល់គាត់បានបញ្ចប់ការសិក្សាដោយជោគជ័យ។ សោម៉ា បានបន្តថា នៅក្នុងភាពជោគជ័យនោះ ប្តីរបស់គាត់ក៏បានចូលរួមចំណែកដែរ ដែលបានជួយលើកទឹកចិត្តគាត់ឲ្យខំប្រឹងប្រែង។ អនុស្សាវរីយ៍ជាច្រើនរវាងគាត់ និងប្តីរបស់គាត់បានបន្សល់ទុកមករហូតដល់សព្វថ្ងៃដែលអ្នកគ្រូមិនធ្លាប់បានបំភ្លេច។
នៅឆ្នាំ១៩៩៣ បន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យត្បូងឃ្មុំ អតីតខេត្តកំពង់ចាម។ ពីរឆ្នាំក្រោយមក គាត់បានផ្លាស់ទៅបង្រៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង បន្ទាប់ពីគាត់បានរៀបការ។ នៅឆ្នាំ២០០៥ សោម៉ា បានប្តូរទៅបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ ដល់គរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង។ ក្រៅពីបង្រៀនសិស្ស សោម៉ា ធ្លាប់បានទៅចូលរួមស្តាប់សវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមចំនួនពីរដង។ គាត់មិនសប្បាយចិត្តទេ នៅពេលដែលគាត់បានស្តាប់ឮមេដឹកនាំខ្មែរក្រហមបដិសេធការទទួលខុសត្រូវរបស់ខ្លួនចំពោះសោកនាដកម្ម ដែលបានកើតឡើង។ មិនតែប៉ុណ្ណោះ គរុសិស្សរបស់គាត់មួយចំនួនបានថ្លែងប្រាប់ថា រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមហាក់ដូចជា ឃោរឃៅដែលពិបាកនឹងជឿថាអាចកើតឡើងនៅក្នុងប្រទេសកម្ពុជា។ សោម៉ា បានសម្តែងការព្រួយបារម្ភនៅពេលដែលស្តាប់ឮសិស្សរបស់គាត់និយាយដូច្នេះ។ គាត់បានប្រាប់ថា ដោយសារតែយុវជនជំនាន់ក្រោយកើតមិនទាន់របបខ្មែរក្រហម ហេតុដូច្នេះ ភារកិច្ចមួយរបស់អ្នករស់រានមានជីវិត ត្រូវធ្វើគឺបន្តចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់កូនចៅ ដើម្បីយុវជនជំនាន់ក្រោយបានស្វែងយល់បន្ថែមនៅខាងក្រៅថ្នាក់រៀន។ ជារឿយៗ អ្នកគ្រូតែងតែដំណាលប្រាប់កូនៗរបស់គាត់ អំពីបទពិសោធន៍ដែលគាត់ធ្លាប់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម។ សោម៉ា ជឿជាក់ថា ការនិយាយ ប្រាប់អំពីរឿងរ៉ាវឃោរឃៅកាលពីអតីតកាល គឺជាមធ្យោបាយមួយក្នុងការទប់ស្កាត់អំពើឃោរឃៅ ទាំងឡាយមិនឲ្យកើតឡើងសារជាថ្មីម្តងទៀត៕
ឪពុករបស់អ្នកគ្រូ ស្វាយ សោម៉ា ឈ្មោះ ស្វាយ ធុច ថតនៅក្នុងឆ្នាំ១៩៧៣។
ដោយៈ
ម៉ែន ពិចិត្រ